ក្រសួងផែនការនឹងប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងមតិជំទាស់និងសំណូមពរនៃកម្មវិធីអត្តសញ្ញាណគ្រួសារក្រីក្រ និងងាយរងហានិភ័យ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងផែនការនឹងប្រកាសដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធគ្រប់គ្រងមតិជំទាស់ និងសំណូមពរនៃកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ តាមរយៈទូរសព្ទដៃ ឬឧបករណ៍ឆ្លាតវៃ និងគេហទំព័រ បន្ថែមលើមធ្យោយបាយផ្ទាល់មាត់ និងលាយលក្ខណ៍អក្សរ។

ការប្រើប្រាស់នូវប្រព័ន្ធនេះ ដើម្បីធានាបាននូវគណេយ្យភាព តម្លាភាព និងពង្រឹងការអនុវត្តការងារកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងងាយរងហានិភ័យកាន់តែមានប្រសិទ្ធភាព។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងផែនការចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣។

ក្រសួងបានឱ្យដឹងថា ក្រសួងនឹងរៀបចំពិធីប្រកាសផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងមតិជំទាស់ និងសំណួមពរនៃកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងផែនការ។

ពិធីនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយដល់សាធារណជនឲ្យបានជ្រាបពីប្រព័ន្ធគ្រប់គ្រងមតិជំទាស់ និងសំណូមពរនៃកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ(Public IDPoor App) ក្នុងទូរស័ព្ទដៃ ឬឧបករណ៍ឆ្លាតវៃ និងគេហទំព័រ(www.idpoor.gov.kh) បន្ថែមលើការផ្តល់មតិជំទាស់ និងសំណូមពរដោយផ្ទាល់មាត់ និងជាលាយលក្ខណ៍អក្សរនៅតាមសាលាឃុំ សង្កាត់។

ក្រសួងផែនការ បានអះអាងថា ៖ «ប្រព័ន្ធនេះនឹងធ្វើការឆ្លើយតបទៅរាល់មតិជំទាស់ និងសំណូមពរទាំងឡាយ ដោយនឹងដោះស្រាយតាមប្រភេទមតិជំទាស់ និងសំណូមពរទាន់ពេលវេលា និងរក្សាការសម្ងាត់ផង សម្រាប់ប្រជាពលរដ្ឋ សង្គមស៊ីវិល អាជ្ញាធរមូលដ្ឋាន ជាដើម»។

មតិជំទាស់ទាំងនោះ នឹងឆ្លើយតបចំពោះបញ្ហាសំខាន់ៗបួន យ៉ាងរួមមាន៖ ការស្នើសុំបណ្ណសមធម៌, ការផ្តល់មតិជំទាស់ និងសំណូមពរ, ការទទួលព័ត៌មាន ស្តីពីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងការផ្ទៀងផ្ទាត់បណ្ណសមធម៌។

ពាក់ព័ន្ធនឹងបញ្ហានេះដែរលោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាពយល់ថា ប្រព័ន្ធនេះជារឿងល្អប្រសើរណាស់ក្នុងផ្នែកអភិបាលកិច្ច និងសេវាសាធារណៈ ពិសេសដើម្បីពង្រឹងគោលការណ៍ប្រជាធិបតេយ្យ ដែលរដ្ឋត្រូវឆ្លើយតប និងកែប្រែសម្រាប់ផ្តល់សេវាកម្មដល់ប្រជាពលរដ្ឋ។

លោក យង់ គិមអេង បន្តថា វាជាការល្អ ដើម្បីទទួលមតិពីប្រជាពលរដ្ឋ ហើយមានការឆ្លើយតបពីរដ្ឋាភិបាលតាមរយៈប្រព័ន្ធនេះដែលអាចរក្សាការសម្ងាត់បាន។ ប៉ុន្តែអ្វីដែលសំខាន់តើក្រសួងសាម៉ីយកចិត្តទុកដាក់លើមតិរបស់ប្រជាពលរដ្ឋបានកម្រិតណា។ បើមានការដោះស្រាយដោយម៉ត់ចត់ មិនលំអៀង គឺអាចដោះស្រាយបញ្ហាដែលរាំងស្ទះច្រើនណាស់នៅមូលដ្ឋានសម្រាប់សេវា។

សូមជម្រាបថា ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធនេះ នឹងមានការចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័នជាតិ-អន្តរជាតិ ស្ថានតំណាងទូត ដៃគូនានា រួមទាំងស្ថាប័នប្រើប្រាស់ទិន្នន័យគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យសរុបប្រមាណ ៣០០នាក់៕ ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner