សហគមន៍ធុរកិច្ចកម្ពុជាអបអរសាទរវីរជនដែលនៅពីក្រោយយុទ្ធនាការប្រមូលដបត្រឡប់មកវិញ

ភ្នំពេញ៖ វេទិកាធុរកិច្ចបៃតងប្រចាំឆ្នាំរបស់គណៈកម្មាធិការធុរកិច្ចបៃតង នៃសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) បានប្រមូលផ្តុំអ្នកដឹកនាំដែលមកពីវិស័យឧស្សាហកម្ម អាជីវកម្ម អ្នកផ្តួចផ្តើមគំនិត និងអ្នកបង្កើតគោលនយោបាយ ដើម្បីពិភាក្សាអំពីវិធីពន្លឿនវឌ្ឍនភាពរបស់ប្រទេសកម្ពុជា ឆ្ពោះទៅរកគោលដៅសេដ្ឋកិច្ចបៃតងរបស់ខ្លួន។

វេទិកានេះក៏បានបង្ហាញអំពីការចាប់ផ្តើមនៃយុទ្ធនាការការប្រមូលដបត្រឡប់មកវិញនៅកម្ពុជា ដែលយុទ្ធនាការនេះ បានដាក់សាកល្បងនៅតាមវិស័យអាហារ និងភេសជ្ជៈ និងអាជីវកម្មបដិសណ្ឋារកិច្ចក្នុងស្រុកនៅក្នុងទីក្រុងភ្នំពេញ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២៣។ វេទិកានេះត្រូវបានបញ្ចប់ដោយការប្រារព្ធពិធីអបអរសាទរដល់ធុរកិច្ច និងសហគ្រិនកម្ពុជាចំនួន ១៤រូប សម្រាប់ការចូលរួមរបស់ពួកគេ ក្នុងយុទ្ធនាការការប្រមូលដបត្រឡប់មកវិញ។ ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា កម្មវិធីដែលយើងប្រារព្ធថ្ងៃនេះ ជាកម្មវិធីដែលមានសក្តានុពល ក្នុងការត្រួសត្រាយឱ្យមានលទ្ធភាពក្នុងការប្រមូលមកវិញ និងការប្រើប្រាស់ឡើងវិញបន្ថែមនៅកម្ពុជា។

លោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) បានបញ្ជាក់ថា វេទិកាប្រចាំឆ្នាំនេះ បានគូសបញ្ជាក់អំពីតម្រូវការបន្ទាន់ ដើម្បីទទួលបានអនាគតមួយ ដែលការអនុវត្តប្រកបដោយនិរន្តរភាពក្លាយជាទម្លាប់។ តម្រូវការនេះជាចក្ខុវិស័យដែលទាមទារឱ្យមានសកម្មភាពរួបរួមកាន់តែច្រើន។ លោក Samson Wong នាយកគ្រប់គ្រងក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានបញ្ជាក់ថា យុទ្ធនាការប្រមូលដបមកវិញ គ្រាន់តែជាការចាប់ផ្តើមនៃកិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងដំណើរប្រើប្រាស់ឡើងវិញប៉ុណ្ណោះ។ យើងស្វាគមន៍ក្រុមហ៊ុនផលិតភេសជ្ជៈផ្សេងទៀតចូលរួមសហការជាមួយគ្នាដើម្បីឆ្ពោះទៅរកការបង្កើតខ្សែសង្វាក់ប្រកបដោយនិរន្តភាព។

ចំណែកលោកស្រី Shereen Teh ប្រធានផ្នែកពាណិជ្ជកម្មនៅក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានគូសបញ្ជាក់ថា នៅពេលដែលយុទ្ធនាការប្រមូលដបមកវិញចាប់ផ្តើមទទួលបានសន្ទុះ អ្នកប្រើប្រាស់នឹងឃើញហាង និងភោជនីយដ្ឋានដែលពួកគេចូលចិត្តកាន់តែច្រើនប្រគល់ដបភេសជ្ជៈទៅក្រុមហ៊ុនវិញ ក្នុងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយកាកសំណល់។ គោលបំណងរបស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា គឺភ្ជាប់ទំនាក់ទំនងមនុស្ស ខណៈពេលដែលយើងកំពុងធ្វើឱ្យពិភពលោកកាន់តែប្រសើរឡើង។ យើងក៏សង្ឃឹមដែរថា សកម្មភាពនេះនឹងអាចធ្វើជាគំរូទៅអាជីវកម្មផ្សេងទៀតក្នុងវិស័យនេះ៕

អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner