គជប បានបញ្ចប់វគ្គរយៈពេល ២ថ្ងៃ ដោយសិក្ខាកាមទាំងអស់មានការយល់ដឹងពីបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងប្រកាសលទ្ធផលបោះឆ្នោត

ភ្នំពេញ ៖ វគ្គបណ្តុះបណ្តាលស្តីពី ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងប្រកាសលទ្ធផលនៃបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ឆ្នាំ២០២៣ ដែលមានរយៈពេលពីថ្ងៃបានបិទបញ្ចប់នារសៀល ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិអប់រំ ។

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានមានប្រសាសន៍ថា ផ្អែកតាមរបាយការណ៍បូកសរុបលទ្ធផលនៃវគ្គបណ្តុះបណ្តាលរបស់នាយកដ្ឋានជំនាញ ឃើញថា រយៈពេល ២ ថ្ងៃពេញ សិក្ខាកាមទាំងអស់មានការយល់ដឹងអំពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផល នៃការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បានល្អប្រសើរ ។

ឯកឧត្តម ប្រាជ្ញ ចន្ទ បន្តថា វគ្គនេះ បានបង្ហាញពីភាពវិជ្ជមានរបស់អស់លោក លោកស្រីជាប្រធាន គធ.ខប ប្រធាន លគធ.ខប សមាជិក គធ.ខប និងភាគីពាក់ព័ន្ធ ដែលមានភារកិច្ចត្រូវអនុវត្ត និងផ្តល់ការបណ្តុះបណ្តាល បន្តដល់មន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់នៅតាមរាជធានី ខេត្ត និងភាគីពាក់ព័ន្ធឱ្យមានការ យល់ដឹងកាន់តែច្បាស់បន្ថែមទៀតអំពីបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ជាពិសេសពាក់ព័ន្ធ នឹងកិច្ចប្រតិបត្តិការបោះឆ្នោត រាប់សន្លឹកឆ្នោត និងប្រកាសលទ្ធផលនៃការបោះឆ្នោត ដើម្បី ត្រៀមលក្ខណៈចូលរួមសហការ និងអនុវត្តការងារបោះឆ្នោតនាពេលខាងមុខនេះ ឱ្យទទួល បានជោគជ័យ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងច្បាប់ស្តីពី ការបោះឆ្នោតជាធរមាន ។

សូមបញ្ជាក់ថា បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតសម្រាប់ ការបោះឆ្នោត នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវបានរៀបចំ និងកែសម្រួលដោយផ្អែកលើ បទពិសោធន៍កន្លងមក និងបន្ថែមបទប្បញ្ញត្តិមួយចំនួនឱ្យស្របនឹងសភាពការណ៍បច្ចុប្បន្ន រួមនឹងគោលការណ៍ទំនើបកម្មដំណើរការបោះឆ្នោត ដែល គ.ជ.ប បានដាក់ឱ្យដំណើរការ និង ទទួលបានជោគជ័យកាលពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដើម្បីជាជំនួយដល់ការរៀបចំ និងការគ្រប់គ្រងការបោះឆ្នោតឱ្យកាន់តែល្អប្រសើរ មានតម្លាភាព និងមានសុក្រិតភាពថែមមួយកម្រិតទៀត ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner