ការបំបាក់ទំនប់វារីអគ្គិសនីនៅទន្លេនីរប៉ឺ នឹងបង្កការលំបាកដល់អ៊ុយក្រែនក្នុងប្រតិបត្តិការរំដោះទឹកដីពីរុស្ស៊ី
កៀវ៖ អ្នកសង្កេតការណ៍អន្តរជាតិនិយាយថាការវាយប្រហារបំបាក់ទំនប់វារីអគ្គិសនីកាខូវកា (Kakhovka) ដែលស្ថិតនៅលើទន្លេនីរប៉ឺ ក្នុងតំបន់ឃឺរសុនកាលពីថ្ងៃអង្គារកន្លងទៅ នឹងធ្វើឱ្យអ៊ុយក្រែនពិបាកក្នុងការបំពេញប្រតិបត្តិការវាយបកដើម្បីរំដោះទឹកដីពីកងទ័ពរុស្ស៊ីមកវិញ ទោះបីជាខ្សែការពាររបស់រុស្ស៊ីនៅតំបន់ក្រោមទំនប់ត្រូវលេចទឹកក៏ដោយ។
ក្រោយការវាយប្រហារ ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ូឌីមៀរ ហ្សេលេនស្គី បានចោទប្រកាន់រុស្ស៊ីថា «ការវាយប្រហារភេរវកម្ម» ដោយការបំផ្ទុះបំបាក់ទំបន់ ធ្វើឱ្យទឹកជនលិចផ្ទះប្រជាជនស៊ីវិលនៅភាគខាងក្រោម។
អ្នកនាំពាក្យយោធាអ៊ុយក្រែន បាននិយាយថា គោលបំណងរបស់រុស្ស៊ី គឺដើម្បីរារាំងកងទ័ពអ៊ុយក្រែនមិនឱ្យឆ្លងកាត់ទន្លេនីរប៉ឺ ដើម្បីវាយប្រហារកងកម្លាំងរុស្ស៊ីនៅលើទឹកដីរបស់ខ្លួន។
ភាគីរុស្ស៊ីឯណោះវិញបានចោទប្រកាន់ទៅវិញដោយវិមានក្រឹមឡាំងកាលពីថ្ងៃអង្គារនិយាយថាអ៊ុយក្រែនបានបំផ្លិចបំផ្លាញទំនប់កាខូវកា ដើម្បីកាត់ផ្តាច់ប្រភពទឹកផ្គត់ផ្គង់ដ៏សំខាន់សម្រាប់តំបន់គ្រីមៀ និងបង្វែរការយកចិត្តទុកដាក់លើភាពបរាជ័យរបស់ខ្លួនក្នុងការប្រតិបត្តិការវាយបកប្រឆាំងរុស្ស៊ី។
ទោះជាយ៉ាងណាក៏ដោយ អ្នកសង្កេតការណ៍អន្តរជាតិមានការយល់ឃើញស្របទៅនឹងអ្វី ដែលអ្នកនាំ ពាក្យយោធាអ៊ុយក្រែនបានលើកឡើងដោយនិយាយថា ការបំផ្លិចបំផ្លាញទំនប់គឺជាការប៉ុនប៉ងរបស់រុស្ស៊ីដើម្បីនាំការពិបាកដល់អ៊ុយក្រែនក្នុងរយៈពេលខ្លី ខណៈអ៊ុយក្រែនត្រៀមបើកការវាយលុកដើម្បីដណ្តើមយកទឹកដីមួយផ្នែកនៃតំបន់ឃឺរសុន ដែលស្ថិតនៅភាគខាងកើតទន្លេនីរប៉ឺមកវិញ។
សាស្ត្រាចារ្យប្រវត្តិសាស្ត្រនៅសាលា Johns Hopkins សម្រាប់ការសិក្សាអន្តរជាតិកម្រិតខ្ពស់ លោក Sergey Radchenko បានសរសេរនៅលើបណ្ដាញសង្គមធ្វីតធឺរថា បើយោងទៅតាមហេតុផល «អ្នកដែលទទួលប្រយោជន៍» ពីការវាយប្រហារនេះ «រុស្ស៊ីគឺជាពិរុទ្ធជនយ៉ាងពិតប្រកដ» ដោយសារតែការបង្កឱ្យមានទឹកជំនន់នៅភាគខាងក្រោមនៃទំបន់ កាខូវកា នឹងធ្វើឱ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែនក្នុងការឆ្លងទន្លេ ដែលនឹងសម្រួលរុស្ស៊ីឱ្យផ្ដោតលើសមរភូមិជួរមុខផ្សេងៗទៀត។
ចំណែកឯលោក Stephane Audrand ដែលជាអ្នកប្រឹក្សាយោបល់ឯករាជ្យ ស្ដីពីហានិភ័យអន្តរជាតិ វិញ បានលើកឡើងថា៖ «ខ្ញុំមិនឃើញអ្វីជាប្រយោជន៍សម្រាប់អ៊ុយក្រែនក្នុងករណីនេះទេ»។ នេះបើតាមការស្រង់សម្ដីរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Audrand និយាយបែបនេះ ដោយគូសបញ្ជាក់ថា ការវាយប្រហារលើទំបន់កាខូវកា ដែលជាសម្បត្តិរបស់អ៊ុយក្រែន នឹងធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសនេះរងការបំផ្លាញកាន់តែច្រើន ការផលិតអគ្គិសនីកាន់តែធ្លាក់ចុះ ប្រជាជនស៊ីវិលអ៊ុយក្រែនដែលនៅភាគខាងក្រោមទំបន់កាន់តែរងទុក្ខ ខណៈទ័ពអ៊ុយក្រែនត្រូវកំណត់គោលដៅវាយបកឡើងវិញ បន្ថែមពីលើឧបសគ្គផ្នែកភស្តុភារ ដោយសារតែទឹកជំនន់ផ្សេងៗទៀត។
