ស្ថាប័នជំនាញ រួមគ្នាលើកកម្ពស់សុខភាពសិក្សាសម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅ
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការសុខភាពពិភពលោក បានបន្តរួមគ្នារៀបចំសិក្ខាសាលាតម្រង់ទិសស្តីពីការប្រើប្រាស់និងអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដារ សំដៅការលើកកម្ពស់សុខភាពសិក្សា សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅ។
សិក្ខាសាលានេះបានរៀបចំឡើងរយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី៦ និងទី៧ ខែមិថុនា ឆ្នាំ២០២៣ នាខេត្តសៀមរាប។សិក្ខាសាលាធ្វើឡើងដើម្បីលើកកម្ពស់សុខភាពសិក្សាសម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅ សំដៅលើកកម្ពស់គុណភាពអប់រំ របស់គណៈគ្រប់គ្រង ពិសេសគ្រូបង្គោលសុខភាពសិក្សា គ្រូបង្រៀនមុខវិជ្ជាអប់រំសុខភាព នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈគោលដៅ។
យោងតាមក្រសួងអប់រំ យុវជន និងកីឡា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប លោកស្រី ថុន ស៊ីណា បានលើកឡើងថា អ្នកចូលរួមទាំងអស់ នឹងមានការយល់ដឹងពីគោលការណ៍ណែនាំប្រតិបត្តិ, មានសមត្ថភាពធ្វើស្វ័យវាយតម្លៃស្ថានភាពគ្រឹះស្ថានសិក្សារបស់ខ្លួន និងចូលរួមរៀបចំផែនការមេអភិវឌ្ឍន៍គ្រឹះស្ថានសិក្សាសំដៅរក្សាបាននូវសុខភាពល្អជូនសិស្ស និងក្រុមគ្រួសារ។
លោកស្រីបានបញ្ជាក់ថា ៖ «ក្រសួងអប់រំសូមស្វាគមន៍រាល់ការចូលរួមរបស់សាលាគោលដៅ ក្នុងកិច្ចសហការជួយលើការងារលើកកម្ពស់សុខភាព សំដៅឱ្យគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូបានយល់ដឹង និងបន្តរៀបចំផែនការ អនុវត្តនៅតាមសាលារៀន ទាំងការផ្តល់នូវចំណេះដឹង ជំនាញជាមូលដ្ឋាន និងអាកប្បកិរិយាប្រកាន់យកនូវសុខភាពល្អ»។
ទន្ទឹមនឹងការលើកឡើងនេះដែរលោកស្រី Nargiza Khodjaeva តំណាងអង្គការសុខភាពពិភពលោក(WHO) ប្រចាំកម្ពុជាក៏បានលើកឡើងដែរថា សិក្ខាសាលានេះ ជាការតម្រង់ទិសពីការប្រើប្រាស់ និងអនុវត្តគោលការណ៍ស្តង់ដាស្តីពីការលើកម្ពស់សុខភាពសិក្សា ដោយបានផ្តល់តាមសាលាគោដៅ ឱ្យទទួលបាននូវចំណេះសម្បទា បំណិនសម្បទា និងចរិយាសម្បទា សំដៅចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា។
នៅក្នុងឱកាសនោះដែរ ប្រធាននាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ យុវជន និងកីឡាលោកស្រី ឆាយ គឹមសុទ្ធាវី បានលើកឡើងដែរថា ក្រសួងអប់រំ រំពឹងថាតាមរយៈការរួមគ្នាសហការបើកវគ្គតម្រង់ទិសនេះ នឹងជួយឱ្យការរៀបចំផែនការប្រតិបត្តិប្រចាំឆ្នាំផែនការមេនិងសាលាគំរូ លើផ្នែកសុខភាពនៅទូទាំងប្រទេសកាន់តែល្អ ដើម្បីអភិវឌ្ឍសាលារៀន និងសង្គមឱ្យមានការរីកចម្រើនកាន់តែខ្លាំងថែមទៀត។
តាមរយៈការរួមគ្នាលើកកម្ពស់សុខភាពសិក្សាសម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅពីស្ថាប័នជំនាញនេះដែរ លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ក៏បានបង្ហាញការគាំទ្រចំពោះសកម្មភាពនេះ។
លោកបានប្រាប់ថា ៖ «វានឹងក្លាយជាគោលការណ៍ប្រតិបត្តិស្ដង់ដារស្ដីពីការលើកកម្ពស់សុខភាពសិក្សា សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅដើម្បីធានាឱ្យបាននូវសុខសុវត្ថិភាព សុខភាព អនាម័យដល់គ្រឹះស្ថានសិក្សា ដែលជាចំណុចសំខាន់មួយក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជាកាន់តែមានគុណភាព»៕ ដោយ៖ បូរ ពេជ្រហ្សាលីន