សម្ដេចតេជោ ហ៊ុន សែន៖ កងទ័ពនៃកងពលតូចលេខ៧០ ត្រូវបន្តអនុវត្តកិច្ចសហការល្អ ដើម្បីពង្រឹងសាមគ្គីជាតិ ទប់ស្កាត់ការបង្កចលាចល និងបង្កអស្ថិរភាពសង្គម
ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានា នៃកងពលតូចលេខ៧០ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់មេបញ្ជាការ មេបញ្ជាការរង និងពលទាហាននៃកងពលតូចលេខ ៧០ ត្រូវបន្តអនុវត្តកិច្ចសហការដ៏ល្អប្រសើរ ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ស្ថាប័ន អង្គភាពពាក់ព័ន្ធ រួមជាមួយនឹងបងប្អូនប្រជាជននៅតាមតំបន់នីមួយៗ ក្នុងគោលដៅ ពង្រឹងសាមគ្គីជាតិ ទប់ស្កាត់ឲ្យបាននូវនិន្នាការបង្កអរិភាពជាតិ-សាសន៍ សាសនា ការទប់ស្កាត់ឲ្យទាន់ពេលវេលានូវរាល់និន្នាការ សំដៅបង្កចលាចល និងបង្កអស្ថិរភាពសង្គម ។ ចំណុចនេះ គឺជាកិច្ចការទទួលខុសត្រូវមួយរបស់កងយោធពលខេមរភូមិន្ទនៃយើង ពិសេសកងពលពលតូចលេខ ៧០ ។

សម្ដេចតេជោ បានបន្តថា រាជរដ្ឋាភិបាល នៅតែប្រកាន់ជំហរបន្តគាំទ្រឥតងាករេចំពោះការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហការរបស់អង្គភាព កងទ័ពនីមួយៗជាមួយនឹងស្ថាប័នស៊ីវិលផ្សេងៗទៀត ក្នុងគោលដៅ រួមចំណែកលើកកម្ពស់សមត្ថភាពវិស័យកងទ័ពកម្ពុជា ។ សម្ដេចតេជោ ក្នុងនាម រាជរដ្ឋាភិបាល បានជំរុញ និងលើកទឹកចិត្តខ្ពស់ដល់ការចូលរួមចំណែករបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសប្បុរសជន ព្រមទាំងដៃគូអភិវឌ្ឍ និងអង្គការជាតិ-អន្តរជាតិនានា ដើម្បីរួមចំណែកដោះស្រាយត្រូវរាល់ការលំបាកខ្វះខាតរបស់បងប្អូនកង-កម្លាំងប្រដាប់អាវុធ ក្នុងគោលដៅរក្សាឱ្យបាននូវសុខុមាលភាព កម្លាំងពលំមាំមួន ស្មារតីភ្លឺថ្លាប្រកបដោយថាមពល សម្រាប់បន្តរួមចំណែកប្រកបដោយប្រសិទ្ធភាព ក្នុងការធានាបាននូវសុខសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ។

ជាថ្មីម្តងទៀត សម្ដេចតេជោ ហ៊ុន សែន សូមវាយតម្លៃខ្ពស់ចំពោះ មេបញ្ជាការ មេបញ្ជាការរង និងពលទាហានកងពលតូចលេខ ៧០ នៃកងយោធពលខេមរភូមិន្ទកម្ពុជា ដែលបានខិតខំប្រឹងប្រែង និងធ្វើពលិកម្ម ប្រកបដោយវិរភាពអង់អាចក្លាហានក្នុងការបំពេញភារកិច្ច ការពារបូរណភាពទឹកដី ថែរក្សាសុខសន្តិភាព សុវត្ថិភាព និង សណ្តាប់ធ្នាប់បានល្អប្រសើរជូនប្រជាជន និងសង្គមជាតិយើង ខ្ញុំសូមអរគុណឯកឧត្តម លោកជំទាវ លោក លោកស្រី និង សប្បុរសជនជាតិ-អន្តរជាតិ ដែលបានរួមគ្នាជួយឧបត្ថម្ភគាំទ្រ ដើម្បីការរីកចម្រើននៃកងពលតូចលេខ ៧០ ៕



អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