រកឃើញសំបុកក្រពើភ្នំចំនួន ២១គ្រាប់ក្នុងជម្រកដីសើមនៃត្រពាំងពាង ខេត្តកោះកុង
ភ្នំពេញ៖ សត្វក្រពើភ្នំជាសត្វដ៏កម្រមួយប្រភេទក្នុងពិភពលោកត្រូវបានក្រុមអ្នកជំនាញប្រទះឃើញសំបុកពងរបស់វាចំនួន២១គ្រាប់ ក្នុងជម្រកដីសើមនៃត្រពាំងពាង ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ខេត្តកោះកុង។
ការប្រទះឃើញពងក្រពើភ្នំនាពេលថ្មីៗមកនេះពោលគឺក្នុងដើមខែមិថុនា ឆ្នាំ២០២៣ បន្ទាប់ពី ក្រុមការងារអភិរក្សក្រពើភ្នំនៃអង្គការ Fauna & Flora ក្នុងកិច្ចសហការជាមួយមន្ទីរបរិស្ថានខេត្តកោះកុង រដ្ឋបាលព្រៃឈើ និងសហគមន៍មូលដ្ឋាន ។
បើយោងតាមការចុះផ្សាយរបស់អង្គការ Fauna & Flora នៅថ្ងៃទី ១២ ខែ មិថុនា បានឱ្យដឹងថា ក្នុងសំបុកនោះមានពងចំនួន ២១គ្រាប់ ដែល១៧គ្រាប់បានបង្កកំណើតនោះ ត្រូវបានផ្លាស់ទីទៅកន្លែងមានសុវត្ថិភាព និងកំពុងត្រូវបានភ្ញាស់នៅក្នុងសំបុកសិប្បនិម្មិត ដើម្បីធានាសុវត្ថិភាព ខណៈដែលពងមិនបង្កកំណើតចំនួន ៤គ្រាប់ ត្រូវបានទុកនៅក្នុងសំបុកដើម។
សំបុកសិប្បនិម្មិតនោះ ត្រូវបានហ៊ុមព័ទ្ធ និងយាមពេញមួយថ្ងៃដោយសហគមន៍អភិរក្សក្រពើរបស់យើង ដើម្បីការពារពងពីគ្រោះថ្នាក់ផ្សេងៗ។ អង្គការFauna & Flora បានបញ្ជាក់ថា”យើងរំពឹងថាពងនឹងញាស់នៅពាក់កណ្តាលខែសីហាខាងមុខនេះ ហើយកូនក្រពើនឹងត្រូវលែងចូលទៅក្នុងធម្មជាតិវិញ ដើម្បីធានាថាពួកគេមានឱកាសរស់រានមានជីវិតខ្ពស់បំផុត”។
គួរបញ្ជាក់ថាក្រពើភ្នំ (Crocodylus siamensis) ជាប្រភេទសត្វជិតផុតពូជបំផុត និងគំរាមកំហែងដល់ការផុតពូជពីធម្មជាតិ។ ក្រពើភ្នំ ត្រូវបានរកឃើញមានវត្តមាន នៅប្រទេសកម្ពុជា ដោយការអង្កេតរបស់អង្គការ Fauna & Flora និងរដ្ឋបាលព្រៃឈើនៅតំបន់ជួរភ្នំក្រវាញក្នុងឆ្នាំ២០០០ ដែលជាទីជម្រកដ៏សំខាន់បំផុតសម្រាប់ប្រភេទនេះ។ ចំនួនក្រពើភ្នំសរុបទូទាំងពិភពលោក តាមការសិក្សាបានវាយតម្លៃថា មានចំនួនប្រហែល ១ពាន់ ក្បាល ក្នុងនោះ ប្រទេសកម្ពុជាមានវត្តមានក្រពើភ្នំជិត ៤០០ក្បាល ដូច្នេះការរកឃើញសំបុកក្នុងធម្មជាតិនេះ គឺជាព័ត៌មានដ៏គួរឱ្យរំភើបរីករាយ ៕ ដោយ ៖ ម៉ាដេប៉ូ




