ស្ថាប័នចំនួនពីរនឹងធ្វើការត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅក្នុងមណ្ឌលនានា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងយុត្តិធម៌និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានដាក់ចេញជាដំណោះស្រាយរួមគ្នា ដោយបានរៀបចំនូវយន្តការក្នុងការធ្វើការត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅក្នុងមណ្ឌលនានាដែល ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសង្គមកិច្ច។

ប្រភពគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានឱ្យដឹងថា ក្រុមការងាររបស់អគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស ដឹកនាំដោយឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម សុខ ប៊ុនថា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅទីស្ដីការក្រសួងសង្គមកិច្ច នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងទៀតថា ជំនួបនេះធ្វើឡើង ក្នុគោលបំណងពិភាក្សាការងារ និងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស នៅតាមបណ្តាមណ្ឌលស្តារនីតិសម្បទា មណ្ឌលបន្សាបគ្រឿងញៀន មណ្ឌលសំចត និងមណ្ឌលកុមារកំព្រា ទូទាំងប្រទេស ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា ជាលទ្ធផលភាគីទាំងពីរបានលើកយកបញ្ហា និងដាក់ចេញជាដំណោះស្រាយរួមគ្នា ដោយបានរៀបចំនូវយន្តការកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរក្នុងការធ្វើការត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅក្នុងមណ្ឌលទាំងនោះ ការនាំយកកូនតាមម្តាយ និងអនីតិជន ទៅរស់នៅ ទទួលការថែទាំ និងអប់រំនៅក្នុងមណ្ឌល។

ជុំវិញរឿងនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ បានឱ្យដឹងថា ការដាក់ចេញជាដំណោះស្រាយរួមគ្នានេះ គឺជារឿងដែលល្អ ពីព្រោះកន្លងមក ធ្លាប់បានឃើញហើយថា មណ្ឌលសំចតរាជធានីភ្នំពេញរបស់ក្រសួងសង្គមកិច្ច ឬហៅថាមណ្ឌលព្រៃស្ពឺ មានបញ្ហាស្មុគស្មាញជាច្រើនបានកើតឡើង។

លោកថា បញ្ហាទាំងនោះមានដូចជា អំពើហិង្សា អំពើរំលោភបំពាន និងអំពើផ្សេងៗទៀត ពិសេសបញ្ហាការមិនយកចិត្តទុកដាក់ទៅលើសុខភាពរបស់អ្នកដែលរស់នៅក្នុងមណ្ឌល ហើយវាក៏ជាមណ្ឌលមួយដែលប្រមូលជនអនាថា ឬជនប្រើប្រាស់គ្រឿងញៀនមួយចំនួន ក៏ត្រូវបានយកទៅរស់នៅមណ្ឌលនេះដែរ៕ ដោយ៖ ជា សុខនី

ads banner