បន្ទាប់ពីបែកធ្លាយរឿងអាស្រូវដ៏ខ្មៅកង្វក់៖ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀនគេចទៅក្រៅប្រទេសស្ងាត់ៗ

ភ្នំពេញ៖ បន្ទាប់ពីបែកធ្លាយរឿងអាស្រូវដ៏ខ្មៅកង្វក់របស់លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ឃុបឃិតគ្នាជាមួយជនក្បត់ជាតិ៣ជំនាន់ បោកប្រាស់សមាជិកខ្លួន និងយកលុយក្នុងការធ្វើឯកសារសុំសិទ្ធិជ្រកកោនទៅរស់នៅប្រទេសបារាំង គឺលោក ទាវ វណ្ណុល ចាកចេញពីប្រទេសកម្ពុជាស្ងាត់ៗ និងបានផ្ទេរសិទ្ធិជូនលោ សុក ហាច អនុប្រធានគណបក្ស ជាប្រធានស្តីទីគណបក្សភ្លើងទៀន។

យោងតាមលិខិតផ្ទេរសិទ្ធិចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ របស់លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន បានផ្ទេរសិទ្ធិជូនលោក សុក ហាច អនុប្រធានគណបក្ស ជាប្រធានស្តីទីគណបក្សភ្លើងទៀន ដើម្បីដឹកនាំ និងចាត់ចែងការងារគណបក្សប្រចាំថ្ងៃ ក្នុងពេលអវត្តមានរបស់លោក ចាប់ពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ រហូតដល់ពេលលោកប្រធានមានវត្តមាននៅក្នុងប្រទេសកម្ពុជា។

ការចាកចេញទៅក្រៅប្រទេសស្ងាត់ៗ របស់លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន គឺបន្ទាប់ពីលោកស្រី ញ៉ែម សាវ៉ាត សមាជិក និងជាអ្នកចម្រៀងរបស់គណបក្សភ្លើងទៀន បានចេញវីដេអូនិយាយលាតត្រដាតរឿងអាស្រូវឃុបឃិតគ្នារវាងលោក ទាវ វណ្ណុល និងទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី រួមទាំងបក្ខពួកក្នុងការយកលុយធ្វើឯកសារដើម្បីបានសិទ្ធិទៅជ្រកកោនទៅរស់នៅប្រទេសបារាំង។

លោកស្រី ញ៉ែម សាវ៉ាត បានអះអាងថា … អ្នកដែលអត់មានឯកសារទេ ក្រុមលោក សម រង្ស៊ី ធ្វើការយកលុយធ្វើឯកសារដើម្បីសុំសិទ្ធិជ្រកកោននៅទឹកដីបារាំង។ ហើយសូម្បីតតែបារាំងក៏ក្រុមលោក សម រង្ស៊ី បោកដែរ ព្រោះអត់ដឹង ហើយស្អីក៏ដោយឱ្យតែមានភស្តុតាង និងក្រដាសស្នាម គឺគេជឿតែម្តង ហើយធ្វើម៉េចឱ្យបានឯកសារទាំងនោះ ទោះចំណាយអស់ប៉ុន្មានក៏យើងចង់បានឯកសារបញ្ជាក់ពីគណបក្សភ្លើងទៀន និងអតីតគណបក្សសង្គ្រោះជាតិ ដើម្បីយកទៅរត់ឯកសារដើម្បីសុំសិទ្ធិជ្រកកោនរស់នៅបារាំង។ លោកស្រីបានទៅដល់ទឹកដីបារាំងកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ….។

លោកស្រី ញ៉ែម សាវ៉ាត បានបន្តថា លោកស្រីលែងនៅបារាំងទៀតហើយឆ្អែតឆ្អន់ ទ្រាំអត់បានទេ សំពាធផ្លូវចិត្តទ្រាំអត់បានទេ រស់នៅជាងនរកទៅទៀតដូចអណ្តើកក្នុងស្នូក ព្រោះនិយាយក៏មិនបាន ថាក៏មិនបាន។ …ចុងក្រោយដូចឆ្កែ ដូចសំរាមអ៊ីចឹង បក្ខពួនិយម។ មកដល់បារាំងប៉ាស្ព័រក៏គេដកទុក។

ទាក់ទងករណីនេះ សម្តេចតតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យអ្នកច្បាប់សិក្សាអំពីផ្លូវច្បាប់នូវលិខិតរបស់គណបក្សភ្លើងទៀន ដែលចុះហត្ថលេខាដោយលោក ទាវ វណ្ណុល ជាមួយលិខិតរបស់ខ្មោចគណបក្សសង្រ្គោះជាតិ ដែលចុះហត្ថលេខាដោយទណ្ឌិតរត់ចោលគុក តើមានទំនាក់ទំនងយ៉ាងណាជាមួយគ្នា?។

សម្តេចតេជោ ហ៊ុន សែន ក៏បានសូមឱ្យក្រសួងការបរទេសកម្ពុជាចាត់ចែងបំភ្លឺទៅរដ្ឋាភិបាលបារាំងលើករណីលិខិតទណ្ឌិតរត់ចោលគុកដែលមានចរិតមួលបង្កាច់រាជរដ្ឋាភិបាលកម្ពុជាផង និងបោកប្រាស់រដ្ឋាភិបាលបារាំងផង។ ដោយសម្តេចបានលើកឡើងងថា រឿងបោកប្រាស់បែបនេះ បានកើតឡើងច្រើនរួចមកហើយ ឯរដ្ឋាភិបាលបរទេសក៍ចាញ់បោកក្រុមនេះច្រើនហើយដែរ។

ចំណែកលោក គីម សួរភីរិទ្ធ អ្នកនាំពាកក្យគណបក្សភ្លើងទៀន មិនអាចសុំការអត្ថាធិប្បាយបានទេ ទាក់ទងករណីខាងលើនេះ ដោយទូរស័ព្ទចូលជាច្រើនដងមិនមានអ្នកទទួល៕
ដោយ៖ពលជ័យ

ads banner