មន្រ្តីជំនាញ អំពាវនាវឱ្យពលរដ្ឋថែរក្សាសុខភាព និងបង្កើនការប្រុងប្រយ័ត្នចំពោះរបបអាហារប្រចាំថ្ងៃ
កណ្ដាល៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែតនិងជាអនុប្រធានទី៣គណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកកោះធំបានអំពាវនិងជំរុញដល់ពលរដ្ឋកម្ពុជាទាំងអស់ត្រូវយកចិត្តទុកដាក់ថែក្សាសុខភាព ពិសេសបង្កើនការយកចិត្តទុកដាក់លើរបបអាហារប្រចាំថ្ងៃ ដើម្បីកាត់បន្ថយហានិភ័យនៃបញ្ហាសុខភាពនានា។
ការអំពាវនាវនិងជំរុញនេះត្រូវបានធ្វើឡើងក្នុងពេលលោកចុះជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងឃុំព្រែកស្តី ស្ថិតនៅបរិវេណអនុវិទ្យាល័យ ហ៊ុន សែន ព្រែកស្តី ដោយមានក្រុមគ្រូពេទ្យស្មគ្រចិត្តសម្តេចតេជោ ហ៊ុន សែន គ្រប់ជំនាញឯកទេសចំនួន៤៧៣ នាក់ដែលបានរៀបចំឡើងកាលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។
លោក ឈាង រ៉ា បានថ្លែងឱ្យដឹងថា ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ត្រូវយកចិត្តទុកដាក់លើសុខភាពផ្ទាល់ខ្លួន និងចូលរួមកាត់បន្ថយហានិភ័យ ដែលបង្កឱ្យមានជំងឺមិនឆ្លង ដោយត្រូវប្រកាន់ទម្លាប់ឥរិយោបទទួលទានល្អ និងអនាម័យ។
លោកមានប្រសាសន៍ថា ៖ «ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយើង ការបរិភោគទាំងចំណីអាហារ និងភេសជ្ជៈ គួរជៀសវាង សូមកុំហូបអាហារប្រៃពេក ផ្អែមពេក កុំឱ្យមានជាតិខ្លាញ់ច្រើនពេក ហើយចំពោះភេសជ្ជៈវិញ សូមកុំទទួលទានភេសជ្ជៈណា ដែលមានជាតិអាល់កុលដូចជា សូរ៉ា ច្រើនពេក និងជាប្រចាំពេកដែរ បើអាចជៀសវាងបាននោះ គឺជាការប្រសើរ»។
ទន្ទឹមគ្នានេះ មន្រ្តីជំនាញ ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ យកចិត្តទុកដាក់ថែទាំសុខភាពរបស់ខ្លួន តាមរយៈការទៅពិនិត្យសុខភាពបឋម នៅមណ្ឌលសុខភាពឱ្យបានទៀងទាត់ផងដែរ។
ករណីនេះដែរ ត្រូវបាន លោក ហ៊ូ ក្រើន នាយកអង្គការ Helen Keller បានបង្ហាញការគាំទ្រចំពោះការជំរុញឱ្យយកចិត្តទុកដាក់លើរបបអាហារប្រចាំថ្ងៃដល់ប្រជាពលរដ្ឋ ពិសេសកុមារកម្ពុជា ព្រោះបើតាមរបាយការណ៍អាហារូបត្ថម្ភសកលឆ្នាំ២០២០ ក៏បានបញ្ជាក់ដែរថា នៅកម្ពុជា មានកុមារអាយុចាប់ពី៥ដល់១៩ឆ្នាំ ចំនួនប្រមាណជាង១ភាគ៨មានបញ្ហាឡើងទម្ងន់និងជំងឺធាត់។
ដោយលោកឱ្យដឹងថា ៖ «និន្នាការនេះ គឺនៅតែបន្តកើនឡើងជាលំដាប់ ខណៈចំនួន២ភាគបីនៃការស្លាប់នៅកម្ពុជា បណ្តាលមកពីជំងឺមិនឆ្លង ហើយភាគច្រើនមានការជាប់ពាក់ព័ន្ធនឹងការបរិភោគចំណីអាហារមិនប្រុងប្រយ័ត្ន»។
សូមរម្លឹកដែរថា តាមរយៈទិវាជំងឺទឹកនោមផ្អែមពិភពលោក ដែលធ្វើឡើងកាលចុងឆ្នាំ២០២២ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា បានជំរុញឱ្យពលរដ្ឋកម្ពុជាទាំងអស់ យកចិត្តទុកដាក់លើសុខភាពផ្ទាល់ខ្លួន តាមរយៈការផ្លាស់ប្តូរនៅរបររបរអាហារប្រចាំថ្ងៃ។
ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា ក៏បានបញ្ជាក់ដែរថា ដើម្បីថែរក្សាសុខភាពឱ្យបានល្អ គឺកុំពិសាប្រៃពេក កុំពិសាផ្អែមពេក កុំពិសាខ្លាញ់ពេក និងធ្វើលំហាត់ប្រាណជាប្រចាំ គឺជាមធ្យោបាយដ៏ល្អសម្រាប់ការចូលរួមការពារជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺមិនឆ្លងផ្សេងៗទៀតជាដើម។
ក្រសួងសុខាភិបាល បានបញ្ជាក់ដែរថា ៖«ការត្រួតពិនិត្យជាតិស្ករក្នុងឈាម ជាជំនួយក្នុងការរុករកបានទាន់ពេល នូវហានិភ័យនៃការកើតឡើងជំងឺទឹកនោមផ្អែម ដែលអាចឈានទៅរកការព្យាបាលបានទាន់ពេលផងដែរ»។
លើសពីនេះ សូមកែលម្អការទទួលទានកាបូអ៊ីដ្រាត ហាត់រៀនញ៉ាំ អាហារមួយចំណែកតូច (កុំឱ្យឆ្អែតពេក) ក្នុងពេលតែមួយ បរិភោគអាហារដែលមានជាតិសរសៃ ឬហ្វៃប៊ី (Fiber) ដែលមានជាតិស្ករទាប កុំពិសាបារី (បារីជំរុញឱ្យមានភាពស៊ាំអាំងស៊ុយលីន) និងធ្វើលំហាត់ប្រាណយ៉ាងហោច ណាស់៣០នាទីក្នុងមួយថ្ងៃ។ នេះបើតាមការលើកឡើងរបស់ក្រសួងសុខាភិបាល៕ ដោយ៖ បូរពេជ្រហ្សាលីន