៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៧ពាន់ករណី (Video Inside)
ប្រទេសភាគច្រើនក្នុងអាស៊ាននៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះប្រទេសកម្ពុជាផងដែរ ក៏មានករណីឆ្លងថ្មីចំនួន ៧ករណីថែមទៀត ក្នុងរយៈពេល ៧២ ម៉ោងចុងក្រោយនេះ។ នេះជាករណីឆ្លងថយចុះមកវិញចំនួន ៥ករណី នៅកម្ពុជា បើប្រៀបធៀបនឹងសប្តាហ៍មុន។ សេចក្តីរាយការណ៍ពីក្រសួងសុខាភិបាលបានឲ្យដឹងថា ការឆ្លងទាំង ៧ករណីនោះ បានរកឃើញនៅថ្ងៃសៅរ៍ចំនួន ២ករណី, ថ្ងៃអាទិត្យមាន ៣ករណី និងនៅថ្ងៃច័ន្ទនេះ មាន ២ករណីផងដែរ។
តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ៧ពាន់ ៣៧១ករណី ដែលជាតួលេខឆ្លងបន្តថយចុះមកវិញច្រើនដល់ ៦ពាន់ ៧៩៥ករណី ធៀបនឹងការឆ្លងរយៈពេល ៣ថ្ងៃដូចគ្នាកាលពីសប្តាហ៍មុន។ ការឆ្លងក្នុងរយៈពេល ៧២ ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៨ប្រទេសនៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, ថៃ, វៀតណាម, មីយ៉ាន់ម៉ា, កម្ពុជា និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ២ពាន់ ៨២១ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលប្រទេសនីមួយៗមានការ ឆ្លងចំនួន ៧ករណី។ ប្រទេសសឹង្ហបុរី និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ៤៧នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងប្រទេសថៃ។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ២២ម៉ឺន ៥ពាន់ ២១៩ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ១០៦នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩០លានករណី, និងការស្លាប់មានជាង ៦លាន ៨៩ម៉ឺននាក់៕