បណ្ឌិត ហ៊ុន ម៉ាណែត ប្រាប់គន្លឹះចំនួន៣ ទៅយុវជនបក្ខខេត្តកំពត ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ (Video Inside)

បេក្ខជនអនាគតនាយករដ្ឋមន្រ្តីគណបក្សប្រជាជនកម្ពុជាបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងប្រាប់យុវជនបក្សក្នុងខេត្តកំពត នូវកិច្ចការសំខាន់ចំនួនបី ដើម្បីការបំរើជាតិនិងប្រជាជន។

កិច្ចការសំខាន់ទាំង៣នោះ រួមមានការថែរក្សា, ការពង្រីក និងការបន្តបេសកម្មរបស់យុវជនជំនាន់មុន ដែលគន្លឹះទាំង៣នោះ គឺនឹងជួយបានមកវិញនូវការគាំទ្រពីសំណាក់ប្រជាពលរដ្ឋដែលជាអង្គបោះឆ្នោត។

ប្រសាសន៍បង្ហាញនូវគន្លឹះសំខាន់ទាំង៣ដល់យុវជនគណបក្សក្នុងខេត្តកំពត បានធ្វើឡើងនៅថ្ងៃទី៧ មិថុនា ឆ្នាំ២០២៣ ក្នុងពិធីប្រកាសសមាសភាព និងសំណេះសំណាល ជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា នៅក្នុងខេត្ត ដែលជាប់នឹងមាត់សមុទ្ទនោះ។

បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ”យុវជនជំនាន់បច្ចុប្បន្ន មានកិច្ចការសំខាន់ ៣ ដែលត្រូវបំពេញ គឺ៖ ទី១. ត្រូវថែរក្សាឱ្យបាននូវរាល់សមិទ្ធផលដែលយុវជនជំនាន់រៀមច្បង បានកសាងឡើង, ទី២. ត្រូវខិតខំពង្រីកសមិទ្ធផលវិជ្ជមានបន្ថែមទៀត សម្រាប់បន្សល់ទុកដល់ យុវជនបន្តវេនជំនាន់ក្រោយ និងទី៣. ត្រូវធ្វើយ៉ាងណាឱ្យយុវជនបច្ចុប្បន្ន និងជំនាន់ក្រោយ អាចបន្តស្មារតីវីរភាព និងបេសកកម្មរបស់យុវជនជំនាន់មុន ក្នុងនាមជាសមាជិកគណបក្សប្រជាជនកម្ពុជាជានិច្ចនិរន្តរ៍”។

លោកបានបន្តទៀតថា អ្វីដែលសំខាន់ផងដែរនោះ គឺសកម្មជនយុវជនបក្ស ត្រូវប្រព្រឹត្តខ្លួនជាយុវជនគំរូ និងពលរដ្ឋគំរូ តាមរយៈអំពើល្អ និងការប្រកាន់ខ្ជាប់នូវសីលធម៌-គុណធម៌ និងវប្បធម៌ចែករំលែកជួយគ្នាទៅវិញទៅមក ដើម្បីទទួលបាននូវបេះដូងគាំទ្រពីសំណាក់ប្រជាពលរដ្ឋដែលជាអង្គបោះឆ្នោត។

លោកបានថ្លែងបន្តថាគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចក្នុងរាជរដ្ឋាភិបាលបច្ចុប្បន្នបានដាក់ចេញនូវផែនការប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយយកកិច្ចការពារសន្តិភាពជាគោល ដើម្បីថែរក្សាឱកាសនៃការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

លោកបានថ្លែងទៀតថា ដើម្បីការសម្រេចនូវចក្ខុវិស័យនេះ លទ្ធផលនៃការបោះឆ្នោតដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជា ត្រូវតែសម្រេចឱ្យបានតាមរយៈការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

ads banner