​ការ​ពិនិត្យ និងព្យាបាលជំងឺ​ និងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ជូនពលរដ្ឋដោយឥតគិតថ្លៃនៅ​ទូ​ទាំងប្រ​ទេស​ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ​

អត្ថបទដោយ៖
CPA

កំពង់ស្ពឺ៖ ក្រុមកាងារគ្រូពេទ្យស្មគ្រ័ចិត្តឯកឧត្តម ហ៊ុន ម៉ានី ជាង ៥០០ នាក់ បានចុះពិនិត្យព្យាបាលជំងឺជូនប្រជាព​លរ​ដ្ឋរស់នៅឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាង៥ ០០០នាក់ ដោយឥតគិតថ្លៃ​ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ។

ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត បានឱ្យដឹងថា ការ​ចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ​នេះ ​ក្រុមគ្រូ​ពេទ្យ​​​បាន​អនុវត្ត​​ជូន​ពលរដ្ឋចំនួន៥ ៧១៨ នាក់​ ដែល​​ការពិនិត្យ និងព្យាបាលជំងឺ​នេះ ត្រូវបានធ្វើឡើង ក្នុងបរិវេណអនុវិទ្យាល័យ ហ៊ុន សែន ភ្នំជាល។

ឯកឧត្តមបានរំលេចពីលទ្ធផលសកម្មភាពមនុស្សធម៌នេះថា ​រយៈពេល១១ឆ្នាំ ដោយគិតចាប់​ពី​ថ្ងៃទី​ ២ ធ្នូ ឆ្នាំ២០១២ រហូ​តដល់ ថ្ងៃទី១១ មិថុនា ឆ្នាំ២០២៣នេះ ​​ក្រុមគ្រូពេទ្យចំនួន ១២០ ៦៩ នាក់ បានពិនិត្យ និងព្យាបាលជំ​ងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង២៥រាជធានី-ខេត្ត បានចំនួន១ ០៧៦លើក រួចមកហើយ»។ក្នុងនោះ​ក្រុមគ្រូពេទ្យបាន​​ព្យាបាលជំងឺបានចំនួនជាង ១១.៧៧០.០០០នាក់​ ដែលក្នុង​ចំណោមនោះ​​ មានស្ត្រី​ ជាងប្រាំមួយលាន​នាក់ផងដែរ​។​

ឯកឧត្តម លេង ផាលី បាន​បន្តថា ការចុះពិនិត្យ និងព្យាបាលជំងឺ​ និងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ១៩  ក្នុងក្របខណ្ឌទូទាំងប្រទេសជាមួយរាជរដ្ឋាភិបាល គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពី​សេចក្តីស្រឡាញ់​ក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយអនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ​។

លើសពីនេះ ​ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ជាង ៤ ៦០០ នាក់ បាននិងកំពុងចុះយុទ្ធនាកា​រចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសដោយ​ឥតគិតថ្លៃដោយបាន​ចាក់ជូនប្រជាពលរដ្ឋបានប្រមាណជាង ១០​លាន​ ដូស​ ក្នុង២៥រាជធានី-ខេត្ត​។

យោងតាម​ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បាន​លើកឡើងថា ​លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកសំរោងទង បានថ្លែង​អំណរគុណ និងកោត​សរសើរដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត​ដែលតែងតែមានសកម្មភាពយ៉ាងសកម្មចុះជួយពិនិត្យព្យាបាល និង​ចាក់វ៉ាក់សាំងជូន​​ពលរដ្ឋ​ដោយឥតគិតថ្លៃ​នេះ​។

សូមបញ្ជាក់ដែរថា ចំនួនប្រជាពលរដ្ឋ​ដែល​ត្រូវ​បានពិនិត្យ និងព្យាបាលនេះ​​ បើគិតសេវាជាមធ្យមប្រជាព​លរដ្ឋក្នុងម្នាក់ត្រូវ​​ចំណាយថវិកា​អស់ ៥០ដុល្លារ ដែល​ត្រូវចំណាយទាំងអស់​ប្រហែលជាង ៥​៨៨ លា​ន​ដុល្លារអាមេរិក​៕

ដោយ៖បូរ ពេជ្រហ្សាលីន

ads banner