អ៊ីរ៉ង់ដាក់បង្ហាញគ្រាប់មីស៊ីលផ្លោងល្បឿនលឿនជាងសំឡេងជាលើកដំបូងរបស់ខ្លួន
តេហេរ៉ង់៖ ទីភ្នាក់ងារព័ត៌មាន IRNA ដែលជាសារព័ត៌មានរដ្ឋអ៊ីរ៉ង់ផ្លូវការបានរាយការណ៍ថា កាលពីថ្ងៃអង្គារ អ៊ីរ៉ង់បានប្រកាសដាក់បង្ហាញមីស៊ីលផ្លោងល្បឿនលឿនជាងសំឡេង ដែលជាមីស៊ីលផលិតក្នុងស្រុកដំបូងរបស់ខ្លួន។ សេចក្តីប្រកាសនេះ ទំនងជានឹងធ្វើឱ្យលោកខាងលិច បង្កើនការព្រួយបារម្ភយ៉ាងខ្លាំង អំពីសមត្ថភាពផលិតមីស៊ីលរបស់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ដដែលក៏បានចេញផ្សាយរូបភាពនៃគ្រាប់មីស៊ីលដែលមានឈ្មោះថា ហ្វាតា (Fattah) នៅក្នុងកម្មវិធីមួយដែលមានការចូលរួមដោយប្រធានាធិបតី លោក អ៊ីប្រាហ៊ីម រ៉ាហ៊ីស៊ី (Ebrahim Rahisi) និងមេបញ្ជាការកងឆ្មាំបដិវត្តន៍វរជនរបស់អ៊ីរ៉ង់ ឬហៅកាត់ថា IRGC។
លោក អាមីរ៉ាលី ហាជីហ្សាដែស (Amirali Hajizadeh) ប្រធានកងទ័ពអាកាសរបស់ឆ្មាំបដិវត្តន៍វរជនរបស់អ៊ីរ៉ង់ បានលើកឡើងថា ៖ «គ្រាប់មីស៊ីលប្រភេទ ហ្វាតា ដែលមានល្បឿនលឿនជាសំឡេងនេះ អាចបាញ់បានក្នុងរយៈចម្ងាយ ១៤០០ គីឡូម៉ែត្រ និងមានសមត្ថភាពអាចហោះជ្រៀតចូលខែលការពារមីស៊ីលទាំងអស់ទៀតផង»។
គួរដឹងដែរថា ប្រភេទមីស៊ីលល្បឿនលឿនជាងសំឡេងនេះ អាចហោះបានក្នុងល្បឿនយ៉ាងតិចលឿនជាងល្បឿនសំឡេងរហូតដល់ទៅប្រាំ ដងឯណោះ ហើយវាជាប្រភេទមីស៊ីលដែលហោះនៅក្នុងគន្លងស្មុគស្មាញ ដែលធ្វើឲ្យសត្រូវពិបាកក្នុងការបាញ់ស្ទាក់បាន។
កាលពីឆ្នាំមុន សាធារណរដ្ឋអ៊ីស្លាមមួយនេះធ្លាប់បានរំលេចថា ខ្លួនបានផលិតមីស៊ីលផ្លោងល្បឿនលឿនជាងសំឡេង ដែលអាចហោះចូលទៅក្នុង និងក្រៅប្រព័ន្ធបរិយាកាសទៀតផង។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ខាងលើបានបញ្ជាក់ថា មីស៊ីលប្រភេទ ហ្វាតា របស់អ៊ីរ៉ង់នេះ អាចបាញ់ដោយកំណត់គោលដៅទៅលើប្រព័ន្ធប្រឆាំងមីស៊ីលកម្រិតខ្ពស់របស់សត្រូវបាន ហើយនេះគឺជំហានឆ្ពោះទៅមុខមួយកម្រិតទៀតនៃវិស័យផលិតមីស៊ីលរបស់អ៊ីរ៉ង់។
ប្រភពដដែលបានបន្ថែមថា ៖ «មីស៊ីលនេះអាចហោះគេចផុតពីប្រព័ន្ធប្រឆាំងមីស៊ីលទំនើបបំផុតរបស់សហរដ្ឋអាមេរិក និងសូម្បីតែខែលការពារមីស៊ីល ដែលគេស្គាល់ថាជា Iron Dome របស់អ៊ីស្រាអែល ក៏វាអាចគេចផុតបានដែរ»។
