ធនាគារ កាណាឌីយ៉ា កំពុងពង្រីកសាខាឆ្លាតវៃឥតឈប់ឈរ ក្រោមគម្រោងបរិវត្តកម្មឌីជីថល
ជាមួយនឹងវត្តមានជាង ៣២ឆ្នាំក្នុងវិស័យហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា ធនាគារ កាណាឌីយ៉ា បានបន្តបង្ហាញនូវស្ថិរភាពហិរញ្ញវត្ថុយ៉ាងរឹងមាំ និងរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្តែងធនាគារ កាណាឌីយ៉ា បានពង្រីក និងបើកសម្ពោធជាផ្លូវការនូវបណ្តាញសាខាឆ្លាតវៃរបស់ខ្លួនបន្ថែមទៀត ស្ថិតនៅសាខាចេនឡា សង្កាត់ផ្សារដើមគរ និងទីស្នាក់ការកណ្តាល សង្កាត់វត្តភ្នំ។
ថ្លែងក្នុងពិធីនេះ លោក Howard Lau ប្រធានមន្រ្តីព័ត៌មាននៃធនាគារ កាណាឌីយ៉ា បានលើកឡើងអំពីការខិតខំប្រឹងប្រែងយ៉ាងស្រស្រាក់ស្រស្រាំ នៃការធ្វើបរិវត្តកម្មឌីជីថលរបស់ធនាគារ។
លោកបន្តថា ការបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវសាខាឆ្លាតវៃទាំងពីរនេះ គឺមានគោលបំណងដើម្បីបម្រើសេវាកម្មហិរញ្ញវត្ថុទៅកាន់អតិថិជនរបស់យើង ដែលនៅក្បែរតំបន់សាខាចេនឡា និងសាខាស្នាក់ការកណ្តាល ដើម្បីឱ្យពួកគាត់ទទួលបាននូវបទពិសោធន៍ល្អប្រសើរជាមួយនឹងបច្ចេកវិទ្យាធនាគារថ្មីៗ។ យើងនឹងបន្តពង្រីកនូវវត្តមានសាខាឆ្លាតវៃ និងម៉ាស៊ីនស្វ័យសេវាធនាគារ ក៏ដូចជាដាក់បង្ហាញនូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗទៀត ដើម្បីឱ្យស្របជាមួយនឹងតម្រូវការអតិថិជនរបស់យើង។
ចំណែកលោក Raymond Sia នាយកប្រតិបត្តិ និងក្រុមប្រឹក្សាភិបាលនៃធនាគារ កាណាឌីយ៉ា បានមានប្រសាសន៍ថា ការបើកដំណើរការសាខាឆ្លាតវៃទាំងពីរនេះ គឺជាយុទ្ធសាស្ត្រស្របទៅនឹងការប្តេជ្ញារបស់ធនាគារ ដើម្បីពង្រីកបណ្តាញវត្តមានសាខានៅទូទាំងប្រទេសកម្ពុជា។ មូលដ្ឋានគ្រិះនៃភាពជោគជ័យរបស់ធនាគារ កាណាឌីយ៉ា គឺកើតមានឡើងដោយសារការគាំទ្រយ៉ាងកក់ក្តៅពីសំណាក់អតិថិជនរបស់យើង។
ដូចគ្នានេះដែរ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់អ្នកឧកញ៉ា គតិបណ្ឌិត ពុង ឃៀវសែ ធនាគារ កាណាឌីយ៉ាបានបន្តជាស្ថាប័នហិរញ្ញវត្ថុមួយដែលឈានមុខគេនៅកម្ពុជា និងបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍ និងភាពរីកចម្រើនៃសេដ្ឋកិច្ចកម្ពុជា។
លោកបន្ថែមថា តាងនាមឱ្យធនាគាកាណាឌីយ៉ាសូមថ្លែងអំណរគុណដល់អតិថិជន ដែលតែងតែបន្តផ្តល់ជំនឿទុកចិត្តមកលើធនាគារ និងជាដៃគូហិរញ្ញវត្ថុឆ្នើម ហើយពួកយើងសន្យាថា នឹងប្តេជ្ញានាំយកផលិតផល និងសេវាកម្មហិរញ្ញវត្ថុ ដើម្បីធ្វើឱ្យលទ្ធភាពទទួលបានសេវាកម្មធនាគារកាន់តែមានភាពងាយស្រួលសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស៕ អត្ថបទ៖ ឈឹម ទីណា