សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀបចំសន្និសីទ​កិច្ចសហ​ប្រតិបត្តិការអន្តរជាតិ លើកទី៦ BICC 2023 ជាមួយសាកលវិទ្យាល័យដៃគូចំនួន ៣៤ មកពី ១៥ប្រទេស​ជុំវិញពិភពលោក

ភ្នំពេញ៖ សន្និ​សីទ​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​អន្តរ​ជាតិ លើកទី៦ ឆ្នាំ​២០២៣​ ហៅកាត់ថា BICC2023- (The 6th BELTEI International Collaboration Conference 2023) ធ្វើឡើងក្រោម​ប្រ​ធាន​បទ​ “ឱកាសអាហារូបករណ៍ និងការរៀបចំជីវិតសិក្សានៅក្រៅប្រទេស” ក្រោម​អ​ធិប​តី​ភាព ឯកឧត្តមបណ្ឌិត លី ឆេង ស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងដោយ​មាន​ការអញ្ជើញ​ចូល​រួម​ និងធ្វើបទបង្ហាញ ពី​សា​កល​វិ​ទ្យា​ល័យ​ដៃគូចំនួន ៣៤ មក​ពី​ ១៥ប្រ​ទេស​​​ជុំវិញពិភពលោក ជូនដល់និស្សិតសាកលវិទ្យាល័យ និងសិស្សសាលា ប៊ែលធី អន្តរជាតិ សរុបជាង ៥,០០០នាក់ នៅថ្ងៃ​ទី​៦-៧ ខែមិថុនា ឆ្នាំ​២០២៣។

ឯក​ឧត្តម ​លី ​ណា​វុឌ្ឍ ​សា​កល​វិ​ទ្យា​ធិ​ការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ​ បាន​មានប្រ​សាសន៍​ថា BICC គឺជាសន្និសីទលក្ខណៈអន្តរជាតិ ដែលរៀបចំដោយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងគោល​បំ​ណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ​សាកលវិទ្យាល័យដៃគូនៅឯក្រៅប្រទេសដែលបានចុះអនុស្សារណៈយោគយល់គ្នា (MoU) ដើម្បី​រួមចំណែកលើកកម្ពស់គុណភាពវិស័យអប់រំនៅកម្ពុជាឱ្យមានការទទួលស្គាល់ជាអន្តរជាតិ ដែលមាន ៧ចំណុចសំខាន់ៗ៖

១- ផ្សព្វផ្សាយអំពីវប្បធម៌ ការរីកចម្រើនលើវិស័យអប់រំ និងសេដ្ឋកិច្ច​ ក៏ដូចជាវិស័យផ្សេងៗរបស់កម្ពុជាទៅកាន់ពិភពលោក

២- បង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយគ្រឹះស្ថានអប់រំឯកជន និងសាធារណៈទាំងក្នុងប្រទេស និងក្រៅប្រទេស

៣- ផ្សព្វផ្សាយពីគ្រឹះស្ថានដៃគូល្បីៗនៅតាមប្រទេសនានាជូនដល់សិស្ស-និស្សិតកម្ពុជា ជាពិសេសសិស្ស-និស្សិតប៊ែលធី

៤- បង្កើតនូវវេទិកាទំនាក់ទំនងសម្រាប់គ្រឹះស្ថានទាំងអស់ដែលបានចូលរួម

៥- ជំរុញ និងបង្កើនចំនួនសិស្ស-និស្សិតកម្ពុជាទៅសិក្សានៅក្រៅប្រទេសឱ្យបានកាន់តែច្រើន

៦- ផ្សព្វផ្សាយពីឱកាសទទួលបានអាហារូបករណ៍ជូនដល់សិស្ស-និស្សិតប៊ែលធី ក៏ដូចជាសិស្ស-និស្សិតទូទាំងប្រទេសទៅបន្តការសិក្សានៅបរទេស

៧- ចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាជាមួយរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡាជាសេនាធិការ។

ក្នុងសន្និសីទនេះ ក៏មានការចែករំលែកបទពិសោធន៍អំពីជីវិតសិក្សា​នៅក្រៅប្រទេស​របស់អតីតសិស្សនិទ្ទេស-A ដែលជានិស្សិតអាហារូបករណ៍ឧកញ៉ា លី ឆេង ចំនួន ២រូប គឺលោក ទូច អៀង និងកញ្ញា ហេង ហ្គ្រេចហ៊ុង ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Guilin of Technology នៃប្រទេសចិន ។

ឯក​ឧ​ត្តម​បណ្ឌិត លី​ ឆេង​ បានជម្រាបជូនអង្គសន្និសីទអំពី សន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា រួមទាំងវិស័យអប់រំ និងសេដ្ឋកិច្ច ក្រោមការដឹកនាំ​ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គ-មហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងដោះស្រាយនូវរាល់បញ្ហាប្រឈមនានាដែលបង្កឡើងដោយជំងឺកូវីដ-១៩ យ៉ាងជោគជ័យ និងបានបើកដំណើរការសកម្មភាពសង្គមសេដ្ឋកិច្ចលើគ្រប់វិស័យទូទាំងប្រទេសឡើងវិញ។ ជាពិសេសភាពជោគជ័យដ៏ត្រចះត្រចង់ជាប្រវត្តិសាស្រ្តរបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងការបើកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២។

ឯក​ឧ​ត្តម​បណ្ឌិត បានថ្លែងអំណរគុណចំពោះគ្រឹះស្ថានសិក្សាទាំង៣៤ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមសន្និសីទដ៏មានសារៈសំខាន់នេះ និងបានធ្វើបទបង្ហាញចែករំលែកព័ត៌មានសិក្សារបស់សាកលវិទ្យាល័យខ្លួនជូនដល់សិស្ស-និស្សិតកម្ពុជា។ ឯកឧត្តមបណ្ឌិត បានបន្ថែមថា សន្និសីទBICC ពិតជាបានរួមចំណែកយ៉ាង​ធំធេងក្នុងការបង្កើនធនធានមនុស្សប្រកបដោយសមត្ថភាពនៅកម្ពុជា ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មទី៤ ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជ​រដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ។

ឯក​ឧ​ត្តម​បណ្ឌិត ក៏​បាន​លើកទឹកចិត្តដល់គណៈគ្រប់គ្រង​នៃសាកលវិទ្យាល័យ​ដៃគូនៅក្រៅ​ប្រទេស​ទាំងអស់ បន្តចូលរួមសន្និសីទ BICC 2024 ដើម្បីរួមគ្នាពង្រឹងគុណភាព​អប់រំទាំង​ថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេសបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អ​ជាមួយគ្នា​ឱ្យបានកាន់តែប្រសើរបន្ថែមទៀត៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner