ផលិតផលសក្តានុពលខេត្តកោះកុង៤៤មុខ នឹងត្រូវបង្ហាញខ្លួនក្នុងពិព័រណ៍ទេសចរណ៍ផ្លែឈើ និងផលិតផលភូមិមួយ ផលិតផលមួយ ជាលើកដំបូង នាពេលខាងមុខនេះ

អត្ថបទដោយ៖
CPA

កោះកុង៖ ផលិផលសក្តានុពលរបស់ខេត្តកោះកុងចំនួន ៤៤ មុខ នឹងរៀបចំបង្ហាញក្នុងពិព័រណ៍ទេសចរណ៍ផ្លែឈើនិងផលិតផលភូមិមួយ ផលិតផលមួយជាលើកទី១ ក្នុងរយៈពេលពីរថ្ងៃ គឺពីថ្ងៃទី ១៧ និង១៨ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីលើកស្ទួយជីវភាពកសិករ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្ត និងដើម្បីចូលរួមអបអរសាទរបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្ដប មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរផងដែរ។

លោក អន សុធារិទ្ធ អភិបាលរងខេត្តកោះកុង បានប្រាប់ឱ្យដឹងនៅថ្ងៃទី១២ ខែមិថុនាថា ការរៀបចំតាំងពិព័រណ៍នេះ គឺដើម្បីជំរុញចលនាភូមិមួយ ផលិតផលមួយ ដោយខេត្តកោះកុង នឹងតាំងបង្ហាញផលិតផលិតកសិកម្ម ដែលមានសក្តានុពលចំនួន៤៤មុខរបស់ខេត្ត នៅក្នុងពិព័រណ៍នេះ។យើងរៀបចំកម្មវិធីនោះ ក្នុងគោលដៅ ដើម្បីជំរុញ និងផ្សព្វផ្សាយពីផលិតផល របស់បងប្អូនប្រជាកសិករ សហគមន៍ ម្ចាស់សហគ្រាស ទូទាំងខេត្ត នៅលើទីផ្សារឱ្យបានទូលំទូលាយ។ ដូចយើងដឹងស្រាប់ហើយ ខេត្តកោះកុងមានផលិតផលកសិកម្ម ដែលមានភាពល្បីល្បាញច្រើនណាស់ ដូចជា សាវម៉ាវស្រែអំបិល, មង្ឃុត និងទុរេន ផងដែរ ដោយភ្ញៀវទេសចរ មកកម្សាន្តនៅខេត្តយើង មិនដែលមើលរំលងលើផលិតផលនេះឡើយ។

លោកបន្ថែមថា គណៈកម្មាធិការជំរុញចលនាភូមិមួយ ផលិតផលមួយនៃខេត្តកោះកុង បានរៀបចំស្តង់ប្រមាណ២០ស្តង់ សម្រាប់ដាក់តាំងបង្ហាញ និងលក់ផលិតផល ផ្លែឈើ និងផលិតផល ដែលផលិតបាន ក្នុងមូលដ្ឋាន របស់ខេត្តឱ្យបានច្រើន ខណៈដែលប្រជាពលរដ្ឋទាំងអស់ អាចចូលរួមទស្សនា និងភ្លក់ផ្លែឈើដោយឥតគិតថ្លៃ និងជួយទិញនូវផ្លែឈើ ក៏ដូចជាផលិតផលដទៃទៀតដែរ។

លោកបញ្ជាក់បន្ថែមថា ៖ «យើងរំពឹងថា ព្រឹត្តិការណ៍តាំងពិព័រណ៍នេះ នឹងរួមចំណែកធ្វើឱ្យទីផ្សារផលិតផលសក្តានុពលរបស់ខេត្ត កាន់តែមានភាពទូលំទូលាយ ក៏ដូចជាទាក់ទាញអ្នកទេសចរមកពីគ្រប់ទិស មកភ្លក់រសជាតិផលិតផលផ្លែឈើក្នុងខេត្តរបស់យើង ថាមានឱជារសឆ្ងាញ់ប៉ុណ្ណា»។

លោកស្រី កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាបានសាទរចំពោះការរៀបចំពិព័រណ៍ទេសចរណ៍ផ្លែឈើ និងផលិតផលភូមិមួយ ផលិតផលមួយរបស់ខេត្តកោះកុងនាពេលខាងមុខនេះ ដោយលោកស្រីបានប្រាប់ថា វត្តមានស្រ្តីជាម្ចាស់សិប្បកម្ម ឬសហគ្រាស ដែលបានបើកអាជីវកម្មក្នុងខេត្តកោះកុងមានច្រើនគួរសម។

លោកស្រីបានបញ្ជាក់ថា ៖ «វាជាការបង្កើតទីផ្សារថ្មីៗសម្រាប់ផលិតផលក្នុងស្រុក ព្រោះមានផលិតផលខ្លះដែលយើងផលិតបានមកហើយ ប៉ុន្តែប្រជាជនយើងខ្លះគាត់មិនទាន់បានស្គាល់ ។ខ្ញុំគាំទ្រឱ្យខេត្តនីមួយៗមានរៀបចំការតាំងពិព័រណ៍បែបនេះ កាន់តែច្រើន កាន់តែល្អ ព្រោះវាជាការរួមចំណែកលើកស្ទួយផលិតផលក្នុងស្រុកយើងមួយកម្រិតទៀត»។

សូមជម្រាបថា ផលិតផលសក្តានុពល របស់ខេត្តកោះកុង ដែលផលិតដោយ ក្រុមកសិករ សមាគម-សហគមន៍កសិកម្ម សហគ្រាសនានា រួមមានដូចជាបន្លែសុវត្ថិភាព មាន់ស្រែ ផ្លែឈើ ត្រី បង្គារក្រៀម កាពិ ទឹកត្រីបុកកោះកុង ទឹកឃ្មុំតំបន់ឆ្នេរ នំអន្សម នំចាក ជាដើម។

សូមរម្លឹកផងដែរថា តាមរយៈសារលិខិតអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី៦ ឆ្នាំ២០២៣ កាលពីខែមេសា កន្លងទៅនេះសម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើការបានអំពាវនាវដល់ក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធទាំងអស់ បន្តជំរុញការផលិត ការកែច្នៃផលិតផលខ្មែរ និងស្វែងរកទីផ្សារជូនផលិតករឱ្យបានទូលំទូលាយ ដើម្បីឱ្យស្របតាមទស្សនាទានចលនាភូមិមួយ ផលិតផលមួយ។

សម្ដេចតេជោបានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការជាតិជំរុញ ចលនាភូមិមួយផលិតផលមួយ ក្រសួងពាណិជ្ជកម្ម ស្ថាប័នពាក់ព័ន្ធ និងគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផល មួយរាជធានី ខេត្តទាំង២៥ ដែលបានសហការគ្នាយ៉ាងប្រទាក់ក្រឡា ក្នុងការលើកកម្ពស់ផលិតផលខ្មែរនិងដោះស្រាយនូវបញ្ហាប្រឈមសំខាន់ៗជាច្រើនក្នុងវិស័យផលិតកម្ម និងសេវាកម្ម។

សម្ដេចតេជោនាយករដ្ឋមន្រ្តីបញ្ជាក់ថា ពេលវេលាប្រមាណ៣០ឆ្នាំមុន ដែលរាជរដ្ឋាភិបាលបានហែលឆ្លងស្ថានភាពដ៏លំបាកលំបិនមួយ ដែលស្ថានភាពពេលនោះគឺដៃម្ខាងត្រូវខិតខំបញ្ចប់សង្គ្រាម ស្វែងរកសុខសន្តិភាព និងដៃម្ខាងទៀតគឺ ប្រឹងកសាងស្តារឡើងវិញ និងអភិវឌ្ឍប្រទេស រហូតឈានដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមបានទាំងស្រុង ក្រោមនយោបាយ ឈ្នះ ឈ្នះ ដែលនាំប្រទេសជាតិកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ។

សូមបញ្ជាក់ថា ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៦ បានរៀបចំឡើងនាខេត្តស្វាយរៀង កាលពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣៕ ដោយ៖ វណ្ណ សុជាតា

ads banner