ក្រសួងព័ត៌មាន ចាប់ផ្តើមដំណើរការសាងសង់ស្ថានីយវិទ្យុ និងទូរទស្សន៍បូកគោ

ខេត្តកំពត ៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២៣ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទេព រង្សុី បានអញ្ជើញអុជធូបនៅទីសក្ការៈលោកយាយម៉ៅ លើកំពូល ភ្នំបូកគោ មុនដំណើរការរៀបចំពិធីបញ្ចុះបឋមសិលា សុំសេចក្តីសុខពីម្ចាស់ទឹកម្ចាស់ដី ដើម្បីរៀបចំសាងសង់ស្ថានីយវិទ្យុ និងទូរទស្សន៍បូកគោ ដែល មានទីតាំងស្ថិតនៅលើភ្នំបូកគោ ក្រុងបូកគោ ខេត្តកំពត ។

បន្ទាប់មក ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកជំទាវ អមដំណើរដោយ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការពិនិត្យបច្ចេកទេស និងរៀបចំស្ថានីយវិទ្យុ និងទូរទស្សន៍បូកគោ បានអញ្ចើញប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់ស្ថានីយវិទ្យុ និងទូរទស្សន៍ក្រុងបូកគោ ខេត្តកំពត ។

ឯកឧត្តម សុខ ប្រសិទ្ធិ បានលើកឡើងថា ក្រសួងព័ត៌មាន បានសិក្សាយ៉ាងលំអិតក្នុងការរៀបចំសាងសង់អគារ រួមទាំងស្ថានីយវិទ្យុ និងទូរទស្សន៍បូកគោ ដើម្បីពង្រីកប្រព័ន្ធផ្សព្វផ្សាយ នៅតាមបណ្តាខេត្តជាប់មាត់សមុទ្រ និងដែនកោះនៃព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែមានភាពទំនើបកម្មថែមទៀត ។

គម្រោងសាង់សង់អគារថ្មី នៅលើភ្នំបូកគោនេះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបញ្ជាក់ថា សម្រាប់ធ្វើជាអគារស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ផ្សាយបន្ត ពីស្ថានីយ៍កណ្តាល របស់ទូរទស្សន៍ជាតិកម្ពុជា និង ស្ថានីយ៍វិទ្យុជាតិ FM វត្តភ្នំ និង វិទ្យុជាតិ FM 96 ហើយអគារនេះ មានកន្លែងស្នាក់នៅរបស់បុគ្គលិក បន្ទប់ស្ទីតយោវិទ្យុ សាលប្រជុំ ទីតាំងសាងសង់ អង់តែន និងទីធ្លាសម្រាប់ចតយានយន្ត ពិសេសទៀតនោះធ្វើផ្លូវចូលសម្រាប់ជនពិការផងដែរ ។

សារៈសំខាន់នៃការសាងសង់ស្ថានីយ៍ វិទ្យុ និងទូរទស្សន៍ បូកគោនេះ ព្រោះជាទីតាំងនៅលើភ្នំបូកគោ មានលក្ខណ: អំណោយផលល្អ សម្រាប់ដាក់ស្ថានីយ៍ ផ្សាយបន្ត វិទ្យុជាតិ និងទូរទស្សន៍ជាតិកម្ពុជា ដែលអាចផ្សាយបានទៅកាន់តំបន់ឆ្ងាយៗ នៅជុំវិញ ខេត្តកំពត ពិសេស សម្រាប់អ្នកនេសាទនៅសមុទ្រ អាចបើកមើលឃើញ និងស្តាប់បាន ពីការផ្សាយដំណឹង និងព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ហើយអ្វីដែលសំខាន់គឺការផ្សាយ ព្យាករណ៏អាកាសធាតុ និងព័ត៌មានទាន់ហេតុការណ៍ទាក់ទង ខ្យល់ព្យុះ ដើម្បីអ្នកនេសាទនៅសមុទ្របានដឹងទាន់ពេល ហើយជៀសពីឧបទ្ទវហេតុផ្សេងៗដែលកើតមាន។

សម្រាប់គម្រោងនៃការសាងសង់អគារថ្មី រួមទាំងស្ថានីយ៍វិទ្យុ និងទូរទស្សន៍បូកគោគឺមានរយៈពេល ១៨ ខែ ចាប់ពីថ្ងៃបញ្ចុះបឋមសិលាសាងសង់នេះ ហើយអគារ និងវិទ្យុ ទូរស្សន៍នេះ គឺសម្រាប់បម្រើដល់ការងារផ្សព្វផ្សាយឱ្យបានច្រើនកន្លែង ដោយហេតុថា ពី១ថ្ងៃទៅមួយថ្ងៃ សម្រាប់ក្រសួងព័ត៌មាន កាន់តែមានកិច្ចការងារជាច្រើនដែល ត្រូវបំពេញទាំងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីធ្វើយ៉ាងណាអោយ វិស័យព័ត៌មាន និងសោតទស្សន៏កាន់តែរីកចម្រើន ស្របតាមការវិវត្តន៍នៃបច្ចេកវិទ្យា ព័ត៌មាន វិទ្យា និង ស្រប តាមទិសស្លោក ប្លែក លឿន ទុកចិត្តបាន នៅទីណា ពេលណាក៏បាន ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner