សម្តេចតេជោ ហ៊ុន សែន៖ គោលនយោបាយសោធននិវត្តន៍ ផ្ដល់អត្ថប្រយោជន៍ច្រើន ដល់ប្រជាពលរដ្ឋ នៅពេលមានវ័យចាស់ ធ្វើការងារលែងកើត

កំពង់ឆ្នាំង៖ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គោលនយោបាយសោធននិវត្តន៍សម្រាប់កម្មករនិយោជិត គឺបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ ដែលនេះ គឺជាគោលនយោបាយរយៈពេលវែងរបស់រាជរដ្ឋាភិបាល សម្រាប់ជួយដល់ប្រជាពលរដ្ឋនៅពេលមានវ័យចាស់ ធ្វើការងារលែងកើត ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះ នៅព្រឹកថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួន១៨០៥៧នាក់ មកពីរោងចក្រសហគ្រាស ចំនួន១១ នៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

សម្តេចតេជោ បានថ្លែងថា ក្នុងប្រវត្តិរបស់កម្ពុជាមិនដែលមានច្បាប់របបសន្តិសុខសង្គម ដែលផ្តល់ប្រាក់សោធននិវត្តន៍ចំពោះកម្មករកម្ម ការិនីនិយោជិតក្នុងវិស័យឯកជននោះទេ ។

សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ឥឡូវយើងមានច្បាប់របបសន្តិសុខសង្គម ដែលផ្ដល់នូវប្រាក់សោធន៍សម្រាប់កម្មករនិយោជិតវិស័យឯកជន ។ ចំណុចនេះ ក្មួយៗ ថ្ងៃក្រោយ ក៏មានប្រាក់ចូលនិវត្តន៍ ដូចជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធដែរ។

ជាមួយគ្នានេះ សម្ដេចតេជោ ក៏បា ផ្ដាំផ្ញើថា មិនមែនធ្វើការមួយឆ្នាំទទួលបានប្រាក់ចូលនិវត្តន៍ទេ គឺយើងត្រូវធ្វើការឲ្យគ្រប់ឆ្នាំដូចមន្ត្រីរាជការដែរ ។ មន្ត្រីរាជការដែលធ្វើការមិនគ្រប់ឆ្នាំកំណើត ក៏មិនទទួលបានប្រាក់សោធននិវត្តន៍ដែរ។ អញ្ចឹងក្មួយៗត្រូវរក្សានូវសៀវភៅការងាររបស់ខ្លួន ដើម្បីទទួលបានប្រាក់សម្រាប់ចូលនិវត្តន៍សម្រាប់ពេលចាស់ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner