ប្រធាន គ.ជ.ប អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ត្រៀមឯកសារបញ្ជាក់អត្តសញ្ញាណផ្លូវការ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត

ភ្នំពេញ៖ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ត្រៀមឯកសារបញ្ជាក់អត្តសញ្ញាណផ្លូវការ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត ហើយប្រសិនបើប្រជាពលរដ្ឋពុំមាន អ.ខ ដែលមានសុពលភាពនោះទេ សូមរួសរាន់ទៅទីស្នាក់ការ គឃ.សប ដើម្បីបំពេញបែបបទស្នើសុំ ឯ.អ ដោយឥតគិតថ្លៃ និងទាន់ពេលវេលា ស្របតាមកាលបរិច្ឆេទដែលកំណត់ដោយ គ.ជ.ប។ ផ្អែកតាមប្រតិទិនសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ការស្នើសុំ និងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត គឺមានរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ ការអំពាវនាវនេះ ធ្វើឡើងក្នុងពិធីបិទការបិទបញ្ចប់វគ្គបណ្ដុះបណ្ដាល ស្ដីពី “ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត” នៅវិទ្យាស្ថានជាតិអប់រំ (NIE) រាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្ដម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍បញ្ជាក់ថា ដើម្បីឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងមានការទទួលស្គាល់ពីភាគីពាក់ព័ន្ធ គ.ជ.ប បានកសាងប្រតិទិន និងផែនការមេ សម្រាប់ជាត្រីវិស័យតម្រង់ទិសក្នុងការអនុវត្តការងារតាមដំណាក់កាល ព្រមទាំងបានអនុម័ត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលជាឯកសារគតិយុត្តដ៏សំខាន់មួយសម្រាប់ការអនុវ ត្តការងារបច្ចេកទេសជាក់ស្តែង។

ឯកឧត្ដមបានមានប្រសាសន៍បន្តទៀតថា បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវបានរៀបចំ និងកែសម្រួលដោយផ្អែកលើបទពិសោធន៍កន្លងមក និងបន្ថែមបទប្បញ្ញត្តិមួយចំនួនឱ្យស្របនឹងសភាពការណ៍បច្ចុប្បន្ន រួមនឹងគោលការណ៍ទំនើបកម្មដំណើរការបោះឆ្នោត ដែល គ.ជ.ប បានដាក់ឱ្យដំណើរការ និងទទួលបានជោគជ័យកាលពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដើម្បីជាជំនួយដល់ការរៀបចំ និងការគ្រប់គ្រងការបោះឆ្នោតឱ្យកាន់តែល្អប្រសើរ មានតម្លាភាព និងមានសុក្រឹតភាពថែមមួយកម្រិតទៀត ហើយដើម្បីជំរុញឱ្យការបោះឆ្នោតអាចប្រព្រឹត្តទៅដោយជោគជ័យបាន ក្រៅពីការកសា ងលិខិតបទដ្ឋានគតិយុត្តដែលមានលក្ខណៈល្អប្រសើរ និងគ្រប់ជ្រុងជ្រោយហើយនោះ ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ព្រមទាំងភាគីពាក់ព័ន្ធផ្សេងទៀត ឱ្យមានការយល់ដឹងច្បាស់លាស់អំពីច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត គឺជាកត្តាសំខាន់ដែល គ.ជ.ប ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យ បានហ្មត់ចត់ ជាក់ស្តែងដូចជាការរៀបចំវគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃនេះ ជាឧទាហរណ៍ស្រាប់។

