ច្រេសប្រើធ្វើជាបន្លែកកូរ និង គេជឿថាផ្កា សម្បក និងស្លឹក អាចប្រើជាឱសថបុរាណព្យាបាលរោគជំងឺផង

ភ្នំពេញ៖ ច្រេស មានឈ្មោះវិទ្យាសាស្ត្រហៅថា Albizia lebbeck (L.) Benth ជារុក្ខជាតិដុះដោយឯកឯង និងត្រូវបានគេដាំនៅតាមភូមិធ្វើជាម្លប់ និងយកស្លឹកធ្វើជាបន្លែ។ វាមានប្រភពដើមមកពីប្រទេសឥណ្ឌា និងប្រទេសជិតខាង។

បើយោងតាមការចុះផ្សាយទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន នៅថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៣ បានបង្ហាញពីសារៈសំខាន់ៗ របស់ ច្រេស មានដូចជា៖
*លក្ខណៈរូបសាស្ត្រ៖ ដើមមានកម្ពស់១៨-២៥ម។ សម្បកដើមប្រេះ គគ្រើមផ្នែកខាងគល់ មានពណ៌ត្នោត ផ្នែកខាងលើពណ៌ប្រផេះ។ ស្លឹករួមស្និត២ដង (bipennate) ស្លឹកនីមួយៗមានកូន ស្លឹក (leaflet) ៣ឬ៦គូ តម្រៀបឈមគ្នា (opposite) កូនស្លឹករាងពងក្រពើ។ កញ្ចុំផ្កា ជាកូរាំ (corymb) ដែលមានផ្កាតម្រៀបស្មើកម្ពស់គ្នា តែមិនស្មើប្រវែងគ្នាទេ ចេញ នៅគល់ស្លឹកចុងមែក។ ផ្កាមានត្របក ៥ជាប់គ្នាជាបំពង់ តែដាច់គ្នានៅចុងបំពង់។ កេសរឈ្មោលច្រើន ហើយមានទងជាប់គ្នានៅផ្នែកក្រោម។ កេសរញីតែ១ គ្មានទង។ ផ្លែជាគ្ហូស្ស (pod) មានប្រវែង២០-៣០ស.ម បែកតាមចំហៀងសងខាង។ គ្រាប់សំប៉ែត។

*លក្ខណៈជីវសាស្ត្រ៖ បន្តពូជដោយគ្រាប់ ចេញផ្កានៅខែធ្នូ។
*លក្ខណៈអេកូឡូស៊ី៖នៅប្រទេសខ្លះ ដំបូងគេដាំដើមនេះក្នុងចម្ការកាហ្វេ ដើម្បីឱ្យមានម្លប់ តែយូរៗទៅ ដើមនេះដុះកាន់តែច្រើននៅគ្រប់កន្លែង ហើយក្លាយទៅជារុក្ខជាតិរាតត្បាត។

ការប្រើប្រាស់៖
*ជាបន្លែ៖ ស្លឹកធ្វើជាបន្លែសម្រាប់បង់ក្នុងសម្លកកូរ។
*ជាឱសថ៖ ផ្កាច្រេសអាចព្យាបាលជំងឺបូស ឬដំបៅផ្សេងៗ។ ស្លឹកព្យាបាលក្អក។ សម្បកឈើអាចព្យាបាលរាកមួល៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner