សម្តេចតេជោ ហ៊ុន សែន ស្នើម្ចាស់បុរី រៀបចំការបង់ប្រាក់រំលោះឡើងវិញ ដើម្បីសម្រួលម្ចាស់ផ្ទះ ដែលកំពុងជួបបញ្ហាហិរញ្ញវត្ថុ និងបញ្ចៀសបានការរឹបអូសផ្ទះ
កំពង់ឆ្នាំង៖ សម្តេចតេជោ ហ៊ុន សែន បានស្នើសុំការយោគយល់ពីសំណាក់ម្ចាស់បុរី ដែលលក់បុរី ផ្ដល់ការយោគយល់ចំពោះការលំបាករបស់ប្រជាពលរដ្ឋ ដែលមានការយឺតយ៉ាវក្នុងការបង់ប្រាក់ និងត្រូវរៀបចំឡើងវិញ ចំពោះការបង់រំលស់ផ្ទះ។ សម្ដេច ក៏បានស្នើម្ចាស់បុរី រៀបចំការបង់ប្រាក់រំលោះឡើងវិញ ដើម្បីសម្រួលម្ចាស់ផ្ទះ ដែលកំពុងជួបបញ្ហាហិរញ្ញវត្ថុ និងបញ្ចៀសបានការរឹបអូសផ្ទះ។
សម្ដេចតេជោ បានបញ្ជាក់ថា បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កំពុងរៀបចំឡើងវិញលើគណនេយ្យរាប់សែន លើការបង់រំលស់ផ្ទះនេះ ដោយអូសបន្លាយរយៈពេលសម្រាប់ការបង់រំលស់ផ្ទះ។
សម្តេច បានយកឱកាសនេះស្នើទៅកាន់អ្នកឧកញ៉ា លី ហួរ សហការជាមួយម្ចាស់បុរី និងផ្នែកអចលនទ្រព្យពាក់ព័ន្ធ ធ្វើការដោះស្រាយចំពោះបញ្ហាការយឺតយ៉ាវការបង់ប្រាក់សម្រាប់ការបង់រំលស់ផ្ទះរបស់ប្រជាពលរដ្ឋឡើងវិញ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចបន្តបង់រំលស់ផ្ទះទៀតបាន ហើយមិនត្រូវបានរឹបអូសផ្ទះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យជំនួយការ រៀបចំបញ្ជីជូនសម្ដេច ចំពោះបុរីណា ដែលបានរឹបអូសផ្ទះប្រជាពលរដ្ឋ ក្រោយពេលពលរដ្ឋមានការយឺតយ៉ាវក្នុងការបង់រំលស់ផ្ទះ នាពេលកន្លងទៅ ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហានេះ។
ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យរៀបចំឥណទានឡើងវិញ ចំពោះវិធីបង់រំលស់ផ្ទះរបស់ប្រជាពលរដ្ឋ ដោយត្រូវលទ្ធភាពបែបណាឱ្យប្រជាពលរដ្ឋ អាចបន្តបង់ប្រាក់រំលស់ផ្ទះបាន។
សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវ និងស្នើប្រធានសមាគមអចលនទ្រព្យ ធ្វើការជាមួយសមាជិកដែលជាម្ចាស់បុរី កែសម្រួលកិច្ចសន្យាបង់រំលស់ផ្ទះតាមបុរី ដើម្បីឱ្យពលរដ្ឋអាចបន្តមានលទ្ធភាពបង់បន្តបាន ចៀសវាងរឹបអូសដែលបង្កើតទៅជាការឈឺចាប់ និងប៉ះពាល់ដល់សេដ្ឋកិច្ចសង្គម។
សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ណែនាំម្ចាស់បុរី ឱ្យហៅម្ចាស់ផ្ទះដែលត្រូវបានរឹបអូសផ្ទះ មកជជែកគ្នា ហើយផ្តល់ផ្ទះត្រឡប់ទៅវិញ ដោយចិត្តធម៌ ក្រោមនយោបាយឈ្នះ-ឈ្នះ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ នៅព្រឹកថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួន១៨០៥៧នាក់ មកពីរោងចក្រសហគ្រាស ចំនួន១១ នៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ



