ក្រសួងការងារប្រកាសបើកប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតជាងប្រាំបីពាន់នាក់ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសពីការបន្តបើកប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតជាង ៨.០០០នាក់ នៅរោងចក្រចំនួន ២៦ ក្នុងវិស័យវាយនភណ្ឌកាត់ដេរផលិតស្បែកជើង និងផលិតផលិតផ លធ្វើដំណើរ និងការបូប ដែលត្រូវបានព្យួរកិច្ចសន្យាការងារ។

នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣។រោងចក្រទាំង២៦ នៃវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងការបូបនេះ មានកម្មករនិយោជិតចំនួន ៨ ៧៦២ នាក់ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ។

រោងចក្រទាំងនោះរួមមាន៖ រោងចក្រចំនួនប្រាំបីស្ថិតនៅភ្នំពេញ រោងចក្រចំនួនពីរ ស្ថិតនៅខេត្តកណ្តាល រោងចក្រចំនួនមួយ ស្ថិតនៅខេត្តកំពង់ចាម រោងចក្រចំនួនប្រាំបី ស្ថិតនៅខេត្តកំពង់ស្ពឺ រោងចក្រចំនួនពីរ ស្ថិតនៅខេត្តតាកែវ រោងចក្រចំនួន២ ស្ថិតនៅខេត្តព្រះសីហនុ និងរោងចក្រចំនួនបី ស្ថិតនៅខេត្តស្វាយរៀង។

ក្រសួងការងារបានលើកឡើងថា ប្រាក់ឧបត្ថម្ភនេះ នឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃ នៃការព្យួរកិច្ចសន្យាការងារ។ ក្នុងនោះ ចំនួន ៨១.០០០រៀល (២០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលប្រាំពីរថ្ងៃ ដល់ ១៤ថ្ងៃ។ ចំណែកចំនួន ១៦២ ០០០រៀល (៤០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល១៥ថ្ងៃ ដល់មួយខែ។

ប្រភពដដែលបញ្ជាក់ថា ការបើកប្រាក់ឧបត្ថម្ភនេះ ធ្វើឡើងតាមរយៈ ធនាគារវីង ដែលផ្ញើសារចូលទូរសព្ទរបស់កម្មករនិយោជិត ហើយបងប្អូនកម្មករនិយោជិត មិនតម្រូវឱ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងនៅពេលបើកប្រាក់ឧបត្ថម្ភនេះ។

ក្រសួងការងារបន្ថែមថា ក្នុងករណីដែលកម្មករនិយោជិតដែលបម្រើការងារនៅរោងចក្រទាំងចំនួន២៦ នេះ មិនបានទទួលសារទូរស័ព្ទពីធនាគារវីង ត្រូវទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួនទៅរដ្ឋបាលរោងចក្ររបស់ខ្លួន។

សូមរម្លឹកផងដែរថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាកាលពីខែមីនាកន្លងទៅនេះ បានសម្រេចផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករ កម្មការិនីប្រមាណបីម៉ឺននាក់ ដែលរងផលប៉ះពាល់ដោយសាររោងចក្រព្យួរការងារ ដើម្បីដោះស្រាយនូវបញ្ហា ដែលបាននិងកំពុងកើតមាននៅក្នុងវិស័យកាត់ដេរ ។ការផ្តល់ប្រាក់ឧបត្ថម្ភនេះ គឺអនុវត្តដូចទៅនឹងអំឡុងពេលរោងចក្រព្យួរការងារក្នុងពេលកូវីដ១៩រាតត្បាតដែរ៕ ដោយ៖ ជា សុខនី

ads banner