ក្រសួងចំនួនបីសហការជាមួយនឹងមូលនិធិហ្វ្រេដហូឡូ អនុវត្តគម្រោងបង្កើនវិសាលភាពសេវាកំហុសកំណុំរូបភាពនៅកម្ពុជា
ភ្នំពេញ៖ យោងតាមការអង្កេតរហ័សពីស្ថានភាពពិការភ្នែកដែលអាចបង្ការបាននៅឆ្នាំ២០១៩ បានបង្ហាញថា អត្រាប្រើវ៉ាឡង់នៃភាពពិការភ្នែកត្រូវបានប៉ាន់ស្មានថាមានប្រមាណ ០.៣៧ភាគរយក្នុងចំណោមប្រជាជនទូទៅក្នុងប្រទេសកម្ពុជា ហើយមូលហេតុសំខាន់នៃគំហើញចុះខ្សោយ និងភាពពិការភ្នែក គឺមានរហូតដល់ ៨០.៤ភាគរយ ដែលបណ្តាលមកពីជំងឺបាយភ្នែក និងជំងឺភ្នែកកំហុសកំណុំរូបភាព។នេះជាការលើកឡើងរបស់លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នាថ្ងៃទី៧ ខែមិថុនា ក្នុងកម្មវិធីអប់រំផ្សព្វផ្សាយ ស្ដីពីសុខភាពភ្នែកដល់ក្រុមយុវជនជាសិស្សវិទ្យាល័យអង្គរ នៅក្រុងសៀមរាប។
ប្រភពមន្ទីរព័ត៌មានខេត្តសៀមរាបបានឱ្យដឹងថា ក្នុងពិធីដដែលនេះលោកជំទាវបានបន្ថែមថា បើតាមការអង្កេតដាច់ដោយឡែកមួយទៀតពីបញ្ហាកំហុសកំណុំរូបភាពក្នុងចំណោមកុមារតាមសាលារៀនលើក្រុមអាយុ១១ដល់១៤ឆ្នាំ នៅកម្ពុជាក្នុងឆ្នាំ២០១២ បង្ហាញថា កុមារនៅតាមទីប្រជុំជន ឬទីក្រុង ប្រមាណជា ១៣ភាគរយមានបញ្ហាកំហុសកំណុំរូបភាព ឬភ្នែកម្ញូប។
លោកជំទាវមានប្រសាសន៍ថា ដើម្បីឆ្លើយតបនឹងបញ្ហាទាំងនេះ ក្រសួងកិច្ចការនារី ក្រសួងសុខាភិបាល ក្រសួងអប់រំ បានសហការជាមួយនឹងមូលនិធិហ្វ្រេដហូឡូ អនុវត្តគម្រោងបង្កើនវិសាលភាពសេវាកំហុសកំណុំរូបភាពនៅកម្ពុជា ដើម្បីកាត់បន្ថយអត្រាប្រេវ៉ាឡង់នៃភាពពិការភ្នែក និងឆ្លើយតបចំពោះការរីកចម្រើនន វិស័យបច្ចេកវិទ្យា ដែលតម្រូវការប្រើប្រាស់ភ្នែកកាន់តែកើនឡើងរាល់ថ្ងៃ។
នាឱកាសនោះដែរ ប្រធានអង្គការមូលនិធិហ្វ្រេតហូឡូ លោក បាក់ តូក្យូ ក៏បានលើកឡើងដែរថា កម្មវិធីអប់រំនេះ ជាការផ្តល់ចំណេះដឹងដល់សិស្សានុសិស្សទាំងអស់ឱ្យយល់ដឹងកាន់តែច្បាស់ពីសុខភាពភ្នែក ពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប។
