ឌិត សំណាង ជាកីឡាការិនីចំបាប់ដំបូងឈ្នះមេដាយប្រាក់ ពីការប្រកួត Beach Wrestling World Series ជូនកម្ពុជា

ភ្នំពេញ ៖ កីឡាការិនីចំបាប់កម្ពុជា ឌិត សំណាង ដណ្តើមបានមេដាយប្រាក់១គ្រឿង ក្រោយប្រកួតចាញ់កីឡាការិនីរ៉ូមេនី នៅវគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍កីឡាចំបាប់ឆ្នេរខ្សាច់ស៊េរីពិភពលោក (Beach Wrestling World Series) នៅប្រទេសសិង្ហបុរី នៅល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។

លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជាអ្នកឧបត្ថម្ភទាំងស្រុងសម្រាប់ប្រតិភូកីឡាចំបាប់កម្ពុជា ក្នុងបេសកម្មប្រកួតកម្រិតពិភពលោកនេះមានប្រសាសន៍ថា ទោះ បីជាកីឡាការិនីកម្ពុជាដណ្តើមបានមេដាយប្រាក់ក៏ពិតមែន ប៉ុន្តែយើងពិតជាសប្បាយរីករាយណាស់ ពីព្រោះនេះជាការប្រកួតប្រកួតកម្រតិពិភពលោក។ លោកបន្ថែមថា នៅក្នុងការប្រកួតជម្រុះ កីឡាការិនី ឌិត សំណាង បានប្រកួតឈ្នះកីឡាការិនីបារំាង អេស្បាញ ចិន និងកេនយ៉ា ហើយបានឆ្លងផុតមកដល់វគ្គផ្តាច់ព្រ័ត្រជួបជាមួយនឹងកីឡាការិនីរ៉ូមេនី។ នេះជាមោទនភាពជាតិ ដែលចំបាប់កម្ពុជាដណ្តើមមេដាយប្រាក់ លើប្រភេទទម្ងន់ ៥០គីឡូក្រាម កម្រិតពិភពលោក ឆ្នាំ២០២៣នេះ ។

លោក ខេស៊ី បាណេត គូសបញ្ជាក់ថា «នេះជាការទី១ ដែលចំបាប់កម្ពុជាបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ឆ្នេរខ្សាច់ស៊េរីពិភពលោក ឆ្នាំ២០២៣។ យើងឃើញថា ចំបាប់កម្ពុជាមានសក្តានុពលបន្ថែមទៀត សម្រាប់ការចូលរួមប្រកួតបន្ត នៅឆ្នាំក្រោយ ហើយយើងសង្ឃឹមថា កម្ពុជានឹងជោគជ័យបន្ថែមទៀត»។

អនុប្រធានសហព័ន្ធចំបាប់រូបនេះពន្យល់ថា ការប្រកួតកីឡាចំបាប់ឆ្នេរខ្សាច់ស៊េរីពិភពលោកនេះ គឺជាប្រកួតប្រជែងកំណត់ឲ្យដឹងនូវពិន្ទុ ដើម្បីទទួលបានសិទ្ធិឆ្ពោះទៅចូលរួមប្រកួតជើងឯកពិភពលោក។ ដូច្នេះ ឌិត សំណាង ជាបេក្ខភាពចូលរួមប្រកួតជើងឯកពិភពលោក នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី នាខែសីហា ឆ្នាំ២០២៣ ជាមួយនឹងបេក្ខភាពកីឡាការិនី ដូចនៅក្នុងការប្រកួត World Series នៅសិង្ហបុរីនេះដែរ។ កីឡាការិនីកម្ពុជារូបនេះទទួលបានសិទ្ធិជាលើកដំបូង សម្រាប់ចូលរួមប្រកួតជើងឯកពិភពលោក នាខែសីហាខាងមុខ ពីព្រោះកន្លងមក ចំបាប់កម្ពុជាមិនធ្លាប់មានសិទ្ធិជាផ្លូវការ សម្រាប់ការចូលរួមប្រកួតជើងឯកពិភពលោកនេះទេ។

គួរបញ្ជាក់ថា សហព័ន្ធកីឡាចំបាប់កម្ពុជាបានបញ្ជូនប្រតិភូកីឡករកីឡាការិនីជម្រើសជាតិរបស់ខ្លួនសរុប ចំនួន ៦នាក់ រួមមាន៖ លោក កាង ដែនពិសិដ្ឋ គ្រូបង្វឹក, កីឡាការិនី ឌិត សំណាង (-50kg), កីឡាការិនី សឿន នឿន (-60kg), កីឡាករ ឈឿន ឈាង (-70kg), កីឡាករ ឆាំ ពិស៊ិន (-80kg) និងកីឡាករ ហេង វុទ្ធី (-90kg) ដែលចូលរួម Beach Wrestling World Series លើកទី២ ដែលនឹងរៀបចំនៅប្រទេសសឹង្ហបុរី ពីថ្ងៃទី៩-១០ ខែមិថុនា ឆ្នាំ២០២៣៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner