ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ លទ្ធផលជោគជ័យនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺជាសក្ខីភាពនៃការគាំទ្រគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានបញ្ជាក់ថា ក្រៅពីការបង្ហាញឱ្យឃើញអំពីការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យតាមរយៈការប្រើប្រាស់សិទ្ធិលើសន្លឹកឆ្នោត, លទ្ធផលជោគជ័យនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅ គឺជាសក្ខីភាពនៃការគាំទ្រគណបក្សប្រជាជនកម្ពុជា និងការផ្តល់នូវទំនុកចិត្តជូនគណបក្សប្រជាជនកម្ពុជាក្នុងការបន្តបម្រើ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីប្រកាសសមាសភាព និងសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា គណបក្សប្រជាជនកម្ពុជា មានកំណើតក្នុងឆ្នាំ១៩៥១ ហើយក្នុងរយៈកាលកន្លងមកនេះ មានការផ្លាស់ប្តូរគោលនយោបាយ និងការធ្វើការកែទម្រង់ជាបន្តបន្ទាប់ ប៉ុន្តែមិនមានការផ្លាស់ប្តូរបុព្វហេតុនោះទេ គឺក្នុងគ្រប់កាលៈទេសៈទាំងអស់តែងបានខិតខំបម្រើផលប្រយោជន៍ជាតិ និងប្រជាជនឱ្យបានកាន់តែល្អប្រសើរ។ អង្គការចាត់តាំងយុវជនបក្ស ក៏ដូចជាគ្រប់សមាជិក-សមាជិកាបក្សទាំងអស់ គឺជាកម្លាំងចូលរួមអនុវត្តកម្មវិធីនយោបាយរបស់គណបក្សឱ្យសម្រេចបានតាមផែនការ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាការពារសមិទ្ធផលដែលកំពុងមានបច្ចុប្បន្ន ហើយបន្តខិតខំជំរុញអភិវឌ្ឍបន្ថែមទៀត តាមផែនការដែលបានគ្រោងទុកក្នុងការប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយយកកិច្ចការពារសន្តិភាពជាគោល ដើម្បីថែរក្សាឱកាសនៃការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា យុវជនជំនាន់បច្ចុប្បន្ន មានកិច្ចការសំខាន់៣ ដែលត្រូវបំពេញ គឺ៖ ទី១.ត្រូវថែរក្សាឱ្យបាននូវរាល់សមិទ្ធផលដែលយុវជនជំនាន់រៀមច្បងបានកសាងឡើង ទី២.ត្រូវខិតខំពង្រីកសមិទ្ធផលវិជ្ជមានបន្ថែមទៀត សម្រាប់បន្សល់ទុកដល់យុវជនបន្តវេនជំនាន់ក្រោយ និងទី៣.ត្រូវធ្វើយ៉ាងណាឱ្យយុវជនបច្ចុប្បន្ន និងជំនាន់ក្រោយអាចបន្តស្មារតី វីរភាព និងបេសកកម្មរបស់យុវជនជំនាន់មុន ក្នុងនាមជាសមាជិកគណបក្សប្រជាជនកម្ពុជាជានិច្ចនិរន្តរ៍។ មួយវិញទៀត អ្វីដែលសំខាន់ផងដែរនោះ គឺសកម្មជនយុវជនបក្ស ត្រូវប្រព្រឹត្តខ្លួនជាយុវជនគំរូ និងពលរដ្ឋគំរូ តាមរយៈអំពើល្អ និងការប្រកាន់ខ្ជាប់នូវសីលធម៌-គុណធម៌ និងវប្បធម៌ចែករំលែកជួយគ្នាទៅវិញទៅមក ដើម្បីទទួលបាននូវបេះដូងគាំទ្រពីសំណាក់ប្រជាពលរដ្ឋដែលជាអង្គបោះឆ្នោត៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត

ads banner