លោក ភិថា មានទំនុកចិត្តក្នុងការតស៊ូ ឈានទៅកាន់មុខដំណែងជានាយករដ្ឋមន្ត្រីថៃ
ថៃ៖ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ មេដឹកនាំគណបក្សឈានទៅមុខ (Move Forward Party) លោក ភិថា លីមចារើនរ៉ាត់ (Pita Limjaroenrat) ដែលគ្រោងនឹងក្លាយទៅជានាយករដ្ឋមន្ត្រីថៃក្នុងពេលខាងមុខនេះ បានបដិសេធចំពោះការចោទប្រកាន់ថា លោកមានជាប់ពាក់ព័ន្ធនឹងកម្មសិទ្ធិភាគហ៊ុនរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយដោយទទូចថាលោកមិនបានបំពានច្បាប់នោះទេ។ ប៉ុន្តែ ដៃគូប្រជែងនយោបាយរបស់លោក បានព្យាយាមរារាំងលោកពីការចូលកាន់មុខងារកំពូលមួយនេះ តាមរយៈការដាក់ពាក្យបណ្ដឹងទៅកាន់គណៈកម្មការរៀបចំការបោះឆ្នោត ដោយចោទប្រកាន់ពីបទកាន់កាប់ភាគហ៊ុនក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ។
គួរដឹងដែរថា ដោយមានការគាំទ្រពីយុវជនជំនាន់ក្រោយយ៉ាងច្រើនទៅលើគោលនយោបាយរបស់គណបក្សឈានទៅមុខ លោក ភិថា បានឈ្នះការបោះឆ្នោតដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីខែមុន ដោយលោកទទួលបានសំឡេងគាំទ្ររហូតដល់ទៅ ១៥២ អាសនៈ។ លទ្ធផលនៃការបោះឆ្នោតលើកនេះផងដែរ បានបង្ហាញថា ប្រជាជនថៃភាគច្រើនពិតជាមិនគាំទ្ររបបគ្រប់គ្រងដោយពួកអភិរក្សនិយម គាំទ្រដោយយោធាអស់រយៈពេលប្រាំបួនឆ្នាំមកនេះនោះទេ។
អ្នកនយោបាយដែលជាគូប្រជែងលោក ភិថា មួយចំនួន បានដាក់ញត្តិទៅគណៈកម្មាធិការរៀបចំការបោះឆ្នោត ដោយចោទប្រកាន់ថា លោក ភិថា កំពុងកាន់កាប់ភាគហ៊ុនចំនួន ៤២ ០០០ ហ៊ុន នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយប៉ុស្ដិ៍ទូរទស្សន៍មួយឈ្មោះថា ITV Public Company ដែលបានបើកដំណើរការនៅពីឆ្នាំ១៩៩៨ ប៉ុន្តែវាត្រូវបានបិទ លែងមានសកម្មភាពបន្តចាប់តាំងពីឆ្នាំ២០០៧ មកម៉្លេះ។
គួរបញ្ជាក់ថា យោងតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសថៃ បេក្ខជនឈរឈ្មោះបោះឆ្នោតត្រូវបានហាមឃាត់ដាច់ខាត មិនឱ្យកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយនោះទេ។ យ៉ាងណាក៏ដោយ លោក ភិថា បានអះអាងថាការដែល អាយធីវី (ITV) គ្មានសកម្មភាពផ្សព្វផ្សាយអ្វីទាំងអស់ នោះមានន័យថា វាមិនអាចចាត់ទុកថាជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយបាននោះទេ។
កាលពីថ្ងៃអង្គារ លោកបានប្រាប់អ្នកសារព័ត៌មានថា ៖ «វាគឺជាការប៉ុនប៉ងដើម្បីឱ្យខ្ញុំចាកចេញពីវិស័យនយោបាយ»។ លោកបានបន្ថែមថា កាលពីខែមុន លោកបានផ្ទេរភាគហ៊ុនទាំងអស់នោះ ទៅឱ្យសាច់ញាតិអស់ហើយ។ លោកបានលើកឡើងអំពីគុណសម្បត្តិរបស់បេក្ខជនឈរឈ្មោះបោះឆ្នោតថា «ខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំងថា ខ្ញុំពិតជាស័ក្ដិសមក្នុងការឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី»។
មេដឹកនាំគណបក្សវ័យ ៤២ ឆ្នាំរូបនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ភាគហ៊ុនទាំងនោះជាកម្មសិទ្ធិរបស់ឪពុករបស់លោកដែលបានស្លាប់ និងបន្សល់ទុកឱ្យ ហើយលោកក៏បានរាយការណ៍ពីបញ្ហាទាំងអស់នេះទៅកាន់ភ្នាក់ងារប្រឆាំងអំពើពុករលួយរួចស្រេចហើយ។ ដោយឡែក ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតបានប្រកាសកាលពីពេលថ្មីៗនេះថា ពួកគេកំពុងពិនិត្យមើលពាក្យបណ្តឹង និងប្រមូលភស្តុតាងបន្ថែម។ គណៈកម្មការមានជម្រើសពីរ នោះគឺទីមួយ ច្រានចោលពាក្យបណ្តឹង និងទីពីរ បញ្ជូនពាក្យបណ្ដឹងទៅតុលាការធម្មនុញ្ញដើម្បីវិនិច្ឆ័យបន្ថែម។
គួររំឭកថា រៀមច្បងដែលជាមេដឹកនាំអតីតគណបក្សអនាគតថ្មី (Future Forward Party) លោក ថាណាថន (Thanathorn) ដែលត្រូវបានដកហូតសិទ្ធិធ្វើនយោបាយរយៈពេល ១០ ឆ្នាំ ក៏ធ្លាប់បានជួបនឹងបញ្ហាស្រដៀងគ្នានេះដែរ ពោលគឺមានការចោទប្រកាន់ថា លោកបានកាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងក្រោយមកទៀត គណបក្សនេះត្រូវបានរំសាយដោយសារមូលហេតុ រំលោភបំពានមូលនិធិយុទ្ធនាការ។
បញ្ហានេះបានសបញ្ជាក់ឱ្យឃើញថា លោក ភិថា ត្រូវប្រឈមមុខនឹងបញ្ហាប្រឈមសំខាន់ៗ មុននឹងលោកអាចឈានទៅបំពេញតាមពាក្យសន្យាដែលថានឹងធ្វើកំណែទម្រង់សង្គមជាច្រើនចំណុច។ លោកនឹងត្រូវមានជម្លោះជាមួយពួកយោធា រាជានិយម និងឥស្សរជនជំនួញដ៏មានឥទ្ធិពលនៅប្រទេសថៃ។
ដើម្បីអាចបង្កើតរដ្ឋាភិបាលចម្រុះបាន លោក ភិថា បានបង្កើតសម្ព័ន្ធភាពជាមួយគណបក្សចំនួន ៧ ប៉ុន្តែលោកត្រូវប្រឈមនឹងឧបសគ្គមួយចំនួនទៀត នោះគឺការដែលមិនអាចទទួលបានការគាំទ្រពីសមាជិកព្រឹទ្ធសភាដែលមាននិន្នាការអភិរក្សនិយម។ ជាក់ស្ដែង លោក ភិថា ត្រូវការសំឡេងគាំទ្រពីសមាជិកព្រឹទ្ធសភានៅក្នុងការបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រី ដែលត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅក្នុងខែសីហា ខាងមុខនេះ៕
ប្រែសម្រួល៖ធា សុណា
ប្រភព៖ Thailand’s Pita confident of surviving move to thwart his PM bid