នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ៖ សមត្ថភាពកងទ័ព ត្រូវតែទទួលបានការជឿទុកចិត្ត ក្នុងការចូលរួមបំពេញភារកិច្ច ទាំងកម្រិតជាតិ និងអន្តរជាតិ

ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានា នៃកងពលតូចលេខ៧០ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានថ្លែងថា សមត្ថភាពកងទ័ព ត្រូវតែទទួលបានការជឿទុកចិត្ត ក្នុងការចូលរួមបំពេញភារកិច្ច ទាំងកម្រិតជាតិ និងអន្តរជាតិ ដូចអ្វីដែលកម្ពុជាបានទទួលរួចមកហើយ គឺការប្រែក្លាយកម្ពុជា ដែលធ្លាប់ល្បីថាជាវាលពិឃាត ពុំមានសន្តិសុខ រងការហ៊ុមព័ទ្ធ និងឯកោ ទាំងផ្នែកនយោបាយការទូត និងសេដ្ឋកិច្ច បច្ចុប្បន្នបានក្លាយទៅជាប្រទេសមានសុខសន្តិភាពពេញលេញគោលដៅទេសចរណ៍ប្រកបដោយប្រជាប្រិយភាពក្នុងតំបន់ឤស៊ីអាគ្នេយ៍ និងបានប្រែក្លាយដីមីនទៅជាដីមាស ជាប្រទេស ដែលបាន និងកំពុងសមាហរណខ្លួនកាន់តែជ្រៅទៅក្នុងរចនាសម្ព័ន្ធនិម្មាបនកម្មសកល និងកំពុងដើរតួនាទីយ៉ាងសកម្ម ដោយស្មើសិទ្ធិ និងស្មើភាព ក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ ហើយជាកន្លែង ដែលទទួលរៀបចំកិច្ចប្រជុំធំៗជាអន្តរជាតិ មានមេដឹកនាំប្រទេសមហាអំណាចពិភពលោកបានមកចូលរួមប្រជុំ និងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កាដ៏ត្រចះត្រចង់ ។

សម្ដេចតេជោ បានបន្តថា ក្នុងស្មារតីនេះ កងពលតូចលេខ ៧០ និងកងយោធខេមរភូមិន្ទ ត្រូវបន្តការងារអភិវឌ្ឍសមត្ថភាពកងទ័ពឱ្យបានជាប់ជាប្រចាំ ត្រៀមកម្លាំងស្មារតីដោះស្រាយនៅគ្រប់សភាពការណ៍ ជាពិសេស គ្រោះមហន្តរាយធម្មជាតិ អាចនឹងកើតឡើងជាយថាហេតុ និងបង្កឱ្យខូចខាតទ្រព្យសម្បត្តិ ប្រយោជន៍ជាតិ និងប្រជាជន ។ កងទ័ពយើងត្រូវត្រៀមមធ្យោបាយដឹកជញ្ជូនសម្រាប់ដឹកជញ្ជូនសម្ភារៈ និងជនរងគ្រោះផ្តល់ជំនួយ ផ្តល់សេវា ថែទាំ ព្យាបាលសុខភាព បង្កើនកិច្ចសហការសម្របសម្រួលជាមួយសមភាគីផ្នែកស៊ីវិលក្នុងប្រតិបត្តិការសង្គ្រោះនានា ដូចដែលកងទ័ព យើងបានអនុវត្តរួចមកហើយ ក្នុងប្រតិបត្តិការសង្គ្រោះនានា ដូចជា៖ គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត គ្រោះអគ្គីភ័យ ការដោះមីន រំដោះ ដីស្រែ ជូនប្រជាជនសម្រាប់បង្កបង្កើនផល និងការបញ្ជូនក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺជូនប្រជាជននៅតាមជនបទ ជាដើម ។

សម្ដេចបានបញ្ជាក់ថា នេះគឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជាតិ និងជាសក្ខីកម្ម សម្រាប់បញ្ជាក់ថា កងទ័ពយើងអាចធ្វើបាន ។ ដូច្នេះ យើងត្រូវរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចការទាំងអស់ ដែលយើងសម្រេចបាន ដើម្បីបន្តកសាងប្រទេសជាតិឱ្យកាន់តែមានវឌ្ឍនភាព និងភាពរីកចម្រើនរុងរឿងដូចអារ្យប្រទេសនានា ។

រាជរដ្ឋាភិបាល នឹងបន្តជំរុញអនុវត្តកម្មវិធីកែទម្រង់នានា ដើម្បីបន្តពង្រឹង និងពង្រីកសមត្ថភាព ការកសាងសំណាញ់សុវត្ថិភាព សម្រាប់កងយោធពលខេមរភូមិន្ទ ដើម្បីឲ្យការបំពេញភារកិច្ចរបស់កងទ័ពកាន់តែមានប្រសិទ្ធភាព ជាកងកម្លាំងមានជំនាញវិជ្ជាជីវៈ មានសមត្ថភាពពេញលេញ ដើម្បីចូលរួមក្នុងបេសកកម្មនានាឱ្យបានប្រកបដោយជោគជ័យ និងទទួលបានផ្លែផ្កា ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner