ក្នុងមួយខែរាជរដ្ឋាភិបាលបានចំណាយថវិកា ៣០ លានដុល្លារ ដើម្បីផ្ដល់ជូនអតីតយុទ្ធជន ប្រមាណជិត ២០ ម៉ឺននាក់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មូលនិធិជាតិជំនួយសង្គមបានប្រកាសពីការបើកផ្តល់ប្រាក់របបសន្តិសុខសង្គមជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុកសរុបជិត ២០ម៉ឺននាក់ ដែលត្រូវចំណាយថវិកាក្នុងមួយខែប្រមាណ៣០លានដុល្លារអាម៉េរិក។

​​លោក ឈួរ សុបញ្ញា អគ្គនាយកមូលនិធិជាតិជំនួយសង្គម បានប្រាប់​ឱ្យដឹងនៅថ្ងៃទី​១២ ខែមិថុនា ថា ​មូ​ល​និធិជាតិជំនួយសង្គម បានបើកផ្តល់ប្រាក់របបសន្តិសុខសង្គមជូន​អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក ​ចាប់​តាំងពីឆ្នាំ២០១៩មក។

លោកបន្តថា ​ជារៀងរាល់ខែ រាជរដ្ឋាភិបាលបានចំណាយថវិការដ្ឋជាមធ្យមចន្លោះ ៣០លានដុល្លារអាម៉េរិក​ ដើម្បីផ្ដល់ជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក ដែល​មានចំនួន​សរុបប្រមាណជិត ២០ ម៉ឺននាក់ផងដែរ​។ ​

លោក ឈួរ សុបញ្ញា មានប្រសាសន៍ថា ​ចំពោះការបើកផ្ដល់របបនេះ ពួកគាត់បានទ​ទួលអត្ថប្រយោជន៍ដោយ​ថវិកានេះ​បាន​ចូលរួមចំណែកជួយដល់​ពួកគាត់បានមួយកម្រិតដែរ ​ក្នុងការដោះស្រាយបញ្ហាជីវភាព ការផ្គត់ផ្គង់ក្រុមគ្រួសារ​ បើទោះបីជារប​បនេះតិចតួចក្ដី ប៉ុន្តែវាដោះស្រាយសមល្មមក្នុងការរស់នៅបាន​។

លើសពីនេះលោក ឈួរ សុបញ្ញា​ ក៏បានបញ្ជាក់ដែរថា ក្រៅពីការផ្ដល់ប្រាក់របបសន្តិសុខសង្គមហើយ អ​តីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក ពួកគាត់ក៏អាចទទួលបានបណ្ណប.ស.ស សម្រាប់ប្រើ​ប្រាស់ក្នុងការព្យាបាលដោយមិនអស់ថវិកា ដែលរដ្ឋ​ ជាអ្នកចំណាយថវិកាជូនពួកគាត់ផងដែរ។

លោកបន្ថែមថា ដូច្នេះទាំងអស់នេះ​ គឺជារបបមួយដែលរាជរដ្ឋាភិបាលបានផ្ដល់ជូនជាការអរគុណ ដឹងគុណ ចំពោះអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល ​ប៉ូលិស និង​ទាហានជាដើម​។​

​យោងតាមសេចក្ដីប្រកាសរបស់មូលនិធិជាតិជំនួយសង្គម ដែលចុះថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២៣ បាន​​ឱ្យដឹងថា ការបើកផ្តល់ប្រាក់របបសន្តិសុខ សង្គមជូន អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក លើកទី១ ប្រចាំខែមិថុនា នឹងត្រូវទៅបើកចាប់ពីថ្ងៃទី១៣ ខែមិថុនា​នេះ​។

ប្រភពដដែលបាន​ឱ្យដឹងទៀតថា សម្រាប់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក ដែ​លមានអាស្រ័យដ្ឋាននៅរាជធានីភ្នំពេញ អាចបើកប្រាក់​នេះ តាមរយៈប្រព័ន្ធធនាគារកា​ណាឌី​យ៉ា​ ហើយ​ស​ម្រា​ប់​អ្នក​នៅតាមបណ្ដាខេត្តទាំង២៤ អាចបើកប្រាក់របបសន្តិសុខសង្គមនេះ តាមរយៈ​​ធនាគារអេ​ស៊ីលីដា​ ​ដោយភ្ជាប់មកជាមួយសៀវភៅគណនីធនាគារ និងអត្តសញ្ញាណបណ្ណស​ញ្ជាតិខ្មែរ ឬ​កាតអេធីអ៊ីម។

មូលនិធិជាតិជំនួយសង្គម បានបញ្ជាក់ថា ៖ «ចំពោះប្រាក់គោលនយោបាយរបស់សពអតីតយុទ្ធជន អតីតម​ន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក នឹងត្រូវបានរៀបចំបើកជូនដល់គេហដ្ឋាន»។

​លោក ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា និងអ្នកជំនាញទស្សនវិជ្ជា បានឱ្យដឹងថា ការបើកផ្ដល់ប្រាក់របបសន្តិសុខសង្គម​​ជារឿងចាំបាច់​ដែលរាជរដ្ឋាភិបាល​គួរតែរៀបចំដូចនេះ​​ ព្រោះ​​ពេលដែល​អតីតមន្ត្រីរាជការស៊ីវិល នៅមានកម្លាំង ពួកគាត់បានធ្វើការបម្រើជាតិ បម្រើរដ្ឋ។ ​ហេតុនេះ រដ្ឋត្រូវតែជួយចិញ្ចឹមពួកគាត់វិញ នៅពេលដែលពួកគាត់មានវ័យចាស់​។

លោក ឈត ប៊ុនថង ថា ៖ «​រដ្ឋត្រូវតែជួយចិញ្ចឹមគាត់នៅក្នុងវ័យចាស់ ដែលជាការតបស្នងសងគុណ ដែលពួកគាត់បានលះបង់សាច់ស្រស់ ឈាមស្រស់ បាត់បង់ទាំងជីវិត និងបាត់បង់ទាំងកាយសម្បទា។ ដូច្នេះរាជរដ្ឋាភិបាល បានបើកផ្ដល់នូវប្រាក់របបសន្តិសុខសង្គមហ្នឹង វាបង្ហាញអំពីការយកចិត្តទុកដាក់ ជាកា​រសងគុណ ជាការតាមថែទាំសុខភាព ជីរភាពរបស់ពួកគាត់»។

លោកបន្ថែមថា ​ការផ្ដល់ប្រាក់របបសន្តិសុខសង្គមនេះ វាក៏ជាកាយវិការមួយដែលត្រូវលើកទឹកចិត្ត និងត្រូវតែគាំទ្រសកម្មភាពដ៏ល្អមួយនេះជាបន្តទៅទៀតផងដែរ​៕

ដោយ៖ជា សុខនី

ads banner