សម្ដេចតេជោ ហ៊ុន សែន៖ ក្រៅពីជាកម្លាំងស្នូលក្នុងប្រទេស កងទ័ពកម្ពុជា ក៏បានក្លាយខ្លួនជាកម្លាំងយ៉ាងរឹងមាំជួយរក្សាសន្តិភាពនៅបណ្តាប្រទេសមួយចំនួន តាមការស្នើរបស់អង្គការសហប្រជាជាតិ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា តាមរយៈការអភិវឌ្ឍសមត្ថភាពជាបន្តបន្ទាប់ កងទ័ពកម្ពុជា មិនត្រឹមតែជាកម្លាំងស្នូល ទទួលរ៉ាប់រងការងារថែរក្សា ការពារបូរណភាពទឹកដី និងរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយខ្លួនជាកម្លាំងយ៉ាងរឹងមាំជួយរក្សាសន្តិភាពនៅបណ្តាប្រទេសមួយចំនួន តាមការស្នើរបស់អង្គការសហប្រជាជាតិទៀតផង ។ ជាមួយនេះ ដោយមានការជួយជ្រោមជ្រែងបន្ថែម និងការគាំទ្រពីបណ្តាប្រទេសជាមិត្ត ធ្វើឱ្យកងពលតូចលេខ ៧០ ក្លាយជាកងទ័ពជំនាញមួយរបស់ កងយោធពលខេមរភូមិន្ទ ដោយត្រូវបានលើកកម្ពស់សមត្ថភាពជាប្រចាំ ហើយមានសមត្ថភាពឯកទេសជំនាញច្រើន ដែលអាច និងបំពេញកិច្ចការពារបូរណភាពដែនដីបានយ៉ាងពេញលេញ មានកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ និងសម្រេចបាននូវសមទ្ធិផលយ៉ាងច្រើនគួរឲ្យកត់សម្គាល់ ។
សម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានា នៃកងពលតូចលេខ៧០ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។
សម្ដេចតេជោ បានអបអរសាទរចំពោះមេបញ្ជាការ មេបញ្ជាការរង និងពលទាហាន នៃកងពលតូចលេខ ៧០ និងសូមកោតសរសើរ ចំពោះសកម្មភាពដ៏រស់រវើក និងស្មោះត្រង់របស់មេបញ្ជាការ មេបញ្ជាការរង និងពលទាហាន នៃកងពលតូចលេខ ៧០ ក្នុងបុព្វហេតុរួមចំណែកអភិវឌ្ឍកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ អង់អាចក្លាហាន មានវិន័យ និងសេចក្តីថ្លៃថ្នូរ ហើយនៅគ្រប់កាលៈទេសៈតែងទ្រទ្រង់ ថែរក្សាការពារដល់សុខសន្តិភាព ស្ថិរភាពជាតិ និងសណ្ដាប់ធ្នាប់សង្គម ដែលស័ក្តិសម ជាទីពឹងរបស់ប្រជាជន និងសង្គមជាតិកម្ពុជា ។
សម្ដេចបន្តថា ក្នុងរយៈពេល ២៩ឆ្នាំ កងពលតូចលេខ ៧០ បានកសាងអគាររាប់រយខ្នង កសាងហេដ្ឋារចនាសម្ព័ន្ធនានា កសាងសាលាហ្វឹកហ្វឺន ការបំពាក់សម្ភារៈកងទ័ពបានពេញលេញ លើកកម្ពស់ជីវភាព និងសុខភាពកងទ័ពបានយ៉ាងល្អប្រសើរ ។ ភាពរីកចម្រើន លូតលាស់ជាលំដាប់នៃកងទ័ពកម្ពុជា បានផ្ដើមចេញពីឆន្ទៈ និង កម្លាំងមហាសាមគ្គីរបស់រណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ថ្ងៃ ៧ មករា ១៩៧៩ ។ ថ្ងៃ៧ មករា ជាចំណុចចាប់ផ្តើមនៃការកសាងឡើងវិញនូវរាល់សមិទ្ធផល គ្រប់បែបយ៉ាងរបស់ប្រជាជន និងសង្គមកម្ពុជា រួមទាំងអាយុជីវិត សិទ្ធសេរីភាពប្រពៃណីទំនៀមទម្លាប់ ជំនឿសាសនា លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍លើគ្របវិស័យ ដូចសមិទ្ធផលដែលយើងទាំងអស់គ្នាកំពុងឃើញនាពេលនេះ ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានានៅពេលនេះរួមមាន៖ អគារមន្ទីរពេទ្យមរតកតេជោសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចោមចៅ, អគារប្រពៃណីតេជោសន្តិភាពកងពលតូចលេខ ៧០, អគារស្នាក់នៅរបស់ទ័ពពិសេសប្រឆាំងភេរវកម្មនិងកងសង្គ្រោះ (នារី) និងអគារចំណតឡាន និងសាលប្រជុំ គឺមិនត្រឹមតែឆ្លុះបញ្ចាំងអំពីឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋភិបាល ក្នុងការបន្តគាំទ្រ និងលើកទឹកចិត្តខ្ពស់ដល់មេបញ្ជាការ មេបញ្ជាការរង និងពលទាហាន នៃកងពលតូចលេខ ៧០ ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាស ក្រើនរំលឹកពីភាពចាំបាច់ខានពុំបាននៃការពង្រឹងផែនសាមគ្គីជាតិ ឯកភាពជាតិ ការពួតដៃគ្នាជាធ្លុងមួយ ក្នុងស្មារតីរួមចំណែកបន្តលើកកម្ពស់ដល់ការថែរក្សាឱ្យបានគង់វង្ស នូវកត្តាសុខសន្តិភាព ភាពសុខដុមរមនា និងសុខុមាលភាពប្រជាជាតិយើង ។
សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងសង្កត់ធ្ងន់ថា យើងទាំងអស់គ្នាយល់ច្បាស់អំពីកត្តាសុខសន្តិភាព ពីព្រោះជាបុព្វលក្ខខណ្ឌ មិនអាចខ្វះបាននៃកិច្ចអភិវឌ្ឍ និងភាពរីកចម្រើននៃប្រជាជាតិនីមួយៗ ជាពិសេស ការធ្វើឱ្យជីវភាពប្រជាជនកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ តាមរយៈនេះ យើងអាចមើលឃើញអំពីគុណបំណាច់ដ៏ធំធេង មិនអាចកាត់ថ្លៃបានរបស់កងយោធពលខេមរភូមិន្ទ ដែលតែងបានបូជាសាច់ស្រស់ ឈាមស្រស់ ហ៊ានធ្វើពលីកម្មដល់ជីវិត ក្នុងការបំពេញបេសកកម្ម ដ៏ឧត្តុង្គឧត្តម របស់ខ្លួនក្នុងបុព្វហេតុដើម្បី ជាតិ សាសនា ព្រះមហាក្សត្រ នៅគ្រប់ ដំណាក់កាល ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ



