ឧបករណ៍វេជ្ជសាស្រ្តតម្លៃប្រាំពីរលានដុលា្លរអាមេរិក ត្រូវបានអង្គការយូនីសេហ្វប្រចាំកម្ពុជាផ្តល់ជូនក្រសួងសុខាភិបាល

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អង្គការយូនីសេហ្វប្រចាំកម្ពុជាដែលជាស្ថាប័នធ្វើលទ្ធកម្មឈានមុខគេនៃយន្តការផ្គត់ផ្គង់បរិក្ខារប្រយុទ្ធ និងព្យាបាលជំងឺកូវីដ១៩ (ACT-A) បានផ្តល់នូវឧបករណ៍វេជ្ជសាស្រ្តសម្រាប់ការព្យាបាលដោយអុកស៊ីសែន ដល់ក្រសួងសុខាភិបាល កម្ពុជា ដែលមានតម្លៃ រហូតដល់ប្រាំពីរលានដុលា្លរអាមេរិក។

ពិធីប្រគល់-ទទួលឧបករណ៍វេជ្ជសាស្រ្តទាំងនេះត្រូវបានប្រារព្ធធ្វើទ្បើងនៅទី១២ ខែមិថុនា ឆ្នាំ២០២៣ នាឃ្លាំងស្តុករបស់អង្គការស្បៀងអាហារពិភពលោកដោយមានការចូលរួមពីលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល, លោក វីល ផាកស៍ តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា និងមន្រ្តីនានាមកពីនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសុខាភិបាល។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការយូនីសេហ្វប្រចាំកម្ពុជាបានបញ្ជាក់ឱ្យដឹងថា អំណោយនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់យូនីសេហ្វ ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលរបស់ កម្ពុជា សម្រាប់ការថែទាំសុខភាពបឋមប្រកបដោយសមភាព ក្រោយដំណាក់កាលនៃស្ថានភាពដ៏ធ្ងន់ធ្ងរ បង្កដោយជំងឺរាតត្បាតកូវីដ១៩។

លោក វីល ផាកស៍ មានបានលើកឡើងថា ក្នុងអំទ្បុងនៃការរីករាតត្បាតកូវីដ១៩ លោកឃើញថាការទទួលបានឧបករណ៍អុកស៊ីសែន មានភាពមិនស្មើគ្នានៅក្នុងសកលលោក ដែលប៉ះពាល់យ៉ាងខ្លាំងដល់បណ្តាប្រទេសមានប្រាក់ចំណូលទាប និងមធ្យម។

លោកមានប្រសាសន៍ថា ៖ «យើងមាន មោទនភាពក្នុងការដើរតួនាទីជាផ្នែកមួយនៅក្នុងសកលលោក ដើម្បីដោះស្រាយនូវគម្លាតសមភាពនេះ ស្របពេលដែលយើងកំពុងលើកកម្ពស់សមត្ថភាពរបស់កម្ពុជា លើវិធានការសង្រ្គោះជីវិតសម្រាប់កុមារ និងគ្រួសារពួកគេ»។

ជាផ្នែកមួយនៃការស្តារ ទ្បើងវិញពីជំងឺរាតត្បាត អង្គការយូនីសេហ្វ នៅតែប្តេជ្ញាចិត្តក្នុងការ គាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាគុណភាព និងការទទួលបានដោយសមភាពនៃសេវាសុខភាព ការកាត់បន្ថយបន្ថែមទៀតនូវមរណភាពមាតា និងទារក ដើម្បីអាចឱ្យកុមារគ្រប់រូបមានសុខភាពល្អ និងឱកាសប្រសើរជាងមុនក្នុងការសម្រេចនូវសក្តានុពលរបស់ខ្លួន។ នេះបើតាមការលើកឡើងបន្ថែមពីលោក វីល ផាកស៍។

បើតាមអង្គការយូនីសេហ្វដដែល បានបញ្ជាក់ថា ចាប់តាំងពីមានការរាតត្បាតដំបូងនៃជំងឺកូវីដ យូនីសេហ្វបានផ្តល់ឲ្យកម្ពុជានូវអំណោយគិតជាទឹកប្រាក់ជាង ៤៤លាន ដុល្លារអាមេរិក ដោយរួមមាន ឧបករណ៍វេជ្ជសាស្រ្ត និងទូប្រព័ន្ធត្រជាក់ខ្លាំង, វ៉ាក់សាំងកូវីដ និងឱសថ ដោយមានការគាំទ្រពីដៃគូមួយចំនួនដូចជា ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) រាជរដ្ឋាភិបាលជប៉ុន អូស្រ្តាលី និងសាធារណរដ្ឋឆែក។

នាឱកាសនោះ លោកជំទាវ យក់ សម្បត្តិ ក៏បានថ្លែងអំណរគុណដល់យូនីសេហ្វសម្រាប់ការគាំទ្រដ៏មានតម្លៃ ក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពនឹងវិបត្តិជំងឺរាតត្បាតកូវីដ១៩ និងធានានូវការបន្តផ្តល់សេវាសុខភាពសំខាន់ៗសម្រាប់ស្រ្តី និងកុមារ ដូចជាការផ្តល់ថ្នាំបង្ការជាប្រចាំ និងសេវាថែទាំសុខភាពមាតា និងទារកជាដើម។

លោកជំទាវមានប្រសាសន៍ថា ភាពជាដៃគូ របស់យើងជាមួយយូនីសេហ្វ បានជួយពង្រឹងប្រព័ន្ធថែទាំសុខភាព និងការបណ្តុះបណ្តាលធនធានមនុស្ស ហើយអំណោយឧបករណ៍វេជ្ជសាស្ត្រអុកស៊ីសែននាថ្ងៃនេះ គឺជាជំហានមួយក្នុងការធ្វើទំនើបកម្មសម្ភារបរិក្ខារវេជ្ជសាស្រ្ត និងប្រព័ន្ធតាមដាន ដែលអាចជួយកាត់បន្ថយអត្រាមរណភាពមាតា ទារក និងកុមារ។

សូមបញ្ជាក់ដែរថា ឧបករណ៍ដែលជាអំណោយទាំងនេះរួមមាន ឧបករណ៍បង្កើនកម្រិតអុកស៊ីសែន, ម៉ូនីទ័រសម្រាប់អ្នកជំងឺ, ឧបករណ៍ពិនិត្យកម្រិតអុកស៊ីសែនក្នុងឈាម, ឧបករណ៍បញ្ចូល អុកស៊ីសែនក្នុងសួត និងឧបករណ៍សម្រាប់ព្យាបាលអុកស៊ីសែនដទៃទៀត។

ឧបករណ៍ទាំងនេះនឹងត្រូវបែងចែកទៅកាន់មណ្ឌលសុខាភិបាលចំនួន ១៣១ កន្លែង ដោយរួមមាន មន្ទីរពេទ្យថ្នាក់ជាតិ ខេត្ត និងស្រុក និងមណ្ឌលសុខភាពនៅទូទាំងប្រទេស នាប៉ុន្មានសប្តាហ៍ខាងមុខនេះ៕ ដោយ៖ នាង សុគន្ធា

ads banner