រដ្ឋមន្រ្តីការបរទេស និងអភិបាលក្រុងម៉ិកស៊ិកចុះចេញពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតីនៅឆ្នាំ ២០២៤
ម៉ិកស៊ីកូ៖ ទាំងរដ្ឋមន្រ្តីការបរទេស និងអភិបាលក្រុងម៉ិកស៊ិក នៅថ្ងៃចន្ទនេះ បានប្រកាសលាលែងពីតំណែង ដើម្បីផ្តោតលើការឈរឈ្មោះជាបេក្ខជនប្រធានាធិបតីនៅឆ្នាំក្រោយ។
Read. រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក លោក ម៉ាសែលឡូ អ៊ីប្រាដ និងអភិបាលក្រុងម៉ិកស៊ិក លោកស្រី ក្លូឌៀ ហ្សែនប៉ុម បានប្រកាសរៀងៗខ្លួនថា ពួកគេនឹងចុះចេញពីតំណែង ពីព្រោះពួកគេចង់ក្លាយជាបេក្ខភាពរបស់គណបក្ស Morena ដើម្បីស្នងតំណែងប្រធានាធិបតីម៉ិកស៊ិក ពីលោក លោក អាន់ទ្រេស ម៉ានូអែល ឡូប៉េស អូប្រាដ័រ នៅក្នុងការបោះឆ្នោតនាខែមិថុនា ឆ្នាំ ២០២៤ខាងមុខនេះ។
លោកស្រី ហ្សែនប៉ុម អាយុ ៦០ឆ្នាំ មានដើមកំណើតប៊ុលហ្គារី និងលីទុយអានី បាននិយាយថា លោកស្រីចង់ក្លាយជាស្ត្រីដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលដឹកនាំជោគវាសនាប្រទេសម៉ិកស៊ិក និងថា ការលាលែងពីតំណែងរបស់លោកស្រី ចូលជាធរមាននៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ។
ចំណែកលោក អ៊ីប្រាដ អាយុ ៦៣ឆ្នាំ បាននិយាយថា ចាប់ពីថ្ងៃនេះទៅ ខ្ញុំនឹងលះបង់ខ្លួនឯងចំពោះកិច្ចការសំខាន់មួយទៀត ដោយសំដៅលើការងារនៃការជំរុញគោលនយោបាយឆ្វេងនិយមរបស់លោក ឡូប៉េស អូប្រាដ័រ។
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី សភា និងអភិបាលក្រុងម៉ិកស៊ិក នឹងប្រព្រឹត្តទៅនៅខែមិថុនា ឆ្នាំ ២០២៤។ គណបក្ស Morena គ្រោងនឹងជ្រើសរើសបេក្ខជនរបស់ខ្លួន តាមរយៈការស្ទង់មតិថ្នាក់ជាតិនៅចុងខែសីហា និងដើមខែកញ្ញាខាងមុខនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា


