រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ ប្រជាពលរដ្ឋទាំងអស់កុំភ្លេចខ្លួន ចំពោះលទ្ធភាពនៃការបន្តចរាចរនូវពពួកវីរុសកូវីដ១៩បំប្លែងថ្មីៗ
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានធ្វើការពញ្ញាក់ស្មារតីប្រជាពលរដ្ឋជាថ្មីដោយអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់កុំភ្លេចខ្លួន ចំពោះលទ្ធភាពនៃការបន្តចរាចរនូវពពួកវីរុសកូវីដ១៩បំប្លែងថ្មីៗ ពីប្រទេសមួយទៅប្រទេសមួយ ដែលអាចបង្កលទ្ធភាពឱ្យមានការផ្ទុះឡើងសារជាថ្មីវិញ។
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ផងនោះ បានលើកឡើងដូចនេះតាមរយៈសេចក្តីណែនាំមួយនៅថ្ងៃទី១២ ខែមិថុនាឆ្នាំ២០២៣ ស្តីពីវិធានការសុខាភិបាលបន្តសម្រាប់ការឆ្លើយតបវិបត្តិកូវីដ១៩ និងការត្រៀមលក្ខណៈសម្រាប់បង្ការការផ្ទុះឡើងនូវជំងឺឆ្លងថ្មីៗដែលអាចកើតមាននាពេលខាងមុខ។

សេចក្តីណែនាំបានផ្តោតលើប្រាំមួយចំណុចសំខាន់ក្នុងនោះរួមមាន៖ បន្តវិធានការ “៣ការពារ និង៣កុំ,បន្តចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ,ពង្រឹងសមត្ថភាពជាតិក្នុងការឆ្លើយតប,កម្មវិធីចាក់ថ្នាំបង្ការកូវីដ-១៩ នៅក្នុងជីវិតមនុស្សជាទូទៅ,បន្តតាមដានដោយយកចិត្តទុកដាក់នូវស្ថានភាពជំងឺដែលអាចបង្កការរាតត្បាតនាពេលខាងមុខ និងបន្តការធ្វើទំនាក់ទំនងហានិភ័យ (Risk Communication)។
ឯកឧត្តម ម៉ម ប៊ុនហេង បានបញ្ជាក់ថា ៖ «សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំភ្លេចខ្លួនឱ្យសោះ ពីលទ្ធភាពដែលអាចមានការបន្តចរាចរនូវពពួកវីរុសកូវីដ១៩បំប្លែងថ្មីៗ ពីប្រទេសមួយ ទៅប្រទេសមួយ ដែលអាចបង្កលទ្ធភាពឱ្យមានការផ្ទុះឡើងសារជាថ្មីវិញនូវការរាតត្បាតក្នុងសហគមន៍ ប្រសិនបើបុគ្គល គ្រួសារ និងសហគមន៍ មានការធ្វេសប្រហែស»។

ឯកឧត្តមបន្តថា វីរុសកូវីដ១៩ នៅមិនទាន់ទៅណាឆ្ងាយទេ មិនត្រឹមតែប៉ុណ្ណោះ ការបំប្លែងខ្លួនថ្មីៗរបស់វានៅមានជាបន្តបន្ទាប់ ពិសេស ពពួកបំប្លែងថ្មីៗដូចជា៖ BA.2, XBB, XBB.1.5, XBB.1.9.1, XBB.1.17.1 ជាដើម ដែលបានបង្ហាញច្បាស់ថា វីរុសកូវីដ១៩ នៅតែបន្តមានវត្តមាននៅឡើយ ក្នុងនោះកម្ពុជា ក៏ជាប្រទេសមួយដែលទទួលរងនូវផលប៉ះពាល់ពីការចម្លងនៃវីរុសកូវីដ១៩ បំប្លែងថ្មីៗនេះដែរ។
ទន្ទឹមនឹងនេះដែរឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏បានរម្លឹកជាថ្មីពីការបន្តការចាក់វ៉ាក់សាំងកូវីដ១៩ដើម្បីការពារ ថែរក្សាការរស់នៅជាធម្មតានៅក្នុងប្រក្រតីភាពថ្មីបានយូរអង្វែង និងការពារសុខភាពផ្ទាល់ខ្លួនផងដែរ។
ឯកឧត្តម ម៉ម ប៊ុនហេង បញ្ជាក់ថា ៖ «ខ្ញុំសូមឱ្យរដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំងអស់ បន្តយកចិត្តទុកដាក់ជំរុញការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញជាបន្តបន្ទាប់ទៀត ពិសេសនៅតាមតំបន់ដែលមានអត្រាចាក់ដូសជំរុញនៅទាប និងត្រូវយកចិត្តទុកដាក់ផ្តល់វ៉ាក់សាំងនេះដល់ក្រុមគ្រូពេទ្យ ក្រុមអ្នកប្រតិបត្តិការជួរមុខ ក្រុមងាយរងគ្រោះ ដូចជាជនវ័យចាស់ ស្ត្រីមានផ្ទៃពោះ និងអ្នកដែលមានជំងឺរ៉ាំរ៉ៃ»។
មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ត្រូវបន្តការងារអប់រំសុខភាព និងជំរុញការចូលរួមរបស់បុគ្គល ក្រុមគ្រួសារ និងសហគមន៍នៅក្នុងការការពារពីការចម្លងមេរោគ ក្នុងនោះមានវីរុសកូវីដ១៩ ពួកបំប្លែងថ្មីៗ ជាមួយនឹងការគ្រប់គ្រងប្រឆាំងនឹងព័ត៌មានមិនពិត ប្រឌិត ឬក្លែងបន្លំ ជាដើមផងដែរ។ លោក ម៉ម ប៊ុនហេង បន្ថែម។

លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល កាលពីថ្ងៃទី១១ ខែមិថុនា បានអំពាវនាវផងដែរឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នសម្រាប់សុខភាពផ្ទាល់ខ្លួនរបស់ខ្លួន បើទោះបីជាស្ថានភាពកូវីដ១៩ មានភាពល្អប្រសើរ និងបានកំពុងបន្តការរស់នៅធម្មតាក្នុងប្រក្រតីភាពថ្មីមាននិរន្តន៍ភាពក៏ដោយ។
លោកជំទាវថា «ថ្វីត្បិតតែស្ថានភាពកូវីដ១៩ មានភាពល្អប្រសើរ ដើម្បីបន្តការរស់នៅធម្មតាក្នុងប្រក្រតីភាពថ្មីមាននិរន្តន៍ភាព សូមបន្តការប្រុងប្រយ័ត្នសម្រាប់សុខភាពផ្ទាល់ខ្លួនលោកអ្នកទោះទៅទីណា ដោយការវាយតម្លៃហានិភ័យដោយខ្លួនឯងបានត្រឹមត្រូវ»។
យោងតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី១១ ខែមិថុនា កម្ពុជាមានករណីឆ្លងមេរោគកូវីដ១៩ សរុបចំនួន១៣៨ ៨៤២នាក់ អ្នកជាសះស្បើយសរុបចំនួន១៣៥ ៧៤៦នាក់ និងអ្នកស្លាប់ចំនួន៣ ០៥៦នាក់៕

ដោយ៖នាង សុគន្ធា