ក្រសួងការងារ ឱ្យរោងចក្រ សហគ្រាសទាំងអស់ អនុញ្ញាតឱ្យកម្មករ និយោជិត ជាជនមានពិការភាពបានចេញមុនម៉ោងការងាររបស់ខ្លួនយ៉ាងតិច ១៥ នាទី
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម អ៊ិត សំហេង បានជូនដំណឹងដល់ ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ត្រូវអនុញ្ញាតឱ្យកម្មករនិយោជិតជាជនមានពិការភាព បានចេញមុនម៉ោងការងាររបស់ខ្លួនយ៉ាងតិច១៥ នាទី ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការចេញពីធ្វើការ និងគាំពារសុខុមាលភាពរបស់ពួកគេ។
តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣បញ្ជាក់ថា យោងអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានិងច្បាប់ស្តីពីការងារពាក់ព័ន្ធនឹងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវអនុញ្ញាតឱ្យកម្មករនិយោជិតជាជនមានពិការភាព បានចេញមុនម៉ោងការងាររបស់ខ្លួនយ៉ាងតិច ១៥ នាទី។ការអនុញ្ញាតចេញមុនម៉ោងនេះ គឺដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការចេញពីធ្វើការ និងគាំពារសុខុមាលភាពរបស់ពួកគាត់ ហើយទន្ទឹមនឹងការផ្ដល់នេះ ម្ចាស់រោងចក្រ សហគ្រាស ត្រូវរក្សាប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារដល់ពួកគាត់ជាជនមានពិការភាពដែលទទួលបានសិទ្ធិអនុញ្ញាតឱ្យចេញមុនម៉ោងការងារនេះ»។
ពាក់ព័ន្ធនឹងការលើកឡើងរបស់ក្រសួងការងារនេះលោកស្រី ម៉ាក់ មូនីកា នាយិកាប្រតិបត្តិអង្គការជនពិការកម្ពុជាកាលពីថ្ងៃទី៦ ខែមិថុនាបានបង្ហាញការស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងនូវការអនុញ្ញាត ឱ្យជនមានពិការភាពអាចចេញមុនម៉ោងការងារនេះ។
លោកស្រីថា ការតម្រូវឱ្យពួកគាត់បានចេញមុនម៉ោងការងារ ១៥នាទីនេះគឺជាការជួយមួយផ្នែករបស់ពួកគាត់ ដោយសារនៅពេលដែលចេញដំណាលគ្នាជាមួយនឹងអ្នកដែលមិនមានពិការភាព ក្នុងហ្វូងមនុស្សច្រើន នោះនឹងធ្វើឱ្យមានការលំបាកសម្រាប់ពួកគាត់ដែលជាជនពិការ។
លោកស្រី ម៉ាក់ មូនីកា បានប្រាប់ថា ៖ «បើសិនជាអាចខ្ញុំចង់ឱ្យជនមានពិការភាព ចេញពីធ្វើការ ឱ្យបានមុនកន្លះម៉ោង គឺរិតតែល្អប្រសើរថែមទៀត ព្រោះយើងដឹងស្រាប់ហើយថា ជនមានពិការភាព មិនអាចមានកម្លាំង ឬការធ្វើដំណើរលឿនដូចអ្នកដែលមិនមានពិការភាពនោះទេ»។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌសម្លៀកបំពាក់ស្បែកជើង និងផលិតផល ធ្វើដំណើរ (TAFTAC) មិនអាចទាក់ទងសុំការអធិប្បាយបានទេ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣។
ជាមួយគ្នានេះ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានស្វាគមន៍ចំពោះការអនុញ្ញាតឱ្យជនមានពិការភាពអាចចេញពីកន្លែងការងារ នៅតាមរោងចក្រ សហគ្រាស មុនម៉ោងនេះ ដែលអាចបង្កឱ្យមានភាពងាយស្រួល និងជារឿងល្អបំផុតសម្រាប់ពួកគាត់។
លោកបានបន្តថា មិនត្រឹមតែប៉ុណ្ណោះទេ បើអនុញ្ញាតឱ្យស្ត្រីមានផ្ទៃពោះ ចេញមុនម៉ោងដូចគ្នានេះដែរ គឺរិតតែល្អថែមទៀត។
លោក អាត់ ធន់ បានលើកឡើងថា ៖ «ទោះជាយ៉ាងណា កម្មករនិយោជិត មានពិការភាពធ្ងន់ធ្ងរ ដែលធ្វើការនៅក្នុងរោងចក្រ សហគ្រាកាត់ដេរ និងដេរស្បែកជើងជាដើម មិនសូវជាមានជនមានពិការភាព ច្រើននោះទេ ក្នុងវិស័យការងារនេះ»។ ដោយ៖ គឹម យុត្ថារ៉ូ