អាជ្ញាធរខេត្តស្វាយរៀង ចុះដកបង្គោលនៅលើដីស្ថានីយដែលបានបោះបង្គោលចាប់យកដីដោយខុសច្បាប់របស់រដ្ឋចំនួន៥០ហិកតានៅស្រុករមាសហែក

អត្ថបទដោយ៖
CPA

ស្វាយរៀង៖ ក្រុមការងារចម្រុះនៃរដ្ឋបាលខេត្តស្វាយរៀងបានចុះដកបង្គោលនៅលើដីស្ថានីយដែលបានបោះបង្គោលចាប់យកដីនិងដាំដំណាំលើដីរបស់ស្ថានីយដាំកូនឈើក្រសាំងរបស់រដ្ឋ ចំនួន៥០ហិកតា និងដកកូនកៅស៊ូបានចំនួន ២៥០ដើមផងដែរ ក្រោយពីរដ្ឋបាលខេត្តធ្លាប់បានធ្វើការណែនាំ និងផ្សព្វផ្សាយច្បាប់អំពីការកាន់កាប់ និងអាស្រ័យផលលើដីព្រៃរបស់រដ្ឋជាច្រើនដងមកហើយ។

យោងតាមរដ្ឋបាលខេត្តស្វាយរៀងបានឱ្យដឹងនៅថ្ងៃទី១២ ខែមិថុនាថា ការចុះដកបង្គោលនេះបានធ្វើឡើងកាលពីថ្ងៃទី១១ ខែមិថុនា ដែលដឹកនាំដោយ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង ដែលបេសកកម្មនេះ ក៏មានការចូលរួមពីសំណាក់លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក និងក្រុមការងារថ្នាក់ស្រុក ឃុំត្រស់ និងអណ្តូងត្របែកនិងកងកម្លាំងទាំងបី និងសមត្ថកិច្ចពាក់ព័ន្ធ ប្រមាណ៧០ នាក់ផងដែរ។

លោក ម៉ែន អេង បានប្រាប់ឱ្យដឹងនៅថ្ងៃទី១២ ខែមិថុនាថា កន្លងមកមានប្រជាពលរដ្ឋមួយចំនួនបាននាំគ្នាទៅកាប់ឆ្ការដាំដុះដំឡូងកៅស៊ូ ដោយចាប់យកដីរដ្ឋ ចំការព្រៃឈើរបស់រដ្ឋ ដែលគ្រប់គ្រងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បែបអាណាធិបតេយ្យ ដោយពួកគាត់ជឿលើការញុះញង់របស់មេខ្យល់។

លោកបានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រុមការងារចម្រុះរបស់ខេត្តស្វាយរៀងកំពុងតែសម្អាតនៅទីតាំងទាំងនេះ និងបន្តដកបង្គោលចេញពីទីតាំងនោះ មិនទាន់ចប់នៅឡើយទេ ហើយការងារនេះដែរ យើងធ្វើឡើងដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន កុំឱ្យបន្តចាញ់បោកជនឆ្លៀតឱកាសមួយក្តាប់តូច ដែលតែងតែញុះញុង ឱ្យប្រជាពលរដ្ឋ ចាប់យកដីរដ្ឋដោយខុសច្បាប់។

ទាក់ទងនឹងការទន្ទ្រានយកដីរដ្ឋនេះដែរ នៅដើមសប្តាហ៍មុន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាឱ្យក្រសួងពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវចាត់វិធានការ និងបញ្ឈប់ជាបន្ទាន់នូវសកម្មភាពការកាប់ទន្ទ្រានព្រៃ និងការរំលោភយកដីរដ្ឋ ដែលសកម្មភាពទាំងនេះតែងតែកើតមានឡើងនូវក្នុងអំឡុងពេលឃោសនាបោះឆ្នោត។

សម្ដេចតេជោនាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា ៖ «ខ្ញុំសូមផ្តាំទៅតាមបណ្តាខេត្ត ឱ្យតែរដូវបោះឆ្នោតមកដល់គឺការទន្រ្ទានដីរដ្ឋ ការចាប់យកដីគេឯង គឺតែងកើតមានឡើងហើយ។ ឥឡូវនេះ កាប់ច្រើននៅខេត្តពោធិ៍សាត់ តាមដែលខ្ញុំដឹង ហើយមានខេត្តមួយចំនួនបានជូនព័ត៌មានមកថាមានក្រុមកាប់ដីតែម្តង ហើយកាលណាយើងទៅធ្វើសកម្មភាព គឺគេនឹងថតយកទៅបំផ្លាញយើងនៅពេលឃោសនាបោះឆ្នោត»។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ខ្លាំងៗដែរថា មិនត្រូវថ្នាក់ថ្នមក្រុមជនខិលខូច ដើម្បីការពារសន្លឹកឆ្នោតទេ តែត្រូវការពារធនធានធម្មជាតិ ការពារសណ្ដាប់ធ្នាប់សង្គមជាចាំបាច់។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ៖ «រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា មិនត្រូវការសន្លឹកឆ្នោតពីក្រុមមនុស្សខិលខូចដែលបំផ្លាញធនធានធម្មជាតិ បំផ្លាញសម្បត្តិជាតិ រំលោភយកដីរដ្ឋ ឬដីអ្នកដទៃនោះឡើយ»៕ ដោយ៖ គឹម យុត្ថារ៉ូ

ads banner