មេដឹកនាំកូរ៉េខាងជើង ប្តេជ្ញាថានឹងចាប់ដៃគ្នាជាមួយ លោក ពូទីន សម្រាប់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ

ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃចន្ទថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្តេជ្ញាថានឹងចាប់ដៃគ្នាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើគោលដៅរួមគ្នារវាងប្រទេសទាំង២។

លោក គីម បានធ្វើការសន្យាបែបនេះក្នុងលិខិតមួយផ្ញើទៅកាន់លោក ពូទីន ដែលប្រារព្ធទិវាជាតិរបស់រុស្ស៊ី ដោយការពារការសម្រេចចិត្តរបស់រុស្ស៊ី ក្នុងការឈ្លានពានអ៊ុយក្រែន ដោយថែមទាំងបង្ហាញការគាំទ្រនិងសាមគ្គីភាពយ៉ាងពេញលេញទំហឹងផងដែរ។

លោក គីម ថ្លែងថា ៖ «យុត្តិធម៌នឹងឈ្នះប្រាកដ ហើយប្រជាជនរុស្ស៊ី នឹងបន្តបន្ថែមសិរីរុងរឿងដល់ប្រវត្តិសាស្រ្តនៃជ័យជំនះ»។ នេះបើតាម KCNA។

តាមរយៈនេះលោក គីម បានអំពាវនាវឱ្យមាន «កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រកាន់តែជិតស្និទ្ធ» ជាមួយទីក្រុងមូស្គូ ដោយនឹងកាន់ដៃគ្នាយ៉ាងរឹងមាំជាមួយប្រធានាធិបតីរុស្ស៊ី ដោយអនុលោមតាមបំណងប្រាថ្នារួមរបស់ប្រជាជននៃប្រទេសទាំងពីរដើម្បីសម្រេចបាននូវគោលដៅធំនៃការកសាងប្រទេសដ៏មានឥទ្ធិពលមួយ។

គួររំឭកថា កូរ៉េខាងជើងបានព្យាយាមបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយវិមានក្រឹមឡាំង និងគាំទ្រទីក្រុងមូស្គូចំពោះការលុកលុយប្រទេសអ៊ុយក្រែនទ្រង់ទ្រាយធំ ដែលចាប់ផ្ដើមកាលពីឆ្នាំមុន ហើយបន្ទោសលើ «គោលនយោបាយអនុត្តរភាព» របស់សហរដ្ឋអាមេរិក និងលោកខាងលិច។

ចំណែកឯរុស្ស៊ីវិញ ក៏ដូចគ្នា តែងគាំទ្រ ឬនិយាយការពារកូរ៉េខាងជើង នៅពេលប្រទេសឯកោប្រដាប់ដោយអាវុធនុយក្លេអ៊ែរមួយនេះ រងគំនាប ឬការរិះគន់ខ្លាំងៗពីសហគមន៍អន្តរជាតិ ចំពោះការបាញ់សាកល្បងអាវុធ រួមមានមីស៊ីលផ្លោងរបស់ខ្លួន ដែលធ្វើឱ្យភាពតានតឹងក្នុងតំបន់កើនឡើង៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner