ចិនប្រឆាំងដាច់ខាតចំពោះការហាមឃាត់ការនាំចូលរបស់អាមេរិកលើក្រុមហ៊ុនចិន ជុំវិញបញ្ហាជនជាតិអ៊ុយហ្គួរ
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិនបាននិយាយកាលពីថ្ងៃចន្ទថា ក្រុងប៉េកាំងប្រឆាំងដាច់ខាតចំពោះការដាក់បញ្ចូលក្រុមហ៊ុនចិនចំនួនពីរបន្ថែមទៀត ទៅក្នុងបញ្ជីអង្គភាពដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង របស់សហរដ្ឋអាមេរិក ហើយហាមឃាត់ក្រុមហ៊ុនទាំងនោះមិនឱ្យធ្វើការនាំចូលទៅក្នុងប្រទេសរបស់ខ្លួន។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ក្រសួងបាននិយាយថា សកម្មភាពរបស់សហរដ្ឋអាមេរិក ខ្វះមូលដ្ឋានជាក់ស្តែង និងតម្លាភាព ដោយបន្ថែមថា ប្រទេសចិននឹងចាត់វិធានការចាំបាច់ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាស និងក្រុមហ៊ុនចិន។
ប្រតិកម្មយ៉ាងខ្លាំងៗយ៉ាងដូច្នេះរបស់ចិន ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានហាមឃាត់ការនាំចូលពីក្រុមហ៊ុនផលិតម៉ាស៊ីនបោះពុម្ព Ninestar Corp ដែលមានមូលដ្ឋាននៅចិននិងក្រុមហ៊ុនគីមីចិនមួយផ្សេងទៀត ជុំវិញការរំលោភសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង។
បើតាមនាយកដ្ឋានសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិក ( DHS) ក្រុមហ៊ុន Ninestar ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនបោះពុម្ពឡាស៊ែរធំជាងគេទី៤របស់ពិភពលោក និងក្រុមហ៊ុនគីមី Xingjang Zhongtai Chemical ត្រូវបានកាត់ចេញពីខ្សែសង្វាក់ផ្គត់ផ្គង់របស់សហរដ្ឋអាមេរិក ចំពោះការចូលរួមអនុវត្តអាជីវកម្ម ដែលកំណត់គោលដៅដោយរំលោភសិទ្ធិមនុស្សលើជនជាតិអ៊ុយហ្គួរ និងក្រុមភាគតិចដែលរងការធ្វើទុក្ខបុកម្នេញក្នុងប្រទេសចិនផ្សេងទៀត។
ជុំវិញការចោទប្រកាន់បែបនេះ ក្រុមហ៊ុនទាំងពីរ មិនបានចេញមុខធ្វើប្រតិកម្មភ្លាមៗ ឬយ៉ាងណានោះទេ។ នេះបើតាមរ៉យទ័រ៕ ដោយ៖ ហួន ឌីណា