ល្បឿនលឿនបំផុតរបស់មីស៊ីល ហ្វាតា នេះគឺអាចហោះក្នុងល្បឿន ១៥០០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ បើទោះបីជាមានការប្រឆាំងពីសំណាក់សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបក៏ដោយ ក៏សាធារណរដ្ឋអ៊ីស្លាមមួយនេះបានអះអាងថានឹងអភិវឌ្ឍកម្មវិធីប្រព័ន្ធការពារមីស៊ីលរបស់ខ្លួនបន្ថែមទៀត។ យ៉ាងណាក៏ដោយ អ្នកវិភាគយោធាលោកខាងលិចយល់ឃើញថា ពេលខ្លះ អ៊ីរ៉ង់ហាក់ដូចជានិយាយបំផ្លើសលើសពីការពិតអំពីសមត្ថភាពផលិតមីស៊ីលរបស់ខ្លួន។
ការបង្កើនការព្រួយបារម្ភអំពីសមត្ថភាពផលិតមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ បានធ្វើឱ្យគេនឹកឃើញដល់ការសម្រេចចិត្តរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីឆ្នាំ២០១៨ ដែលលោកបានលុបចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ របស់តេហេរ៉ង់ជាមួយមហាអំណាចចំនួន ៦ ប្រទេសផ្សេងទៀតនៅអឺរ៉ុប។
កាលនោះ លោក ត្រាំ បានដាក់ទណ្ឌកម្មឡើងវិញទៅលើប្រទេសអ៊ីរ៉ង់ បន្ទាប់ពីបានដកខ្លួនចេញពីកតិកាសញ្ញានុយក្លេអ៊ែរ ដែលនាំឱ្យរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ ចាប់ផ្តើមបើកដំណើរការកម្មវិធីនុយក្លេអ៊ែរឡើងវិញ និងបានធ្វើឱ្យសហរដ្ឋអាមេរិក អឺរ៉ុប និងអ៊ីស្រាអែលមានការភ័យខ្លាចថា អ៊ីរ៉ង់អាចនឹងស្វែងរកមធ្យោបាយផលិតគ្រាប់បែកបរមាណូទៀតផងប៉ុន្តែ អ៊ីរ៉ង់តែងតែបានបដិសេធជាបន្តបន្ទាប់ នូវការចោទប្រកាន់ទាំងនោះ។
រហូតមកទល់ពេលនេះ កិច្ចចរចាដោយប្រយោលរវាងទីក្រុងតេហេរ៉ង់ និងរដ្ឋបាលលោក បៃដិន ដើម្បីទាញកិច្ចព្រមព្រៀងនុយក្លេអ៊ែរត្រឡប់មកវិញ ត្រូវបានជាប់គាំង។ ដោយឡែក អ៊ីស្រាអែលបានធ្វើការព្រមានថា ខ្លួននឹងដាក់ចេញជាសកម្មភាពយោធាណាមួយ ប្រសិនបើការចរចាតាមផ្លូវការទូតបរាជ័យ។ បន្ថែមលើនេះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបានអះអាងថា អ៊ីស្រាអែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះការអភិវឌ្ឍគ្រឿងសព្វាវុធផ្សេងៗរបស់សត្រូវ៕
ប្រែសម្រួល៖ធា សុណា
ប្រភព៖ Iran presents its first hypersonic ballistic missile, state media reports