ក្នុងករណីមានបញ្ហាកំហុសកំណុំរូបភាពបួនប្រភេទដែលត្រូវផ្ដោតសំខាន់រួមមាន៖ ភ្នែកម្ហូប ដែលជាភ្នែកមើលឆ្ងាយមិនច្បាស់ តែមើលជិតច្បាស់, ភ្នែកប្រេះប៊ីត ដែលអាចមើលវត្ថុតូចៗនៅទីជិតមិនច្បាស់ វាកើតឡើងចំពោះមនុស្សមានវ័យចាប់ពីអាយុ ៤០ឡើងទៅ តែមើលឆ្ងាយមានលក្ខណៈធម្មតា, ភ្នែកអាស្ទិកម៉ាត ជាភ្នែកដែលមើលជិត ឬមើលឆ្ងាយមិនច្បាស់ ឃើញរូបភាពជាស្រមោល ព្រិល ជារលក ឬផ្អៀងៗ និងភ្នែកអ៊ីពែរម៉េត្រូប ដែលជាភ្នែកដែលមើលទាំងជិត និងឆ្ងាយមិនច្បាស់។
លោក បាក់ តូក្យូ បានបញ្ជាក់ថា បញ្ហាកំហុសកំណុំរូបភាពទាំងបួនប្រភេទនេះ គឺយើងអាចបង្ការបានតាមរយៈការប្រើប្រាស់វ៉ែនតាឱ្យបានត្រឹមត្រូវ ដូចនេះត្រូវយកចិត្តទុកដាក់ថែរក្សាភ្នែករបស់អ្នក»។
សូមបញ្ជាក់ថា ការអនុវត្តកម្មវិធីអប់រំផ្សព្វផ្សាយពីបញ្ហាសុខភាពភ្នែកនៅតាមគ្រឹះស្ថានសិក្សា គឺបានចូលរួមចំណែកយ៉ាងច្រើនក្នុងការកាត់បន្ថយភាពពិការភ្នែក ដែលអាចបង្ការបានប្រកបដោយលទ្ធផលល្អប្រសើរ និងបានសហការជាមួយអ្នកពាក់ព័ន្ធនានា ក្នុងការវាស់គំហើញសិស្សនៅតាមគ្រឹះស្ថានសិក្សា ក្នុងគោលបំណងស្តារគំហើញរបស់សិស្សានុសិស្សដែលបញ្ហាខ្សោយគំហើញ ដើម្បីឱ្យពួកគេ មានលទ្ធភាពសិក្សារៀនសូត្រពេញលេញ។
បើតាមលោកជំទាវ អ៊ឹង កន្ថាផាវី គឺក្រសួងកិច្ចការនាវីកំពុងអនុវត្តកម្មវិធីផ្សព្វផ្សាយអប់រំសុខភាពភ្នែក និងប្រាប់ពីសេវាពិនិត្យ ព្យាបាល និងតម្រូវការវ៉ែនតា តាមរយៈយុទ្ធសាស្ត្រដែលមានការចូលរួមពីសហគមន៍។ លើសពីនេះទៅទៀត គម្រោងបាននឹងកំពុងរៀបចំផែនការ បើកយុទ្ធនាការថ្នាក់ជាតិ (SEE NOW Campaign) អប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងអំពីសុខភាពភ្នែក និងជំរុញឱ្យប្រជាពលរដ្ឋ ដែលមានបញ្ហាភ្នែកទៅទទួលសេវាក្នុងចំណោមប្រជាជនទូទៅ និង រួមទាំងសិស្សានុស្ស នៅតាមសាលារៀនផងដែរ។
ក្នុងឱកាសនោះដែរ អភិបាលរងខេត្តសៀមរាប លោក អ៊ឹង គឹមលាង ក៏បានណែនាំដល់សិស្សានុសិស្សទាំងអស់ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះបញ្ហាសុខភាពភ្នែក ហើយត្រូវប្រញាប់ទៅជួបគ្រូពេទ្យជំនាញឯកទេសភ្នែក ប្រសិនជាមានបញ្ហាមើលមិនច្បាស់ ដើម្បីជួយឱ្យមើលឃើញបានច្បាស់ល្អឡើងវិញ៕ ដោយ៖ នាង សុគន្ធា