ណាតូ៖ រុស្ស៊ីមិនអាចរារាំងអ៊ុយក្រែន ពីការក្លាយជាសមាជិករបស់ណាតូបានទេ
ណាតូ៖ អគ្គលេខាធិការរបស់អង្គការណាតូ លោក ជេនស៍ ស្តូលធេនប៊ឺគ (Jens Stoltenberg) បានថ្លែងកាលពីថ្ងៃទី៦ ខែមិថុនាថា រុស្ស៊ីមិនអាចរារាំងប្រទេសអ៊ុយក្រែនពីការក្លាយជាសមាជិករបស់សម្ព័ន្ធភាពយោធាលោកខាងលិចនេះបានទេ។
លោកបានថ្លែងយ៉ាងដូច្នេះថា ៖ «សម្ព័ន្ធមិត្តទាំងអស់យល់ស្របថា ទ្វាររបស់អង្គការណាតូនៅតែបើកចំហ ហើយអ៊ុយក្រែននឹងក្លាយជាសមាជិកនៃសម្ព័ន្ធភាពនេះ។ រុស្ស៊ីគ្មានសិទ្ធិវេតូ(ប្រឆាំង)ទេ»។ នេះបើតាមការស្រង់សម្ដីរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។
លោក ស្តូលធេនប៊ឺគ ថ្លែងបែបនេះ ក្នុងកិច្ចពិភាក្សានៅរដ្ឋធានីប្រាទីស្លាវ៉ា នៃប្រទេសស្លូវ៉ាគី ជាមួយមេដឹកនាំនៃក្រុមប្រទេសណាតូភាគខាងកើតទាំង៩ ដែលគេឱ្យឈ្មោះថា Bucharest Nine។
កិច្ចពិភាក្សាទីក្រុងប្រាទីស្លាវ៉ានេះពេលនេះ ធ្វើឡើងនៅមុនកិច្ចប្រជុំកំពូលអង្គការណាតូ ដែលនឹងរៀបចំឡើងនៅខែក្រោយក្នុងទីក្រុងវីនុសនៃប្រទេសលីទុយអានីដោយនឹងមាន ៖ «ការសម្រេចចិត្តយ៉ាងសំខាន់» នាពេលនោះ។
លោក ស្តូលធេនប៊ឺគ បានថ្លែងកាលពីថ្ងៃអង្គារទៀតថា ៖ «យើងនឹងពង្រឹងការគាំទ្ររបស់យើងសម្រាប់អ៊ុយក្រែនជាមួយនឹងកញ្ចប់ជំនួយជាច្រើនឆ្នាំ ដើម្បីជួយពួកគេឱ្យផ្លាស់ចេញពីសម័យសូវៀតឆ្ពោះទៅកាន់ស្តង់ដារណាតូ ហើយជួយអ៊ុយក្រែនឱ្យកាន់តែស្និទ្ធជាមួយអង្គការ»។
ជាមួយគ្នានេះ លោក ស្តូលធេនប៊ឺគ បានគូសបញ្ជាក់ផងដែរថា លោកកំពុងធ្វើការយ៉ាងដុតដៃដុតជើង ដើម្បីធានាថា ស៊ុយអែតនឹងក្លាយជាសមាជិកពេញលេញរបស់អង្គការណាតូ នាពេលឆាប់ៗនេះ។
គួរបញ្ជាក់ថា ស៊ុយអែត និងហ្វាំងឡង់ បានទម្លាក់ចោលគោលនយោបាយមិនចូលបក្សសម្ព័ន្ធរបស់ខ្លួន បន្ទាប់ពីរុស្ស៊ីបើកការឈ្លានពានអ៊ុយក្រែនទ្រង់ទ្រាយធំកាលពីខែកុម្ភៈឆ្នាំមុន ហើយស្វែងរកសមាជិកភាពរបស់ណាតូ ដោយសារព្រួយបារម្ភពីការគំរាមកំហែងសន្តិសុខជាតិ។
សូមរម្លឹកថា ហ្វាំងឡង់បានក្លាយជាសមាជិកណាតូកាលពីខែមេសាកន្លងទៅ ប៉ុន្តែស៊ុយអែត នៅជាប់គាំងដោយសារតែរារាំងរបស់តួកគី៕ ប្រែសម្រួល៖ ហួន ឌីណា