ជប៉ុន ស្នើសុំការគាំទ្រពីក្រសួងសង្គមកិច្ច ក្នុងការបង្កើតមណ្ឌលថែទាំមនុស្សចាស់តាមស្តង់ដាររបស់ខ្លួន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុនបានស្នើសុំការគាំទ្រពីក្រសួងសង្គមកិច្ចក្នុងការបង្កើតមណ្ឌលថែទាំមនុស្សចាស់តាមស្តង់ដាររបស់ខ្លួននិងគាំទ្រលើការបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជាឱ្យមានជំនាញថែទាំមនុស្សចាស់។

ការស្នើបែបនេះត្រូវបានធ្វើឡើងនៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តាមរយៈជំនួបរវាងឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងលោក ខនដូ យ៉ូស៊ីអូ អភិបាលក្រុមហ៊ុន Procast Cambodia និងសហការី ដែលបានពិភាក្សាគ្នាទៅលើការងាវិស័យសុខុមាលភាពមនុស្សចាស់នៅកម្ពុជា កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្តម តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រាប់ឱ្យដឹងនៅថ្ងៃទី៧ ខែមិថុនា ថា លោក ខនដូ យ៉ូស៊ីអូ បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច។ ជំនួបនេះ ផ្ដោតទៅលើវិស័យសុខុមាលភាពមនុស្សចាស់ ដែលខាងភាគីក្រុមហ៊ុនជប៉ុន បានស្នើឱ្យក្រសួងសង្គមកិច្ចគាំទ្រក្នុងការបង្កើតមណ្ឌលថែទាំមនុស្សចាស់តាមស្ដង់ដាររបស់ជប៉ុន។

ឯកឧត្តមបានបន្តថា កម្ពុជាមិនទាន់មានលទ្ធភាពក្នុងការបើកមណ្ឌលថែទាំមនុស្សចាស់ និង ដោយសារប្រជាជនកម្ពុជាតាំងពីប្រពៃណីបុរាណមកឪពុកម្តាយដែលមានវ័យចាស់ ត្រូវបានមើលថែទាំពីក្រុមគ្រួសារ ពីកូនៗ ឬពេលចាស់ទៅបើគ្មានកូនចៅមើលថែទេ ក៏មានទីវត្តអារាមសម្រាប់ស្នាក់អាស្រ័យផងដែរ។

បើតាមឯកឧត្តម តូច ចាន់នី បញ្ជាក់ថាទោះបីជាកម្ពុជាមិនទាន់មានមណ្ឌលថែទាំមនុស្សក៏ដោយ ប៉ុន្តែក្រសួងក៏កំពុងដំណើរការបើកមណ្ឌលបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់ទៅមើលថែទាំមនុស្សចាស់ផងដែរ។ឥឡូវនេះ មណ្ឌលហ្នឹងកំពុងបើកដំណើរការ ហើយយើងកំពុងតែឱ្យខាងភាគីជប៉ុន ដែលគាត់មានបទពិសោធន៍ថែទាំមនុស្សចាស់ គាត់សហការជាមួយយើងឱ្យជួយផ្នែកបច្ចេកទេស។ ដូចនេះក្រុមហ៊ុនហ្នឹងគាត់មកនេះ គឺគាត់សុំការសហការជាមួយយើងដើម្បីបង្កើតមណ្ឌលថែទាំមនុស្សចាស់ និងបណ្ដុះបណ្ដាលធនធានមនុស្ស។

ឯកឧត្តមបន្តថា ចំពោះការបណ្ដុះបណ្ដាលធនធានមនុស្សនេះ គឺដើម្បីឱ្យពួកគាត់អាចមានសមត្ថភាពក្នុងការថែទាំមនុស្សចាស់ ហើយជំនាញថែទាំមនុស្សចាស់នេះ នឹងមានឱកាសការងារច្រើន ពីព្រោះជប៉ុនមានជំនាញ និងមានមណ្ឌលថែទាំមនុស្សចាស់ច្រើន ប៉ុន្តែជារបៀបមណ្ឌលដែលថែទាំយកថវិកា។ដូច្នេះ ខ្លឹមសារក្នុងជំនួបនេះភាគីក្រុមហ៊ុនជប៉ុនមានគម្រោងបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាឱ្យមានជំនាញថែទាំមនុស្សចាស់ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ហើយនឹងស្នើឱ្យក្រសួងគាំទ្រក្នុងការបង្កើតមណ្ឌលថែទាំមនុស្សទៅតាមស្ដង់ដាររបស់ជប៉ុន។

