បុរសជនជាតិអង់គ្លេសម្នាក់ត្រូវបានចាប់ខ្លួន ចំពោះការឡើងអគារខ្ពស់បំផុតរបស់កូរ៉េខាងត្បូងតាមកញ្ចក់
សេអ៊ូល៖ បុរសជនជាតិអង់គ្លេសម្នាក់ត្រូវបានអាជ្ញាធររបស់កូរ៉េខាងត្បូងចាប់ខ្លួននៅថ្ងៃទី១២ ខែមិថុនា ដោយសារតែការឡើងអគារ Lotte World Tower ដែលជាអគារខ្ពស់បំផុតរបស់ប្រទេសនេះ ពីខាងក្រៅតាមកញ្ចក់ ដោយគ្មានពាក់ខ្សែតោង។
បើតាមការរាយការណ៍របស់រ៉យទ័រ បុរសម្នាក់នោះ មានវ័យ ២៤ ឆ្នាំ ហើយស្លៀកតែខោខ្លីប៉ុណ្ណោះ ពេលឡើងលើអគារដែលមានកម្ពស់ ១២៣ ជាន់ (៥៥៥ ម៉ែត្រ)នោះ ដែលស្ថិតនៅទីក្រុងសេអ៊ូល ខណៈក្រុមប៉ូលីស និងក្រុមអ្នកពន្លត់អគ្គិភ័យ បានប្រមូលផ្តុំគ្នានៅពីខាងក្រោម។
បន្ទាប់ពីចំណាយពេលជាងមួយម៉ោង និងឡើងទៅដល់ជាន់ទី ៧៣ រួចមក លោកត្រូវបានអាជ្ញាធរកូរ៉េខាងត្បូង បង្ខំឱ្យឈប់ ហើយចូលទៅក្នុងអគារ។ មន្ត្រីនាយកដ្ឋានពន្លត់អគ្គិភ័យបាននិយាយថា ក្រោយពីនោះ ប៉ូលិសបាននាំខ្លួនលោកទៅឃុំឃាំង ដើម្បីសាកសួរបន្ត។ ប៉ូលិសមិនទាន់បានចេញព័ត៌មានលម្អិតស្ដីពីចេតនារបស់បុរសរូបនេះនៅឡើយទេ។
យោងតាមការចុះផ្សាយរបស់កាសែតកូរ៉េខាងត្បូង Chosun Ilbo បុរសនោះមានឈ្មោះថា George King-Thompsonដែលប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសធ្លាប់បានរាយការណ៍ថា លោកត្រូវបានចាប់ខ្លួននិងដាក់គុកពីបទឡើងអគារ Shard (កម្ពស់ ៣១០ ម៉ែត្រ)នៅទីក្រុងឡុងដ៍ក្នុងឆ្នាំ២០១៩។
នេះមិនមែនជាលើកដំបូងទេ ដែលមានគេព្យាយាមឡើងអគារ Lotte World Tower។ ក្នុងឆ្នាំ ២០១៨ ប៉ូលីសបានចាប់ខ្លួនលោក Alain Robert ដែលគេឱ្យឈ្មោះថា «បុរសពីងពាំងបារាំង» ក្រោយពេលលោកឡើងអគារនេះបានពាក់កណ្ដាល៕ ដោយ៖ ហួន ឌីណា