ឯកឧត្ដមបានបន្ថែមទៀតថា វគ្គបណ្តុះបណ្តាលលើកនេះ មានលក្ខណៈពិសេស និងខុសប្លែកពីវគ្គបណ្ដុះបណ្ដាលមុនៗ ដោយយើងធ្វើការបណ្ដុះបណ្ដាលលើបទបញ្ជា និងនីតិវិធី ទាំងផ្នែកទ្រឹស្តី ទាំងការអនុវត្តជាក់ស្ដែង ជាពិសេស គឺការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាថ្មីៗ ដែល គ.ជ.ប ទើបបានធ្វើបច្ចុប្បន្នភាព និងដាក់ឱ្យដំណើរការ ដើម្បីជាជំនួយដល់មន្រ្តីបោះឆ្នោត ដែលរួមមានជាអាទិ៍ ប្រព័ន្ធគ្រប់គ្រងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត និងកម្មវិធីគ្រប់គ្រងសំណុំរឿង និងរបាយការណ៍ពាក់ព័ន្ធនឹងពាក្យបណ្តឹង។

ឯកឧត្ដម ប្រាជ្ញ ចន្ទ បានរំលឹកអំពីដំណាក់កាលចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ទើបតែបានបញ្ចប់ទៅថ្មីៗនេះ ដោយក្នុងរយៈពេល១៥ថ្ងៃ នៃការទទួលពាក្យសុំចុះបញ្ជីនៅ គ.ជ.ប មានគណបក្សនយោបាយចំនួន២០ បានដាក់ពាក្យសុំចុះបញ្ជីតាមទម្រង់បែបបទកំណត់ដោយ គ.ជ.ប ហើយជាលទ្ធផល គ.ជ.ប បានសម្រេចទទួលស្គាល់ និងចុះបញ្ជីជាផ្លូវការជូនគណបក្សនយោបាយចំនួន១៨ ដើម្បីចូលរួមប្រកួតប្រជែងក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ លើកលែងតែគណបក្សនយោបាយចំនួន២ គឺគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ដែលត្រូវបាន គ.ជ.ប សម្រេចបដិសេធការសុំចុះបញ្ជី ដោយសារសាមីគណបក្សមិនបានភ្ជាប់ប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅការិយាល័យច្រកចេញចូលតែមួយ ឱ្យបានត្រឹមត្រូវស្របតាមកថាខណ្ឌទី២ និងចំណុចទី១ ក្នុងមាត្រា២៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។ ហើយតំណាងគណបក្សទាំង២ បានដាក់ពាក្យបណ្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ និងត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញ សម្រេចបដិសេធចោលដោយខុសនឹងគតិច្បាប់។

ឯកឧត្ដម ប្រាជ្ញ ចន្ទ ក៏បានជម្រាបជូនអំពីនីតិវិធីនៃការឃោសនាបោះឆ្នោត ក្រមសីលធម៌ និងគោលការណ៍ស្ដីពីសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ជាធរមានផ្សេងៗទៀតដែលពាក់ព័ន្ធ និងបានជម្រាបជូនអំពីការបំពេញភារកិច្ចរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ដែលបំពេញការងារក្នុងព្រះរាជាណាចក្រកម្ពុជា ឬជនបរទេស ត្រូវប្រកាន់ជំហរអព្យាក្រឹតឥតលម្អៀង នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងមិនត្រូវចូលរួមធ្វើសកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយណាមួយឡើយ ទោះដោយផ្ទាល់ក្តី ឬដោយប្រយោលកី្ត។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ប្រាជ្ញ ចន្ទ បានជម្រាបជូនបន្តទៀតថា ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ដែលមានសុពលភាព។ ក្នុងករណីប្រជាពលរដ្ឋ ពុំទាន់មាន អ.ខ ឬមាន អ.ខ ប៉ុន្តែបានអស់សុពលភាព ឬមិនទាន់ទទួលបាន ឬបាត់ ឬខូច ឬកែតម្រូវ ប្រជាពលរដ្ឋអាចទៅបំពេញបែបបទស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) នៅទីស្នាក់ការគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) នៃឃុំ សង្កាត់ដែលសាមីខ្លួនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដើម្បីយកទៅសុំការបញ្ជាក់ផ្តល់សុពលភាពពីអាជ្ញាធរឃុំ សង្កាត់ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត៕
ដោយ៖ពលជ័យ
រូបភាព៖គជប

ads banner