រដ្ឋបាលខេត្តកណ្តាលស្នើមន្រ្តីនគរបាល រឹតបន្តឹងការអនុវត្តច្បាប់លើការបើកបរលើសល្បឿនកំណត់ និងអ្នកបើកបរក្រោមស្ថានភាពស្រវឹង
កណ្ដាល៖ អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានជំរុញដល់មន្ត្រីនគរបាលអនុវត្តច្បាប់ចរាចរណ៍ត្រូវពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ឱ្យបានតឹងរ៉ឹង ពិសេសលើការបើកបរលើសល្បឿនកំណត់ និងអ្នកបើកបរក្រោមស្ថានភាពស្រវឹង សំដៅធានាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកណ្ដាល កាលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ លោក គង់ សោភ័ណ្ឌ បានជំរុញមន្ត្រីនគរបាលអនុវត្តច្បាប់ចរាចរណ៍ ត្រូវពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ឱ្យបានតឹងរឹងសំដៅធានាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងនៅលើដងផ្លូវនានាក្នុងភូមិសាស្ត្រខេត្តកណ្ដាល។
លើសពីនេះលោក គង់ សោភ័ណ្ឌ ក៏បានស្នើដល់អភិបាលក្រុង-ស្រុកទាំង១៣ និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវសហការគ្នាឱ្យបានល្អជាមួយមន្ត្រីអនុវត្តច្បាប់ចរាចរណ៍ធ្វើការផ្សព្វផ្សាយនិងអប់រំច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទាំងអស់ក្នុងភូមិសាស្ត្រខេត្តកណ្ដាលថែមទៀត។
ជុំវិញការជំរុញនេះដែរលោក គង់ សុវណ្ណ ស្ថាបនិក និងជាទីប្រឹក្សាយុទ្ធសាស្រ្ត របស់អង្គការខេមសេហ្វ បានបង្ហាញការគាំទ្រចំពោះការជំរុញឱ្យមានការរឹតបន្តឹងច្បាប់ចរាចរណ៍ឱ្យបានតឹងរ៉ឹង។
លោកបានប្រាប់ថា កត្តាហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ភាគច្រើនកើតឡើងដោយសារមនុស្ស មានការធ្វេសប្រហែស ប្រញាប់ មិនអធ្យាស្រ័យនៅក្នុងការបើកបរ បើកបរក្នុងល្បឿនលឿន បើកបរក្នុងឥទ្ធិពលគ្រឿងស្រវឹងជាដើម ដែលជាហានិភ័យខ្ពស់ ធ្វើឱ្យទំហំនៃគ្រោះថ្នាក់ចរចរណ៍កាន់តែមានសភាពធ្ងន់ធ្ងរទៅៗ។
បើតាមលោក គង់ សោភ័ណ្ឌ ខេត្តកណ្តាលបានអនុវត្តដោយយកចិត្តទុកដាក់ប្រកបដោយភាពម៉ឺងម៉ាត់លើការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍គួរឱ្យកត់សម្គាល់។ជាក់ស្តែងបើគិតត្រឹមត្រីមាសទី១ដើមឆ្នាំ២០២៣ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកណ្តាលកើតមាន ៣៣ លើក ខណៈកាលពីឆ្នាំមុនមាន ៥៩ លើក គឺថយចុះ ២៦ លើកស្មើ ៤៤ភាគរយ។ ចំណែកគ្រោះថ្នាក់បណ្ដាលឱ្យស្លាប់ និងរងរបួសសរុបចំនួន ៥៧ លើក ខណៈពីឆ្នាំមុនចំនួន ១១២ លើក។
ដោយឡែក យោងតាមក្រសួងមហាផ្ទៃ នៅទូទាំងប្រទេសកម្ពុជា គិតត្រឹមរយៈពេល ៤ ខែ ដើមឆ្នាំ ២០២៣ នេះ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ ឃើញថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ត្រូវបានកាត់បន្ថយចំនួន ១៥៤ លើកឬស្មើ ១៣ភាគរយ ក្នុងនោះអ្នកស្លាប់បានថយចុះ ១៨០ នាក់ ស្មើនឹង ២៦ភាគរយ។ ចំណែកឯអ្នករបួសបានថយចុះ ចំនួន ៣០១ នាក់ ស្មើនឹង ១៨ភាគរយ៕ ដោយ៖ បូរ ពេជ្រហ្សាលីន