ណាតូចាប់ផ្តើមសមយុទ្ធផ្លូវអាកាសដែលមិនធ្លាប់មានពីមុនមក ដើម្បីបង្ហាញកម្លាំងរបស់ប្លុក

ណាតូ៖ អង្គការណាតូនឹងចាប់ផ្តើមសមយុទ្ធដាក់ពង្រាយកងទ័ពអាកាសដ៏ធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន នៅថ្ងៃទី១២ ខែមិថុនា នេះ ដើម្បីជាការបង្ហាញកម្លាំងរបស់ប្លុកក្នុងការទប់ទល់នឹងការគំរាមកំហែងដែលអាចកើតមានឡើង ដូចជាពីរុស្ស៊ី។

សមយុទ្ធដឹកនាំដោយអាល្លឺម៉ង់ដែលមានឈ្មោះថា «Air Defender 23» នឹងដំណើរការរហូតដល់ថ្ងៃទី ២៣ ខែមិថុនា ដោយនឹងចូលរួមដោយយន្តហោះចម្បាំងប្រហែល ២៥០ គ្រឿងមកពីប្រទេសណាតូចំនួន ២៥ និងបណ្ដាប្រទេសដៃគូពីរផ្សេងទៀតរួមមាន ជប៉ុន និងស៊ុយអែត។

សមយុទ្ធដដែល មានកងកម្លាំងប្រមាណ ១០ ០០០ នាក់ចូលរួមនិងមានបំណងជំរុញអន្តរប្រតិបត្តិការ និងការត្រៀមលក្ខណៈដើម្បីការពារប្រឆាំងនឹងដ្រូននិងមីស៊ីលគ្រូសក្នុងករណីមានការវាយប្រហារលើទីក្រុង អាកាសយានដ្ឋាន ឬកំពង់ផែសមុទ្រ ដែលស្ថិតនៅក្នុងទឹកដីរបស់ណាតូ។

ឧត្តមសេនីយឯកនៃកងទ័ពអាកាសអាល្លឺម៉ង់លោក Ingo Gerhartz ដែលបង្ហាញផែនការសមយុទ្ធនេះកាលពីសប្ដាហ៍មុន បានថ្លែងថា សមយុទ្ធ «Air Defender 23» ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៨ ដើម្បីជាផ្នែកមួយក្នុងការឆ្លើយតបទៅនឹងការកាត់ទឹកដីគ្រីមៀរបស់រុស្ស៊ីក្នុងឆ្នាំ២០១៤ ប៉ុន្តែមិនដើម្បី «កំណត់គោលដៅ» លើប្រទេសណាមួយនោះទេ។

លោកបន្តថា ខណៈណាតូនឹងការពារទឹកដីរបស់ខ្លួនគ្រប់សង់ទីម៉ែត្រ សមយុទ្ធ «Air Defender 23» នឹងមិនបញ្ជូនយន្តហោះចម្បាំងទៅក្នុងទិសដៅនៃប្រទេសសត្រូវណាមួយនោះទេ។ លោកបន្តថា៖ «យើងជាសម្ព័ន្ធការពារ ហើយនោះជារបៀបដែលសមយុទ្ធត្រូវបានគ្រោងទុក»។

ចំណែកឯឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសអាល្លឺម៉ង់ លោក Amy Gutmann បាននិយាយថា សមយុទ្ធននឹងបង្ហាញពី «ភាពរហ័សរហួននៃកម្លាំងសម្ព័ន្ធមិត្តរបស់យើង» ហើយមានបំណងផ្ញើសារទៅកាន់ប្រទេសនានារួមទាំងរុស្ស៊ីផងដែរ។

គួរបញ្ជាក់ថា ការឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី ធ្វើឱ្យណាតូកាន់តែពួតដៃគ្នាផ្នែកយោធា តាមរយៈការបង្កើនសមយុទ្ធ និងការដាក់ពង្រាយទ័ពក្នុងប្លុក និងការបង្កើនកញ្ចប់ថវិកាយោធាផ្សេងៗជាដើម៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner