ប្រមុខរាជរដ្ឋាភិបាលចាត់ទុកអតីតយុទ្ធជន ជាចំណែកមួយយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព និងស្ថេរភាពសង្គម
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចាត់ទុកអតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋខ្មែរ នៅគ្រប់ដំណាក់កាលប្រវត្តិសាស្ត្រ បានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព និងស្ថេរភាពសង្គម សម្រាប់កម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជាជនកម្ពជា។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដូចនេះ តាមរយៈសារលិខិតអបអរសាទរឱកាសខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៣ ដោយសម្ដេចបានបញ្ជាក់ថា ពលិកម្មប្រកបដោយស្នេហាជាតិ របស់វីរៈអតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋយើង នៅគ្រប់ដំណាក់កាលប្រវត្តិសាស្ត្រ គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាព ទឹកដី ការកសាងសុខសន្តិភាព និងស្ថេរភាពសង្គម សម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាដើម្បីឱ្យមានការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជាជនកម្ពជា។
សម្ដេចតេជោបានបន្ថែមថា សង្គ្រាមដែលបង្កឡើងដោយជនក្បត់ជាតិមួយក្តាប់តូច ឃុបឃិតជាមួយបរទេស បានបង្កសង្គ្រាម វិនាសកម្ម នូវរបបប្រល័យពូជសាសន៍ប៉ុលពត បានបំផ្លិចបំផ្លាញសង្គមសេដ្ឋកិច្ចឱ្យខ្ទេចខ្ទីដល់ឬស្សគល់ ថែមទាំងបានបន្សល់ទុកនូវអតីតយុទ្ធជន ដែលជាជនពិការ និវត្តជន ជនបាត់បង់សមត្ថភាពការងារ គ្រួសារយុទ្ធជនកម្ពុជាពលិមរណៈ ជាច្រើននាក់។
ទោះជាយ៉ាងណាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាក់ថា ចាប់តាំងពីថ្ងៃរំដោះថ្ងៃទី ៧ ឆ្នាំ ១៩៧៩ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តគោលនយោបាយនានា ដើម្បីលើកកម្ពស់សុខមាលភាព ជីភាពរស់នៅរបស់អតីយុទ្ធជន ឱ្យបានល្អ ប្រសើរជាបន្តបន្ទាប់។
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវជណនីតិសម្បទា ក៏ដូចជាស្ថាប័នរដ្ឋ និងឯកជនពាក់ព័ន្ធនានា បានផ្តល់អាទិភាពដល់អតីតយុទ្ធជន និងក្រុមគ្រួសារ ក្នុងការទទួលបានសេវាសាធារណៈផ្សេងៗ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។
តាមរយៈសារលិខិតនេះ បច្ចុប្បន្ននេះ អតីយុទ្ធជន យុទ្ធនារី មានចំនួន ១០៦ ៩០៥ នាក់ ព្រមទាំង អ្នកនៅក្នុងបន្ទុក ចំនួន ១៥៣ ៦១០ នាក់ កំពុងទទួលរបបសន្តិសុខសង្គម ប្រចំាខែពីរដ្ឋ។ គិតចាប់ពីខែមករា ឆ្នាំ២០២៣ តទៅ រាជរដ្ឋាភិបាល បានតម្លើងប្រាក់របបសន្តិសុខសង្គម ប្រចាំខែ ដល់និវត្តន៍ជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការ ទាបជាង ឬស្មើ ៦៩ ម៉ឺនរៀល ត្រូវបន្ថែម ឱ្យដល់ត្រឹម ៧៧ ម៉ឺនរៀលក្នុងមួយខែ។ ក្នុងនោះ ប្រាក់វិភាជគ្រួសារ ប្រាក់បំណាច់គ្រួសារ និងកូនអតីតយុទ្ធជន និងគ្រួសារអតីតយុវជន បានអនុវត្តប្រាក់វិភាជប្រចាំខែរបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធផងដែរ។
ជាមួយគ្នានេះសម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាក៏បានអំពាវនាវដល់អតីយុទ្ធជន យុទ្ធនារី បន្តនូវសេចក្តីថ្លៃថ្នូរ ជាពលរដ្ឋឆ្នើមដើម្បីធ្វើជាគំរូល្អនៅក្នុងសង្គមជាតិ ហើយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ពិតជាចងចាំជានិច្ចនូវការលះបង់នូវគុណបំណាច់ដ៏ធំធេង របស់អតីតយុទ្ធជនគ្រប់រូប ចំពោះជាតិមាតុភូមិ។
លោក ឈត ប៊ុនថន មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា ប្រាប់ឱ្យដឹងនៅថ្ងទី៧ ខែមិថុនាថា ជាការពិត អតីតយុទ្ធជន របស់កម្ពុជា បានរួមចំណែកយ៉ាងច្រើនក្នុងការការពារបូរណភាពទឹកដី ដោយបានប្រយុទ្ធជាមួយនឹងការឈ្លានពានពីសំណាក់សត្រូវ។ ពួកគេ បានលះបង់នូវសាច់ស្រស់ឈាមស្រស់ ដើម្បីជាតិមានតុភូមិរបស់ខ្លួន។
លោកបានថ្លែងថា ៖ «ដូច្នេះ ការរៀបចំទិវាអតីតយុទ្ធជនរបស់រាជរដ្ឋាភិបាលនៅពេលខាងមុខនេះ គឺការលើកទឹកចិត្ត និងការយកចិត្តទុកដាក់ព្រមទាំងជាការដឹងគុណចំពោះវីរភាព និងការតស៊ូរបស់អតីតយុទ្ធជនទាំងនោះដើម្បីជាតិ និងប្រជាជននៅគ្រប់ដំណាក់កាលទាំងអស់ប្រទេសប្រទេសជាតិ។ បើមិនមានការលើកទឹកចិត្តទេ គឺប្រជាពលរដ្ឋខ្មែរអត់មានអ្នកចូលរួមធ្វើទាហាននោះទេ»។
សូមបញ្ជាក់ដែរថា ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស និងប្រគល់ផ្ទះជូនអតីតយុទ្ធជន យោធិនពិការ និងក្រុមគ្រួសារយោធិនពលិមរណៈនៅតំបន់សម្បទានដីសង្គមកិច្ច នៅខេត្តឧត្តមមានជ័យ កាលពីខែឧសភា កន្លងមកនេះ ឯកឧត្តម ហ៊ុន ម៉ាណែត អនាគតបេក្ខភាពនាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកឡើងថា ការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន ទាំងគ្រូបង្រៀន និងមន្ត្រីរាជការ គឺជាអ្វីដែលត្រូវធ្វើ ដោយសារពួកគាត់បានចូលរួមចំណែកយ៉ាងច្រើននៅក្នុងការការពារបូរណភាពទឹកដី បណ្តុះបណ្តាលធនធានមនុស្ស និងកសាងប្រទេសឱ្យមានការអភិវឌ្ឍន៍រហូតមកទល់បច្ចុប្បន្ននេះ។
ឯកឧត្តមបានថ្លែងថា បើប្រៀបធៀប អតីតយុទ្ធជន និងអតីតគ្រូបង្រៀន ព្រមទាំអតីតមន្ត្រីរាជការ ដែលបានកសាងសមត្ថភាព កសាងប្រទេសយើង តាំងពីកវែងកឆ្នាំង រហូតដល់មានការអភិវឌ្ឍន៍ប៉ុណ្ណេះ គឺប្រៀបដូចឪពុកម្តាយ អាណាព្យាបាលរបស់យើង ទោះបីជាគាត់ចាស់ទុំ ចូលដល់វ័យសម្រាកក៏ដោយ ដែលជាកាតព្វកិច្ចកូនចៅ អ្នកជំនាន់ក្រោយត្រូវថែទាំគាត់ និងយកចិត្តទុកដាក់ចំពោះពួកគាត់៕ ដោយ៖ គឹម យុត្ថារ៉ូ