ឯកឧត្ដម ជា ចាន់តូ ចាត់ទុកអគារថ្មី នៃមណ្ឌលសុខភាពតាំងក្រសាំង ជាសមិទ្ធផលថ្មី សម្រាប់ប្រជាពលរដ្ឋក្នុងការទទួលបានសេវាសុខភាពប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព
កំពង់ធំ៖ មណ្ឌលសុខភាពតាំងក្រសាំង ទទួលបានអគារថ្មី ១ខ្នង កម្ពស់២ជាន់ ដែលជាចំណងដៃថ្មី របស់ឯកឧត្ដម ជា ចាន់តូ និងលោកជំទាវ ផ្ដល់ជូនដល់ស្រុកសន្ទុក បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីលើកកម្ពស់សុខាមាលភាពប្រជាជន ។ អគារថ្មីមណ្ឌលសុខភាពតាំងក្រសាំងនេះ បានបញ្ចុះបឋមសិលា កសាងនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ ដែលមានបណ្ដោយ៤៥ម៉ែត្រ ទទឹង១៦ម៉ែត្រ និងមានបន្ទប់សម្រាប់សម្រាក និងពិនិត្យព្យាបាលចំនួន២៨បន្ទប់ ក្រោមការជួយឧបត្ថម្ភពីឯកឧត្ដម ជា ចាន់តូ និងលោកជំទាវ និងធនាគារអ៊ូរី ។

ឯកឧត្ដម ជា ចាន់តូ បានចាត់ទុកអគារមណ្ឌលសុខភាពតាំងក្រសាំងថ្មីនេះ ជាសមិទ្ធផលថ្មីមួយបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋក្នុងការទទួលបានសេវាសុខភាពប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព ហើយក៏ជាការរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាលឱ្យកាន់តែរីកចម្រើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ផងដែរ។

ឯកឧត្ដម ជា ចាន់តូ បានកត់សម្គាល់ថា បច្ចុប្បន្ន ស្រុកសន្ទុក មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក៏ឃើញថា មានភាពកាន់តែប្រសើរឡើងផងដែរ ក្នុងនោះ តម្រូវការសេវាសុខាភិបាលរបស់ប្រជាពលរដ្ឋ ក៏មានការកើនឡើង ដែលចាំបាច់ត្រូវផ្ដល់លទ្ធភាព និងមានការលើកកម្ពស់សេវាសុខភាពនេះឲ្យកាន់ប្រសើរឡើងដែរ។

ឯកឧត្ដម ក៏បានចាត់ទុកការចូលរួមចំណែកនៅក្នុងការជួយឧបត្ថម្ភដល់ការកសាងអគារមណ្ឌលសុខភាពតាំងក្រសាំង ពីសំណាក់ធនាគារ អ៊ូរី នាពេលនេះ ជាការឆ្លើយតបទៅនឹងតម្រូវការប្រជាជនឲ្យទទួលបានសេវាសុខាភិបាលបានឆាប់រហ័សដែលមិនត្រឹមតែសម្រាប់ប្រជាពលរដ្ឋនៅស្រុកសន្ទុកទេ គឺសម្រាប់ស្រុកនៅជុំវិញថែមទៀតផង ៕





អត្ថបទ៖ វណ្ណលុក , រូបភាព៖ វ៉េង លីមហួត