គួរកត់សម្គាល់ថា ហានិភ័យនៃការវាយប្រហារលើទំបន់កាខូវកា ដែលជាទីតាំងយុទ្ធសាស្ត្រក្នុងតំបន់ឃឺរសុន គឺជាចំណុចគំរាមកំហែងមួយ ទាំងសម្រាប់អ៊ុយក្រែន និងរុស្ស៊ី ចាប់តាំងពីរុស្ស៊ីធ្វើប្រជាមតិកាត់ទឹកដីតំបន់ឃឺរសុន និងតំបន់អ៊ុយក្រែន៣ផ្សេងទៀត ថាជារបស់ខ្លួននៅចុងខែកញ្ញាឆ្នាំមុន។
ទោះបីជាពេលនេះ ភាគីទាំង២បន្តចោទប្រកាន់ ទម្លាក់កំហុសឱ្យគ្នាទៅវិញទៅមកក៏ដោយ ក៏គួររំឭកថា ការវាយប្រហារលើទំបន់ទឹកដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជនស៊ីវិលបែបនេះ គឺជាឧក្រិដ្ឋកម្មសង្គ្រាមក្រោមពិធីសារបន្ថែមនៃអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ ១៩៤៩។
មាត្រាទី ៥៦ នៃអនុសញ្ញាបានចែងថា ភាគីជម្លោះណាមួយមិនត្រូវវាយប្រហារទំបន់វារីអគ្គិសនី ទំនប់ទឹក ឬស្ថានីយ៍ផលិតអគ្គិសនីនុយក្លេអ៊ែរនោះទេ ព្រោះវាអាចបណ្តាលឱ្យមានគ្រោះថ្នាក់ និងការខាតបង់យ៉ាងធ្ងន់ធ្ងរក្នុងចំណោមប្រជាជនស៊ីវិល។
បើតាមមន្រ្តីអ៊ុយក្រែន ការវាយប្រហារទំបន់វារីអគ្គិសនីកាខូវកា កាលពីថ្ងៃអង្គារ ធ្វើឱ្យសហគមន៍ប្រហែល ៨០ និងប្រជាជនជាង ៤២ ០០០ នាក់រស់នៅតាមបណ្ដោយទន្លេនីរប៉ឺភាគខាងក្រោម ក្នុងតំបន់ឃឺរសុន រងហានិភ័យនៃគ្រោះទឹកជំនន់។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ដោយឡែកគិតត្រឹមព្រឹកថ្ងៃពុធ គេមិនទាន់ឃើញមានរបាយការណ៍ពីការស្លាប់ដោយសារទឹកជំនន់នៅឡើយទេ។ ប៉ុន្តែទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS បានរាយការណ៍នៅថ្ងៃពុធ ដោយស្រង់សម្ដីមន្រ្តីដែលរុស្ស៊ីលើកបន្តុបថា ភូមិភាគមួយចំនួននៃតំបន់ឃឺរសុនដែលស្ថិតនៅខាងឆ្វេងនៃទន្លេនីរប៉ឺ និងក្រោមការគ្រប់គ្រងរបស់រុស្ស៊ី បានប្រកាសដាក់ក្នុងស្ថានភាពអាសន្ន ខណៈទឹកបានជន់លិចផ្ទះប្រជាជនចំនួន ២ ៧០០ខ្នងធ្វើឱ្យមានការជម្លៀសប្រជាជនជាង ១ ៣០០ នាក់ និងមនុស្សប្រាំពីរនាក់បាត់ខ្លួន។
ចំណែកឯអភិបាលតំបន់ឃឺរសុននៃរដ្ឋាភិបាលអ៊ុយក្រែន លោក Oleksandr Prokudin វិញ បានឱ្យដឹងនៅថ្ងៃពុធថា ផ្ទះចំនួន ១ ៥៨២ ខ្នងនៅខាងស្ដាំនៃទន្លេនីរប៉ឺបានរងការជន់លិច ខណៈប្រជាជន ១ ៤៥៧ នាក់ត្រូវបានជម្លៀសចេញពេញមួយយប់ថ្ងៃអង្គារ។
ជុំវិញបញ្ហានេះផងដែរ ប្រធានជំនួយរបស់អង្គការសហប្រជាជាតិ លោក Martin Griffiths បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា ការបាក់ទំនប់នឹងផ្តល់ផលវិបាកយ៉ាងធ្ងន់ធ្ងរ និងទូលំទូលាយសម្រាប់ប្រជាជនរាប់ពាន់នាក់នៅភាគខាងត្បូងអ៊ុយក្រែន ដោយសារតែការបាត់បង់ផ្ទះសម្បែង អាហារ ទឹកស្អាត និងជីវភាពរស់នៅប្រចាំថ្ងៃ។ លោកបានបន្តថា៖ «ទំហំធំនៃមហន្តរាយ នឹងក្លាយជាការពិតស្តែងទៅៗនៅប៉ុន្មានថ្ងៃខាងមុខ»៕ ដោយ៖ ហួន ឌីណា