២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជិត ២ពាន់ករណី (Video Inside)
ប្រទេសមួយចំនួននៅអាស៊ាននៅតែបន្តមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះកម្ពុជាក៏បានបន្តរកឃើញឆ្លងថ្មី ៩ករណី ថែមទៀតផងដែរ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ។ តួលេខឆ្លង ៩ករណី នៅកម្ពុជាថ្ងៃនេះ បានបន្តកើនឡើងចំនួន ៣ករណី បើប្រៀបធៀបនឹងម្សិលមិញ។
តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១ពាន់ ៨៧៧ករណី ដែលជាតួលេខឆ្លងបន្តថយចុះថែមទៀតចំនួន ៨៧០ករណី ធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។
ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៦នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, មីយ៉ាន់ម៉ា, ឡាវ និងប្រទេសកម្ពុជា។ ប្រទេសវៀតណាម គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ៧៥០ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទសកម្ពុជា ដែលមានការឆ្លងចំនួន ៩ករណី។ ប្រទេសសឹង្ហបុរី, ម៉ាឡេស៊ី, ប្រុយណេ និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១២នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីន។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមាន ចំនួន ៣៦លាន ២០ម៉ឺន ៨៨២ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ១០នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៨៩ លានករណី, និងការស្លាប់មានជាង ៦លាន ៨៨ម៉ឺននាក់៕