ក្រសួងទេសចរណ៍ ណែនាំមន្ទីរទេសចរណ៍រាជធានី-ខេត្ត បង្កើនយកចិត្តទុកដាក់ចំពោះសុវត្ថិភាពភ្ញៀវ ខណៈកម្ពុជាទទួលរងខ្យល់មូសុងនិរតី

អត្ថបទដោយ៖
CPA

ភ្នំពេញ: ក្រសួងទេសចរណ៍ បានធ្វើការណែនាំដល់មន្ទីរទេសចរណ៍នៅតាមបណ្តារាជធានី-ខេត្ត និងភ្នាក់ងារទេសចរណ៍ពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពភ្ញៀវទេសចរប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ខណៈកម្ពុជាកំពុងទទួលរងខ្យល់មូសុងនិរតី ចាប់ពីថ្ងៃទី ៧ខែមិថុនាតទៅ។
សេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅអំឡុងថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ឋិពលពីប្រព័ន្ឋសម្ពាធទាប (ITCZ) ដែលអូសបន្លាយ លើប្រទេសថៃ ឡាវ និងវៀតណាម គួបផ្សំនិងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ។
ការណែនាំនេះបន្ទាប់ពីក្រសួងធានធានទឹក និងឧតុនិយម បានព្យាករណ៍ពីស្ថានភាពអាកាសធាតុខាងលើ។
ស្ថានភាពបែបនេះ នៅតំបន់ទំនាបកណ្ដាលអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ក្នុងបណ្ដាខេត្តនៅភាគកណ្ដាល និងភាគពាយ័ព្យ។ ចំពោះបណ្តាខេត្ត-រាជធានី ភាគខាងក្រោម បរិមាណភ្លៀងអាចមានកម្រិតថមថយជាងបន្តិច។ ដោយឡែក នៅតំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ដែលផ្នែកខ្លះអាចច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
សេចក្តីជូនដំណឹងដដែលបន្តថា៖«ចំណែកតំបន់ មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ទាំងលើផ្ទៃដី និងផ្ទៃសមុទ្រ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ បន្ថែម ដោយរលកសមុទ្រមានកម្ពស់ខ្ពស់»។
ចំពោះសីតុណ្ហភាពវិញ តំបន់ទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា ២៣-២៥០C និងអតិបរមា ៣២-៣៤°C ចំណែកតំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមា ២៤-២៦°C និងអតិបរមា ៣០-៣២១C ដោយឡែក តំបន់មាត់សមុទ មានសីតុណ្ហភាពអប្បបរមា ២៥-២៧°C និងអតិបរមា ៣០-៣២°C។
ក្រសងទេសចរណ៍បញ្ជាក់ថា៖«អាស្រ័យហេតុនេះ សូមមន្ទីរទេសចរណ៍រាជធានី-ខេត្ត ការីទេសចរណ៍ ភ្នាក់ងារទេសចរណ៍ និងផ្នែកដែលពាក់ព័ន្ធជ្រាបជាព័ត៌មាន និងចូលរួមយកចិត្តទុកដាក់លើសុវត្ថិភាពភ្ញៀវទេសចរប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់»។
ពាក់ព័ន្ធរឿងនេះ លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង ប្រាប់ឱ្យដឹងនៅថ្ងៃទី ៩ខែមិថុនានេះថា ក្រោយទទួលបានការណែនាំរបស់ក្រសួងលោកនឹងជម្រាបជូនដំណឹងបន្តទៅកាន់ភាគីពាក់ព័ន្ធ ណែនាំទៅដល់សណ្ឋាគារ ផ្ទះសំណាក់ និងភ្នាក់ងារងារទេសចណ៍ឱ្យជួយចិត្តទុកដាក់ផ្សព្វផ្សាយបន្តដល់ភ្ញៀវទេសចរដែលមកលេងនៅតំបន់ឆ្នេរសមុទ្រ។ លោកថា៖«ព្រោះកាលណាមានខ្យល់ មានរលកខ្លាំងធ្វើឱ្យមាត់ឆ្នេរក៏មិនសូវមានសុវត្ថិភាពដែរ អ៊ីចឹង! សូមឱ្យគាត់មានការប្រុងប្រយ័ត្នបន្ថែម ហើយសំណូមដល់ភ្ញៀវដែលមកលេងនៅពេលមានភ្លៀង ឬរលក ចាកចេញពីមាត់ច្រាំង ឆ្នេរ ដើម្បីសុវត្ថិភាព»។
ដោយឡែកទាក់ទងចំនួនភ្ញៀវទេសចរវិញ លោក សុខ ចាន់គ្រឹះស្នា ឱ្យដឹងថា បើគិតត្រឹមរយៈពេល ៥ខែដំបូងនៃឆ្នាំ ២០២៣ ខេត្តកោះកុង ទទួលបានភ្ញៀវទេសចរជាតិ និងអន្តជាតិប្រមាណជាង ១២ ម៉ឺន ដែលកើនឡើង១៧ភាគរយ៕
ដោយ:សុខ រក្សា

ads banner