ឯកឧត្តម តូច ចាន់នី បញ្ជាក់ទៀតថា ទាក់ទងនឹងសំណើនេះ ខាងក្រសួងក៏មិនទាន់មានការឆ្លើយតបយ៉ាងណានោះនៅឡើយដែរ។

ជុំវិញរឿងនេះ លោក ទុំ វីរ់ា នាយកប្រតិបត្តិអង្គការមនុស្សចាស់កម្ពុជាបានប្រាប់ឱ្យដឹងដែរថា ប្រសិនជាខាងភាគីជប៉ុនស្នើដូចនេះ នោះគឺខាងភាគីជប៉ុនប្រាកដជាផ្ដល់ជំនួយទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ដែលនេះពិតជាល្អមែនទែនសម្រាប់កម្ពុជា។លោកបន្តដោយគិតថា វាអាចជាបន្ទុកមួយសម្រាប់ក្រសួងក្នុងការអនុវត្តដោយពិបាក ពីព្រោះតាមបទពិសោធន៍កន្លងមកនៅក្នុងមជ្ឍមណ្ឌលជាតិមនុស្សចាស់របស់កម្ពុជា លោកសង្កេតឃើញពីកង្វះខាតទៅលើរឿងបច្ចេកទេស និងអ្វីៗមួយចំនួនទៀត ប៉ុន្តែរឿងដែលសំខាន់នោះ គឺបញ្ហាធនធានថវិកា ដែលត្រូវការការចំណាយច្រើន។

ក្រៅពីនេះទៀត លោក ទុំ វីរ់ា ក៏បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលធ្លាប់បានលើកឡើងកន្លងមកមិនចង់ឱ្យមានមណ្ឌលថែទាំមនុស្សចាស់នោះទេ ដោយសារតាមរចនាសម្ព័ន្ធនៅក្នុងប្រព័ន្ធគ្រួសារប្រជាជនកម្ពុជា គឺប្រពៃណីកូនចៅត្រូវតែជាមើលថែឪពុកម្ដាយ ពេលពួកគាត់មានវ័យចាស់។

លោក ទុំ វីរ់ា បានបន្ថែមថា រាជរដ្ឋាភិបាលមិនចង់បំបែកប្រព័ន្ធហ្នឹង ដែលមានន័យថាកូនត្រូវមានតួនាទីមើលថែឪពុកម្ដាយពេលចាស់ៗទៅ។មួយវិញទៀត វាជាការចូលរួមក្នុងការកាត់បន្ថយបន្ទុកចំណាយរបស់រដ្ឋសម្រាប់ការមើលថែប្រជាជនចាស់ៗ ក៏ប៉ុន្តែបើមានមណ្ឌលមនុស្សចាស់ វាក៏ជួយដល់មនុស្សចាស់ដែលត្រូវកូនចៅបោះបង់ និងបំពានដែរ។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍ជំរឿនឆ្នាំ២០១៩ កម្ពុជាមានប្រជាជនវ័យចំណាស់ចំនួន ១,៣៨លាននាក់ ឬប្រហែល ៨,៩ភាគរយ នៃចំនួនប្រជាជនសរុប។ ចំនួនមនុស្សវ័យចំណាស់នៅកម្ពុជាត្រូវបានព្យាករណ៍ថា នឹងអាចកើនឡើងដល់ ១៣ភាគរយ នៅឆ្នាំ២០៣០ ដល់ ១៦ភាគរយនៅឆ្នាំ២០៤០ និងរហូតដល់ ២៣ភាគរយនៅឆ្នាំ២០៥០៕ ដោយ៖ ជា សុខនី

ads banner