ប្រមុខអង្គការសហប្រជាជាតិស្នើបង្កើតច្បាប់អន្តរជាតិ ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយបង្កឡើងពីបច្ចេកវិទ្យាទំនើប

អ.ស.ប៖ ប្រមុខអង្គការសហប្រជាជាតិបានអំពាវនាវឱ្យបង្កើតច្បាប់អន្តរជាតិ ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយតាមប្រព័ន្ធឌីជីថល ដែលបង្កឡើងពីការរីកចម្រើននៃបញ្ញាសិប្បនិមិត្ត (AI)។

Read. ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនូវឧបករណ៍បញ្ញាសិប្បនិមិត្ត (AI) រួមទាំង chatbots ម៉ាស៊ីនបង្កើតរូបភាព និងបច្ចេកវិទ្យាក្លូនសំឡេងជាដើម បានបង្កឱ្យមានការព្រួយបារម្ភជាសកល ក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនីញ៉ូ ហ្គូដទែរេស បាននិយាយថា រូបលោកគាំទ្រគំនិតបង្កើតស្ថាប័នឃ្លាំមើលបញ្ញាសិប្បនិមិត្ត (AI) ដែលស្រដៀងទៅនឹងទីភ្នាក់ងារឃ្លាំមើលថាមពលបរមាណូអន្តរជាតិ (IAEA) ប៉ុន្តែបានកត់សម្គាល់ថា មានតែរដ្ឋជាសមាជិកប៉ុណ្ណោះដែលអាចបង្កើតវាបាន មិនមែនលេខាធិការដ្ឋានអង្គការសហប្រជាជាតិទេ។

លោក ហ្គូដទែរេស បានប្រាប់សន្និសិទសារព័ត៌មានមួយថា ការរីកសាយនៃការស្អប់ និងការភូតកុហកនៅក្នុងលំហឌីជីថល កំពុងបង្កគ្រោះថ្នាក់ដល់ពិភពលោកយ៉ាងធ្ងន់ធ្ងរក្នុងពេលបច្ចុប្បន្ន។ បញ្ហានេះក៏កំពុងដុតបញ្ឆេះជម្លោះ ការកាប់សម្លាប់ និងការបំផ្លិចបំផ្លាញ ហើយថា វាក៏កំពុងគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សផងដែរ។

លោក ហ្គូដទែរេស បានសង្កត់ធ្ងន់ថា ក្រមប្រតិបត្តិរបស់អង្គការសហប្រជាជាតិសម្រាប់សុចរិតភាពព័ត៌មាននៅលើវេទិកាឌីជីថល កំពុងត្រូវបានបង្កើតឡើងនៅមុន “កិច្ចប្រជុំកំពូលនៃពេលអនាគត” (Summit of the Future) របស់អង្គការសហប្រជាជាតិ ដែលគ្រោងនឹងធ្វើឡើងនាឆ្នាំក្រោយនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner