ការប្រកួតអុកក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានបញ្ចប់២៤វិញ្ញសាគិតត្រឹមថ្ងៃទី៧ ខែ មិថុនា ឆ្នាំ២០២៣
ភ្នំពេញ ៖ លោក ថុង តាំងជីន អគ្គលេខាធិការរង សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានបញ្ជាក់ថា ការប្រកួតកីឡាអុកក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ បានដំណើរការប្រកួតអស់រយៈពេល៥ថ្ងៃនេះ មាន៣វិញ្ញសាធំៗចែកចេញជាវិញ្ញសាតូចៗចំនួន៣៦ គឺបានបញ្ចប់២៤វិញ្ញសាហើយ ខណៈថ្ងៃទី៨ ខែ មិថុនានេះ នឹងប្រកួតបញ្ចប់១២វិញ្ញសាទៀតបិទបញ្ចប់ព្រឹត្តិការណ៍ទាំងស្រុង។
អគ្គលេខាធិការរូបនេះ បានបញ្ជាក់ឲ្យដឹងទៀតថា សម្រាប់ថ្ងៃទី៧នេះ ការប្រកួតអុកបានដំណើរការប្រកួតលើវិញ្ញសា៦០+១៥វិនាទី ដែលកីឡាករកីឡាការិនីចូលរួមចំនួន៨២នាក់មកពី៨ប្រទេស។
លោកថា សម្រាប់ការប្រកួតកីឡាអុកដែលយើងទទួលធ្វើជាម្ចាស់ផ្ទះនេះ ឆ្លងកាត់ការប្រកួតពីរវិញ្ញាសាធំៗគឺ ២៥នាទី+២៥វិនាទី និងវិញ្ញសា៦០+១៥វិនាទីដែលចែកចេញជា២៤វិញ្ញសាតូចៗទៅតាមប្រភេទពិការភាពនោះ ឃើញថា អ្វីដែលជាការរំពឹងខ្ពស់និងទទួលបានមេដាយ គឺមិនទទួលបានមេដាយនោះទេ យើងអាចនិយាយបានថា វាពិបាកណាស់ក្នុងការប្រជែងដណ្តើមបានមេដាយ ព្រោះនេះជាការប្រកួតអុកជនពិការរៀបលើកទី១នៅកម្ពុជា ហើយ កីឡាករកម្ពុជាដែលចូលរួមប្រកួតសុទ្ធតែជាកីឡាករថ្មីៗចឹងពិតជាពិបាកប្រកួតជាមួយកីឡាករមានបទពិសោធជោគជាំនៅក្នុងតំបន់អាស៊ានណាស់។ថ្វីត្បិតការប្រកួតនេះមិនទទួលបានមេដាយដូចនូវអ្វីដែលយើងដាក់ក្តីរំពឹងក៏ដោយ ក៏ពួកគាត់បានខិតខំប្រឹងហើយ ។
អគ្គលេខាធិការខាងលើ បានបញ្ជាក់បន្ថែមទៀតថា សម្រាប់ការប្រកួតនៅថ្ងៃទី៨ សែ្អកនេះ វីញ្ញសាធំគឺ ៥នាទី+១០វិនាទី និងចែកចេញជាវិញ្ញសាតូចៗចំនួន១២នោះ មានកីឡាករកីឡាការិនីសរុប៨២នាក់ ក្នុងចំណោមនោះយើងក៏បានដាក់កីឡាករកម្ពុជាយើងចូលរួមចំនួន៣នាក់ទៀត។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនេះ មានរយៈពេល៦ថ្ងៃ ដំណើរការប្រកួតលើ៣វិញ្ញសាធំៗ មានអត្តពលិក៨ប្រទេសចូលរួម គឺ ថៃ វៀតណា មីយ៉ាន់ម៉ា ឥណ្តូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ទីម័រនិងកម្ពុជាម្ចាស់ផ្ទះ ៕អត្ថបទនិងរូបភាព ៖ជាវ ចន្ធូ