បារាំង នឹងបន្តជួយកម្ពុជា លើបញ្ហាប្រែប្រួលអាកាសធាតុ និងហិរញ្ញវត្ថុបៃតង ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD)នឹងបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការដែលមានស្រាប់ ក្នុងការកាត់បន្ថយភាពក្រីក្រ ពង្រឹងសុខមាលភាពសង្គម និងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ពិសេសកម្ពុជា ដោយផ្តោតជាសំខាន់ទៅលើការបម្រែបម្រួលអាកាសធាតុ ហិរញ្ញវត្ថុបៃតង ស្របតាមខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្តីពីជំនួបពិភាក្សាការងាររវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក Philippe LE HOUEROU ប្រធានក្រុមប្រឹក្សាភិបាលរបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)កាលពីថ្ងៃទី៦ ខែ មិថុនា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

តាមរយៈសេចក្តីប្រកាសដែលបានចេញផ្សាយនៅថ្ងៃទី៧ ខែមិថុនា លោក Philippe LE HOUEROU ប្រធានក្រុមប្រឹក្សាភិបាល AFD បានឱ្យដឹងថា បារាំង នឹងបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការដែលមានស្រាប់ ដើម្បីរួមចំណែកប្រតិបត្តិការសម្រេចឱ្យបានគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងការកាត់បន្ថយភាពក្រីក្រ ពង្រឹងសុខមាលភាពសង្គម និងជំរុញកំណើនសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍ ពិសេសកម្ពុជា ដោយផ្តោតសំខាន់ទៅលើការប្រែប្រួលអាកាសធាតុ ហិរញ្ញវត្ថុបៃតង ស្របតាមខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

លោក Philippe ថ្លែងថា ៖ «AFD នៅតែរក្សាកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានលើវិស័យអាទិភាពដែលមានស្រាប់ ដែលស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា និងយុទ្ធសាស្ត្ររបស់ AFD (Country Strategy 2022-2026) ដែលផ្តោតទៅលើគោលដៅសំខាន់បី រួមមាន ការអភិវឌ្ឍដែលបន្សំទៅនឹងបម្រែបម្រួលអាកាសធាតុ និងកាត់បន្ថយការបំភាយឧស្ម័នកាបូន, ការចូលរួមបង្កើតការងារ និងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងអភិបាលកិច្ចល្អ»។

ជាមួយគ្នានេះដែរឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏មានសារៈសំខាន់បារាំង តាមរយៈ AFD បានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ឥណទាន សម្បទាន ជំនួយបច្ចេកទេស និងហិរញ្ញប្បទានឥតសំណង ក្នុងការអភិវឌ្ឍនៅកម្ពុជាដោយផ្តោតលើវិស័យ កសិកម្ម សុខាភិបាល វប្បធម៌ បរិស្ថាន មីក្រូហិរញ្ញវត្ថុ ជំនួយបច្ចេកទេស ទេសចរណ៍ ទឹកស្អាត អប់រំ និង ថាមពល (អគ្គិសនីកម្ពុជា) ។

ឯកឧត្តមបានបន្តថា កម្ពុជាខិតខំប្រឹងប្រែងកែទម្រង់លើគ្រប់ផ្នែក គ្រប់វិស័យ ដាក់ចេញនូវយុទ្ធសាស្ត្រនានា ដើម្បីទាក់ទាញវិនិយោគិន តាមរយៈការដាក់ឱ្យអនុវត្តនូវច្បាប់ស្តីពីវិនិយោគ ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋនិងឯកជន និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដើម្បីធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យសាធារណៈនិងឯកជន ដើម្បីជំរុញល្បឿននៃការស្តារសេដ្ឋកិច្ចជាតិឱ្យបានលឿន។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ៖ «ទន្ទឹមនេះ កម្ពុជាបានដាក់ចេញនូវគោលនយោបាយសំខាន់ៗមួយចំនួនទៀត ដូចជា គោលនយោបាយសារពើពន្ធ ដើម្បី ជំរុញការប្រើប្រាស់យាន្តជំនិះដែលមិនប៉ះពាល់ដល់បរិស្ថាន គោលនយោបាយជាតិស្ដីពីប្រសិទ្ធិភាពថាមពល យុទ្ធសាស្ត្រអភិវឌ្ឍន៍សហគ្រាសធនតូច និងមធ្យមឆ្នាំ២០២២-២០២៦ ជាដើម» ។

ឯកឧត្តមបានបន្តថា រដ្ឋាភិបាលបារាំង បានបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានទ្វេភាគី រហូតទទួលបានការ រីកចំរើនជាលំដាប់ ពិសេសការផ្តល់ជំនួយបច្ចេកទេស (French Expertise) ដល់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្នុងការគាំទ្រកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥និងហិរញ្ញវត្ថុសាធារណៈតាមគោលការណ៍បៃតង ដោយបានជួយរៀបចំច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី) ដើម្បីធានាឱ្យបាននូវការអនុវត្តជាមូលដ្ឋាននូវថវិកាសមិទ្ធកម្ម យ៉ាងយូរត្រឹមឆ្នាំ២០២៦។

ឯកឧត្តមបានគូសបញ្ជាក់ថា ៖«បានជួយរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធសំខាន់ៗ សម្រាប់អនុវត្ត ខ្លឹមសារគោលការណ៍នានា ដូចបានកំណត់ក្នុងច្បាប់នេះ និងការរៀបចំផែនការយន្តការ និងឧបករណ៍ បច្ចេកទេសចាំបាច់សម្រាប់គាំទ្រដល់ការកសាង និងពង្រឹងសមត្ថភាពស្ថាប័ន ក៏ដូចជាសមត្ថភាពមន្ត្រី ជំនាញ ពិសេសលើផ្នែក Green PFM និង Green Bond ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យនៃការ ប្រែក្លាយប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យឆ្លើយតបនឹងឧត្តមានុវត្តន៍អន្តរជាតិ »៕ ដោយ៖ វណ្ណ សុជាតា

ads banner