សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ប្រជាពលរដ្ឋនឹងអញ្ជើញទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថា ប្រជាពលរដ្ឋនឹងអញ្ជើញទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ សម្តេចក៏បានអរគុណចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានបោះឆ្នោតជូនគណបកក្សប្រជាជនកម្ពុជាកាលពីឆ្នាំ២០២២ កន្លងផុតទៅ។ សម្ដេចតេជោក៏សង្ឃឹមយ៉ាងមុតមាំថា ថ្ងៃទី២៣ ខែកក្កដាខាងមុខលេខ១៨ សញ្ញាទេវតាបាចផ្កាគឺគណបក្សប្រជាជន ស្ថិតនៅក្នុងជម្រើសរបស់ប្រជាពលរដ្ឋ។ សម្ដេចតេជោបញ្ជាក់ថានេះមិនមែនជាការឃោសនាបោះឆ្នោតទេ ក៏ប៉ុន្តែវាជារឿងដែលជៀសមិនផុតបក្សណាក៏គេនិយាយដែរឥឡូវនេះ ព្រោះគេចាប់លេខរៀងរួចហើយ។គណបក្សប្រជាជនកម្ពុជា ចាប់បានលេខហុងស៊ុយ។
ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ខាងលើនេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាផ្លូវល្បឿនលឿនទី២ នៅកម្ពុជាកាលពីព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចាប់ពីពេលនេះទៅដល់ការបោះឆ្នោតនៅមិនយូរទេ ហើយសូមទាំងអស់គ្នារក្សាភាពស្ងប់ស្ងាត់ រក្សាបរិយាកាសនយោបាយអព្យាក្រឹត្យសម្រាប់ការបោះឆ្នោត សន្តិសុខ សណ្តាប់ធ្នាប់ ត្រូវបានធានា ដំណើរការបោះឆ្នោតត្រូវតែប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់គ្មានហិង្សា ដោយប្រជាធិបតេយ្យ និងគោរពសិទ្ធជ្រើសរើសរបស់ប្រជាជន។ ឯរឿងវិធានការនានាដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវចាត់វិធានការនានាចំពោះអ្នកបន្ទុចបង្អាក់ នៃការអនុវត្តសិទ្ធិរស់ពលរដ្ឋ គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់ហើយ។ ចំណែកការដែលគេថា គេមិនទៅបោះឆ្នោតទេ ព្រោះដោយសារតែគ្មានអ្នកនេះ គ្មានអ្នកនោះ។ អីចឹងសូមអ្នកឯងបន្តទៅ។ អ្នកឯងសាកលមើលៗ តើវាទៅដល់ណា? ។ខាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតច្បាស់ជាស្នើមករាជរដ្ឋាភិបាល ដើម្បីចាត់វិធានការទៅលើអ្នកណា អាហ្នឹងរឿងមួយផ្សេងទៀត៕ ដោយ៖ ពលជ័យ